លោក កឹម សុខា បញ្ជាក់ថា​ការបោះឆ្នោត​យុត្តិធម៌​គឺ​ទាល់តែ​ភាគី​ទាំងអស់​អាច​ទទួលយក​បាន​

ក្នុងជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា គោលជំហរ​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ការបោះឆ្នោត​មួយ​ដែល​ភាគី​ទាំងអស់​អាច​ទទួលយក​បាន ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយមាន​ការយោគយល់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ឈានទៅរក​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ សន្ដិភាព និង​ស្ថិរភាព​យូរអង្វែង​ក្នុងទិសដៅ​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​និង​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​សេចក្ដីសុខ​និង​ជីវភាព​រស់នៅ​សមរម្យ​ផង​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ទោះបី​គណបក្ស​ណា​ឈ្នះ​ក៏ដោយ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ​ដោយ​គ្មាន​ការគុំកួន​សងសឹក​គ្នា​។ លោក កឹម សុខា បាន​បញ្ជាក់ថា សារៈសំខាន់​នៃ​ការបោះឆ្នោត​គឺ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ឧទាហរណ៍ ប្ដូរ​ពី​ការចាកចោល​ក្រុមគ្រួសារ​ទៅធ្វើ​ការ​នៅ​ស្រុក​គេ​មក​ធ្វើការ​នៅ​ស្រុក​យើង​វិញ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ដើម្បី​បោះឆ្នោត​ទៅបាន​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៤​ចំណុច​គឺ​៖ ប្រជាពលរដ្ឋ​ត្រូវ​ទៅធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ -​ប្រជាពលរដ្ឋ ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត -​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត -​ប្រជាពលរដ្ឋ​ត្រូវ​ជួយ​ការពារ​សន្លឹកឆ្នោត​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ទាក់ទាញ​អ្នកវិនិយោគទុន​ល្អៗ​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ខ្ពស់​នៅក្នុង​ប្រទេស​។ លោក កឹម សុខា បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ​៕

13557666_1394721877211774_1535735448674631227_n 13567038_1394721907211771_4291625301354522854_n 13516543_1394721887211773_1343600001312913707_n