ឥទ្ធិពល​ស្រី​ថ្មី​ប្តី​ដេញ​ប្រពន្ធ​កូន​ទាំង​កណ្តាល​យប់

ឥទ្ធិពល​ស្រី​ថ្មី​ប្តី​ដេញ​ប្រពន្ធ​កូន​ទាំង​កណ្តាល​យប់



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​និង​កូនប្រុស​ស្រី​៣​នាក់ ដែល​មក​ពី​ស្រុក​កំណើត និង​ធ្វើការ​បាន​១០​ថ្ងៃ ត្រូវ​ប្ដី​ដែល​មាន​ស្រី​ថ្មី បណ្តេញ​ចេញពីផ្ទះ​ទាំង​យប់ ទៅ​ដេក​កណ្ដោចកណ្ដែង នៅ​រង្វង់​មូល​ចោម​ចៅ​អស់​មួយ​យប់ រហូត​ដល់
ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០១ កក្កដា ទើប​នាំ​កូន​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ សុំ​ឲ្យ​សប្បុរសជន​ជួយ​ជា​សោ​ហុយ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

ស្ត្រី​ដែល​ប្តី​ដេញ​ចេញពីផ្ទះ​ឈ្មោះ ឈ​ន ដា​វ៉ា​ន់ អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លិប​រី​លែ​ក​នៅ​ម្ដុំ​ផ្លូវ​២០១១ ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ក្លឹ​ប មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​អូ ឃុំ​ភ្នា​យ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក​ប្តី​ឈ្មោះ ម៉ុ​ន ស្វិត អាយុ​២៧​ឆ្នាំ ធ្វើការ​និង​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឹ ។ ប្ដី​ប្រពន្ធ​នេះ​មានកូន​៣​នាក់ (​កូនស្រី​២​នាក់ និង​កូនប្រុស​ម្នាក់ ) ដែល​កូនច្បង​ប្រុស​អាយុ​១០​ឆ្នាំ និង​ស្រី​ពៅ អាយុ​៤​ឆ្នាំ ។

តាម​សម្តី​របស់​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​ជា​កូនកំព្រា ធ្លាប់​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ផង​ដែរ ។ លុះ​ធំ​ពេញវ័យ​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី ក៏​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​បង្កើត​បានកូន​ប្រុស​ស្រី​៣​នាក់ ។

ដោយសារ​តែ​ជីវភាព​ក្រីក្រ កូន​របស់​នាង​ទាំង​៣​នាក់ មិន​បាន​ចូល​រៀនសូត្រ​ទេ ព្រោះ​កូនប្រុស​ច្បង​នៅ​មើល​ប្អូន ឯ​នាង​ទៅ​ធ្វើការ​រោងចក្រ ឯ​ស្រុក​កំណើត​។ ចំណែក​ប្តី​បាន​ចេញ​មក​ធ្វើការ​ជា​បុគ្គលិក​ក្លឹ​បរី​លែ​ក​នៅ​ភ្នំពេញ និង​ផ្ញើ​ឲ្យ​គាត់​បាន​តែ​៣០​ដុល្លារ​ទេ ក្នុង​មួយ​ខែ​សម្រាប់​ចាយវាយ គឺ​មិន​គ្រប់ ទើប​ប្តី​ហៅ​រូប​គាត់​ឲ្យ​មក​ធ្វើការ​នៅ​ភ្នំពេញ​ទាំងអស់​គ្នា ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា គាត់​មក​នៅ​ភ្នំពេញ​បាន​ធ្វើការ​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​បានឃើញ​ប្តី​មាន​ស្រី​ថ្មី​នៅ​នឹង​មុខ ហើយ​នាំ​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់​ទៀត ធ្វើ​ឲ្យ​គាត់​ជា​ប្រពន្ធ​មានចិត្ត​ប្រចណ្ឌ ហើយ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្តី ពេល​មេការ​ហាង​ឃើញ​ឈ្លោះប្រកែក​គ្នា​បែប​នេះ ក៏​បាន​បញ្ឈប់​ការងារ​នាង ដោយ​មិន​អោយ​ប្រាក់ខែ​ទេ ។

ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​ជួល ត្រូវ​ប្តី​និង​ម្តាយក្មេក បាន​បណ្តេញ​នាង និង​កូន ឲ្យ​ចេញពីផ្ទះ​ទាំង​គ្មាន​លុយ​មួយ​រៀល​ជាប់​នឹង​ខ្លួន  ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្តី​បណ្តេញ​ចេញពីផ្ទះ​ទាំង​យប់ រូប​នាង​ជា​ម្ដាយ​បាន​នាំ​កូន​ទាំង​៣​នាក់ ដើរ​ចេញពីផ្ទះ​ទៅ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ក្បែរ​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ឃើញ​អាណិតកូន​តូច​ៗ​បាន​ទិញ​ធូបមូស​យក​មក​អុជ​ដាក់​ឲ្យ​កុំ​ឲ្យ​មូស​ខាំ រហូត​ដល់​ទៀប​ភ្លឺ អ្នក​រត់​ម៉ូតូឌុប​ក៏​បាន​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

ស្ត្រី​ទាល់ច្រក​និង​កូន​ទាំង​៣​នាក់ បាន​លើកដៃ​សំពះ​សុំ​សប្បុរសជន​ទាំងអស់ មេត្តា​ជួយ​ជា​ប្រាក់​តាម​លទ្ធភាព គ្រាន់​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ​ផង ព្រោះ​គាត់​អត់​មាន​លុយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ​ទេ ។ សប្បុរសជន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​របស់​ស្ត្រី​ខាងលើ​លេខ ០៩៦ ៦៨ ៩៣ ៥៥៤ ដើម្បី​ដាក់​ទាន​ផង ដូច​ជួយ​សត្វលោក​កំពុង​លង់ទឹក​ទៅ​ចុះ ៕