ក្រសួងការពារជាតិថៃ កំពុងស្វែងរកការអនុម័ត ដើម្បីទិញនាវាមុជទឹកលើកដំបូង នៅក្នុងរយៈពេល៦៥ឆ្នាំនេះ

(បាងកក)៖ កងកម្លាំងទ័ពជើងទឹក ក្រោមក្រសួងការពារជាតិថៃ នឹងស្វែងរកការអនុម័តពីគណៈរដ្ឋមន្រ្តី ដើម្បីទិញនាវាមុជទឹករបស់ខ្លួនជាលើកដំបូង នៅក្នុងរយៈពេល ៦៥ ឆ្នាំ ចុងក្រោយនេះ។ នេះបើតាមសម្តីរដ្ឋមន្ត្រីការពារជាតិថៃ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១ ខែកក្កដានេះ។

លោក Prawit Wongsuwan រដ្ឋមន្ត្រីការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីដែរនោះ បានលើកឡើងថា នាវាមុជទឹកនោះ មានតម្លៃសរុប ១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាមួយនឹងការបង់ថ្លៃដែលនឹងធ្វើឡើងរយៈពេលជាង១០ឆ្នាំ។ លោកបន្តថា នាវាមុជទឹកប្រភេទ Yuan class S26T ដែលផលិតឡើងដោយប្រទេសចិន ជាលើកដំបូង នឹងត្រូវបានទិញដោយថៃ នៅក្នុងគម្រោងកញ្ចប់ថវិកាឆ្នាំ២០១៧។

សូមបញ្ជាក់ថា កងទ័ពជើងទឹកថៃ បានស្វែងរកក្នុងការទិញនាវាមុជទឹក អស់រយៈពេលជិត១ទសវត្សរ៏ហើយ បន្ទាប់ពីនាវាមុជទឹកចាស់របស់ខ្លួន លែងប្រើការបាននៅក្នុងឆ្នាំ១៩៥១៕

ប្រភពៈ VOD