រឿង​ចាក់ក្រឡេក សម្តេច​តេ​ជោ​ចោទសួរ​ថា តើ​អ្នក​ចាក់ក្រឡេក​និង​អ្នក​ភ្ញាក់ នរណា​ខុស ?

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ខ្លាំង​ៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ ដែល​សាធារណ​មតិ​មើលឃើញ​ថា ជា​ការ «​បាញ់​» ទៅ​លើ​លោក កឹ​ម សុខា ដែល​ពេល​នេះ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តី​ធ្ងន់​ៗ​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ​បកស្រាយ​ក្នុង​សង្កថា កាលពី​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ​នៅ​អាង​ទឹក​អន្លង់​ជ្រៃ ភូមិ​អន្លង់ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

សម្តេច​តេ​ជោ​ពន្យល់​ពី​ការ​ថ្លែង​ទៅ​កាន់​លោក កឹ​ម សុខា ដោយ​មិន​ចំ​ឈ្មោះ​ថា ខ្ញុំ​សូម​ផ្តាំ​លោក ខ្ញុំ​មើល​រ៉​យ​ទ័​រ​ដែល​សម្ភាសន៍​គេ​ថា​លោក ហ៊ុន សែន ភ័យ​អា​អ្នក​នៅ​កន្លែង​អា​៤​ជ្រុង ។ ចេញ​មក មិន​ទាន់​ដល់​ម៉ោង​ទេ លោក​ឯង​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់ឆ្នោត តែ​សុំ​ផ្តាំ​ទៅ​លោក​ឯង ជាប់គុក​មិន​មាន​ថ្ងៃ​ចេញ​រួច​ទេ អា​គុក​កុំ​ព្រហើន​ណ៎ា​! ។

សម្តេច​តេ​ជោ​បាន​លើក​ឧទាហរណ៍​ដោយ​យក​លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី និង​លោក​ទេស​រដ្ឋមន្ត្រី ច័ន្ទ សា​រុន ។ លោក​ឧបនាយករដ្ឋមន្ត្រី​ទៅ​ចាក់ក្រឡេក​លោក​ទេស​រដ្ឋមន្ត្រី រួច​ក៏​ភ្ញាក់​វាសដៃ​មក​បាក់​ធ្មេញ​...​។ សម្តេច​សួរ​ថា តើ​អ្នក​ចាក់ក្រឡេក​ខុស ឬ​ក៏​អ្នក​ភ្ញាក់​ជា​អ្នក​ខុស​។ ចម្លើយ អ្នក​ចាក់ក្រឡេក​ជា​អ្នក​ខុស (​កត់ត្រា​មួយ​) ។

សម្ដេច​លើក​ឧទាហរណ៍​មួយទៀតៈ មនុស្ស​ពីរ​នាក់​កំពុង​តែ​ដើរ​ស្ងៀមស្ងាត់ ម្នាក់​ឃើញ​ម្នាក់​ដើរ​ហើយ​បាន​ថ្លែង​ថា ឯង​ជិត​ងាប់​ហើយ​។ ម្នាក់​ទៀត​ដែល​ដើរ​ជាមួយ​ឆ្លើយ​មក​វិញ ស្អី​អា​គុក​! សូម​សួរ​ថា តើ​អ្នកស្រែ​កថា​ឯង​ជិត​ងាប់​ហើយ និង​អ្នក​ដែល​តប​មក​វិញ​អ្នក​ណា​ជា​អ្នក​ខុស? គឺ​អ្នក​ញោះ​គេ​ថា​ជិត​ងាប់​ជា​អ្នក​ខុស ។ កត់ត្រា​មួយទៀត ។ ដូច្នេះ​ហើយ​ក្នុង​ករណី​នេះ​កុំ​តែ​បង្កហេតុ តើ​អ្នក​នោះ​គេ​តវ៉ា​ឬអី ? នេះ​សច្ចធម៌ ព្រោះ​រឿង​នេះ​មាន​កើតឡើង សុខ​ៗ​ញោះ​ចាក់ក្រឡេក​គេ​ដល់​គេ​ភ្ញាក់​វាសដៃ​ដល់​បាក់​ធ្មេញ ។ ដល់​បាក់​ធ្មេញ​ដួល​ម្នាក់​នឹង​ទៅ​ដួល​ប៉ុន្មាន​នាក់​ទៀត​នៅ​ព្រៃ​ស ។ នេះ​ហើយ​សុខ​ៗ​ទៅ​បង្កហេតុ​ដល់​គេ​ភ្ញាក់​មួយ​កម្លាំង​កែង​ទៅ ខ្លះ​កែង​ធំ ខ្លះ​កែង​តូច ។

សម្តេច​បាន​លើក​ជា​សំណួរ​ថា មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​ត្រឹមត្រូវ ដល់​គេ​ចោទ​ថា ប្រពន្ធ​គាត់​ជា​ស្រីពេស្យា​ស្រីខូច ហើយ​គាត់​តបត​ត្រឡប់​ទៅ​វិញ តើ​អ្នក​ណា​ខុស ? ចម្លើយ​អ្នកចោទ​ខុស ។ សូម​កត់ត្រា​ទៀត ។ ព្រោះ​ករណី​នេះ​មាននៅ​ស្រុក​ខ្មែរ ។ ពាក្យ​បូញ​មាត់​បត់​ដុំដៃ​នេះ កើត​មាន​ហើយ អ្នក​នេះ​ក្លែងក្លាយ អ្នក​នេះ​អ៊ីចេះ អ្នក​នោះ​អ៊ីចុះ មិន​ធ្វើ​ខ្លួនឯង​ទេ​ឱ្យ​គេ​ធ្វើ ដល់​ទៅ​ទាំងអស់​ទៅ វា​ដូច្នេះ​អ៊ីចឹង ។ មាន​គតិ​លោក​ផង មានរឿង​ជាក់ស្តែង​ផង ។ ចុះ​ព្រះសង្ឃ​មិន​ធ្វើ​ខ្លួនឯង ប្រើ​កូនសិស្ស តើ​មាន​បាប​ឬ​អត់ ? សំឡេង​អ្នកចូលរួម​បាន​ឆ្លើយ​ព្រម​ៗ​គ្នា​ថា «​បាប​» ។ ចុះ​តា​និង​ដូនជី​ប្រើ​ចៅ​ឱ្យទៅ​យក​សជី​ដើម្បី​ឱ្យ​ចៅ​ទៅ​កាច់ក​ត្រី បាប​ឬ​អត់ ? ចម្លើយ​ជា​រួម​ឆ្លើយ​ថា​បាប ៕