ឃាត់​ខ្លួន​មុខ​សញ្ញា​ម្នាក់​ និង​ថ្នាំញៀន​រួម​ទាំង​គ្រាប់​កាំភ្លើង​ខ្លី​៦​គ្រាប់​បញ្ជូន​ទៅ​តុលាការ

ឃាត់​ខ្លួន​មុខ​សញ្ញា​ម្នាក់​ និង​ថ្នាំញៀន​រួម​ទាំង​គ្រាប់​កាំភ្លើង​ខ្លី​៦​គ្រាប់​បញ្ជូន​ទៅ​តុលាការ



កំពង់ចាម ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ធ្វើ​ការ​ឃាត់ខ្លួន​ជាក់ស្ដែង​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ចំនួន​៩​កញ្ចប់​កាលពី​ថ្ងៃ​ទី​១ ខែ​​កក្កដា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ភ្នំ​មន្ទីរ​ ឃុំ​ព្រែ​កក់​ ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម។

លោក​ប៉ាក​ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ត្រូវ​ចាប់ខ្លួន​ជាក់ស្ដែង​មានឈ្មោះ ម៉ៃ​ដា​រ៉េ​ន ភេទ​ប្រុស​អាយុ​៣៧ ​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក​អធិការ​បាន​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១ ខែ​​កក្កដា​ ឆ្នាំ​២០១៦ ​សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ញុះញង់​ឲ្យ​កម្លាំង​ភ្នាក់ងារ​ទាក់ទង​ទិញ​ថ្នាំញៀន​ពីមុខ​សញ្ញា​ខាង​លើ១​កញ្ចប់​តម្លៃ​៤៨៤០០រៀល។

នៅ​ពេល​ប្រគល់​ទទួល​ប្រាក់​រួច​សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ក្រសោប​ចាប់​មុខសញ្ញា​ និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​ និង​ប្រាក់​ញុះញង់​ចំនួន​៤៨៤០០រៀល៛។

បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ធ្វើការ​ឆែកឆេរ​លំនៅឋាន​រក​ឃើញ​កាំភ្លើង​ជ័រ​ចំនួន​១​ដើម​ និង​គ្រាប់​កាំភ្លើងខ្លី​K54​ចំនួន​៦​គ្រាប់។

លោក​អធិការ​បញ្ជាក់​ថា​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ថ្នាំញៀន​ និង​គ្រាប់កាំភ្លើង​ត្រូវ​បាន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិ​វិធី​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕