ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី



មណ្ឌលគិរី ​៖ ​អ្នក​ជំងឺ​គ្រុនឈាម ក្មេង​ចាស់​ជាច្រើន​មកពី​ក្រុង ស្រុក ស្ទើរ​ទូទាំង​ខេត្ត​មណ្ឌលគិរី​កំពុង​បញ្ជូន​មកកាន់​ពេទ្យ​បង្អែក​ខេត្ត​កាន់តែ​ច្រើន​ឡើង​ៗ​ រីឯ​ការ​ថមថយ​ហាក់​បី​នៅ​មាន​កម្រិត​ទាប។

ជំងឺ​គ្រុន​ឈាម​កំពុង​បន្ត​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ស្ទើរ​​ប្រកាស​អាសន្ន នៅ​មណ្ឌលគិរី​គ្រា​ ដែល​មនុស្ស​ក្មេង​ចាស់​ជាច្រើន​ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្ត​ និង​តាម​ពេទ្យ​ឯកជន​នានា​ក្នុង​តំបន់​នេះ​ ស្ទើរ​រក​កន្លែង​សម្រាក​គ្មាន ​ហើយ​ករណី​មួយ​នេះ​ កំពុង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត។

លោក​សៀ សុខ​មៀង​ ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ​ខែ​កក្កដា​​​ថា​ ជំងឺគ្រុនឈាម​ពិតជា​បាន​និង​កំពុង​កើត​មាន​មក​លើ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត​ពិត​ប្រាកដ​មែន​ ព្រោះ​អគារ​ព្យាបាល​ស្ទើរតែ​រក​កន្លែង​សម្រាក​មិន​បាន។ ជំងឺគ្រុនឈាម​ឆ្នាំនេះ​វា​ហាក់​បី​មានការ​ផ្ទុះ​ឡើង​យ៉ាង​ច្រើន​ករណី​មែនទែន ខុសគ្នា​ពី​បណ្ដា​ឆ្នាំ​មុន​ៗ​ ដែល​ជំងឺគ្រុនឈាម​នេះ​មាន​ចំនួន​តិចតួច​បំផុត។ តែ​ទោះបី​ជំងឺ​នេះ​កំពុង​ផ្ទុះ​ឡើង​ច្រើន​ករណី​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​គឺ​ពុំ​ទាន់​មាន​ច្រើន​ករណី​នៅឡើយ​ទេ មាន​ស្លាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ​នៅ​ស្រុក​ពេជ្រា​ដា តែ​ពេល​អត្រា​ថមថយ​ចុះ​ហាក់បី​ នៅ​មាន​កម្រិត​តិច​នៅឡើយ។

លោក​ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ​​បញ្ហា​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ច្រើន​​ ​អាច​កើតឡើង​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ និង​មកពី​ការ​ចម្លង​មកពី​សត្វ​មូស​ម្យ៉ាង​ខាំ។ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការ​យល់ដឹង​ឲ្យ​បាន​ខ្ពស់​បំផុត​អំពី​វិធី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​ទាំងនេះ ដូចជា ត្រូវ​ធ្វើ​អនាម័យ​ខ្លួន កាប់ឆ្ការ​ព្រៃ​ជុំវិញ​ផ្ទះសម្បែង លុបថ្លុក របស់​​ ​ដែល​ដក់​ទឹក​ដែល​ជា​ជម្រក​សត្វ​មូស​បង្ក​​ពង កូន​ឲ្យ​បាន​ស្អាត។

លោក​ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជំងឺគ្រុនឈាម​នេះ​មាន​មែន​តែ​បាន​កើតមាន​តិចតួច។ មហាជន​នានា​ទូទាំង​ខេត្ត​មណ្ឌលគិរី​មិន​ពេញចិត្ត​​ចំពោះ​ការ​លើកឡើង​របស់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​ ​​​​បែបនេះ​ឡើយ​ គ្រា​ដែល​ពេលនេះ​អ្នកជំងឺ​ជាច្រើន​នាក់​ទាំង​ក្មេង​ទាំង​ចាស់​កំពុង​ត្រូវ​បាន​បញ្ជូន​មកកាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​ពេទ្យ​ឯកជន​ស្ទើរតែ​រក​កន្លែង​សម្រាក​គ្មាន​ហើយ​នោះ។ មហាជន​បាន​លើក​ឡើង​ថា ការ​លើកឡើង​បែបនេះ​ហាក់​បី​ប្រធាន​មន្ទីរ​រូប​នោះ​មិនបាន​បើកភ្នែក​មើល​អ្នកជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ឡើយ។

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា​​ថា ជំងឺ​នេះ​គឺ​ពិតជា​បាន​កើតឡើង​ច្រើន​ករណី​ពិតមែន​ទៅលើ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​​នៅ​ឆ្នាំនេះ ហើយ​លោក​អភិបាលខេត្ត​បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ​មេត្តា​ធ្វើ​យ៉ាងណា​ពិនិត្យ​ និង​ជួយ​ព្យាបាល​ដល់​អ្នកជំងឺ​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រួមមាន ដូចជា មន្ត្រី​សុខាភិបាល មន្ត្រី​គ្រប់​ក្រុង ស្រុក និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ផង​ដែរ​ ចូលរួមគ្នា​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​ពួកគាត់​យល់ដឹង​ពី​វិធី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​ប្រភេទ​នេះ​ ដែល​កំពុង​រាតត្បាត​ដល់​បងប្អូន​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៅ​ទៀ​សូម​មន្ត្រីៗ​ជំនាញ​ជាពិសេស​ប្រធានៗ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ហ៊ាន​ទទួលស្គាល់​ការពិត ​ដែល​បាន​កើត​ឡើង​ជៀសវាង​បង្រួម​នៃ​ករណី​ដែល​បាន​កើតឡើង​ដើម្បី​តែ​ខ្លួនឯង​ល្អ។ ម្យ៉ាងវិញទៀត​លោក​អភិបាល​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ៗ ​និង​មន្ត្រី​ក្រុង ស្រុក​ទូទាំង​ខេត្ត​សូម​មេត្តា​កុំ​មានការ​ស្ពឹក​ស្រពន់​ពេក ដូចជា​ការ​ចុះ​ធ្វើការ​ណែនាំ​ដល់​បងប្អូន​បន្ថែម​ទៀត នៅ​តាម​គោលដៅ​សំខាន់​ ដែល​មាន​ជំងឺ​នេះ​កំពុង​រាតត្បាត។

លោក​អភិបាល​បាន​ធ្វើការ​សង្កត់ធ្ងន់​ទៅលើ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ថា ​សព្វ​ថ្ងៃ​នេះ​ មន្ទីរ​មួយ​នេះ​ហាក់បីដូចជា​ព្រលែង​ចោល​ការងារ​របស់​ខ្លួន​ទៅ​ហើយ​ ពោល​គឺ​ហាក់បីដូចជា​មិនសូវ​ខ្វល់ខ្វាយ​ពី​បញ្ហា​សំរាម​ជាដើម ព្រោះ​នៅ​ឆ្នាំនេះ​ថវិកា របស់​ជាតិ​បាន​ទម្លាក់​មក​ឲ្យ​មន្ទីរ​យ៉ាង​ច្រើន​ដើម្បី​ចាត់ចែង​លើ​ការថែទាំ​ដល់​បញ្ហា​អនាម័យ​ហ្នឹង៕
ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី

ជំងឺ​គ្រុន​ឈាម​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី