ថូផ្កាលំអផ្ទះ​១គូ ផ្តាច់ជីវិត​ក្មេង​ប្រុស​ម្នាក់​

ខេត្ត​មណ្ឌលគិរី ៖ ​ក្មេង​ប្រុសម្នាក់​​ស្លាប់​ភ្លាម​ៗ​​ខណៈ​​​កំពុង​អង្គុ​យ​​​លេង ស្រាប់​​​ថូផ្កា​​យក្ស​ដួល​សង្កត់​ពីលើ​យ៉ាងរន្ធត់​ជា​ទីបំផុត ដែល​ក្រុម​ក្រុម​គ្រួសារ និង​​អ្នក​ជិតខាង​ឃើញ​ហើយ នឹក​ស្មាន​មិន​ដល់សោះ ដែល​ករណី​នេះ​ ​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី០​១ កក្កដា ២០១៦ ស្ថិតនៅ​​ផ្ទះ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​។

ប្រភពឱ្យ​ដឹងថា កុមារ​រង​គ្រោះ​​ឈ្មោះ​​សុង លាង​ឃុន អាយុ​៨​ឆ្នាំ ភេទ​ប្រុស មាន​ឪពុក​ឈ្មោះប៉ោង ទ្រី និងម្តាយ​ឈ្មោះ​គឹ​ម អេ​ង ជា​អ្នក​លក់​​គ្រឿង​សំណង់​។

ប្រភព​បន្ត​​​ថា មុន​កើតហេតុ​ គេ​ឃើញ​កុមារ​រង​គ្រោះ​បាន​​រត់​លេង​ក្នុងផ្ទះ​ និង​​​យក​អង្រឹង​ទៅ​ចង​ភ្ជាប់ថូ​ផ្កា​​យក្ស​ធំ​ៗ​មួយគូ ​ដែល​ឪពុក​​ម្តាយ​​បាន​ដាក់​តាំង​​​ក្នុងផ្ទះ ។ ​ពេល​យោល​លេង​ទៅ​មក ស្រាប់តែ​​ថូផ្កា​នោះ​បាន​ដួល​ទាំង​ពីរ​សង្កត់លើ​ក្មេង​រង​គ្រោះ​ស្លាប់​ភ្លាម រកតែ​ជួយ​សង្គ្រោះ​មិន​ទាន់​ផង ​។

​អ្នក​ឃើញ​ហេតុការណ៍​​និយាយ​ថា នេះ​ជា​ការ​ធ្វេស​​ប្រហែស​មួយ​ របស់​ឪពុកម្តាយ​ បាន​ទិញ​គ្រឿង​សង្ហា​រឹម​ដាក់​តាំង​​លំអ​ផ្ទះ ​តែ​ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន បានជា​កើត​មាន​​​រឿងបែប​នេះ ។ ដ្បិត​​គ្រឿង​សង្ហា​រឹម​​ដែល​ធ្វើ​ពី​ឈើប្រណីតទាំងនោះ ភាគច្រើន​មាន​ទម្ងន់​ធ្ងន់​ៗ​ណាស់ ប្រហែស​តែ​បន្តិច ​នឹង​មានរឿង​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​កើតឡើងហើយ​ ។