បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ កើតឡើង​យ៉ាង​រាលដាល​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​សកម្មភាព​ឆក់​ត្រី និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ កំពុង​រាលដាល​កាន់តែខ្លាំង ហើយ​ទាំង​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ឃុំ​សណ្ដាន់ និង​ឃុំ​កំពង់ចាម ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​ត្រី​ពង​នេះ គឺ​ត្រី​ក្អែក ត្រី​ឆ្កោក និង​ត្រី​គ្រំ​ជាដើម មានតម្លៃ​ខ្ពស់ ហេតុនេះហើយ​ទើប​មាន​ទូក​នេសាទ​របស់​ជនល្មើស​ដែលជា​ជនជាតិខ្មែរ និង​ជនជាតិ​យួន ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ជនជាតិ​យួន​និង​ជនជាតិខ្មែរ បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងយប់​ទាំង​ថ្ងៃ​ចាប់ពី​៤០​ទូក​ទៅ​៥០​ទូក ហើយ​ចាប់​ត្រី​និង​ឆក់​ត្រី​តាម​អន្លង់​នៅក្នុង​ទន្លេ​នៃ​ឃុំ​កំពង់ចាម ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​នគរបាល ឬ​កងរាជអាវុធហត្ថ​បង្ក្រាប​ទាល់តែសោះ​។ ចំណែក​ប្រជា​នេសាទ​ដែល​ប្រើ​ឧបករណ៍​ស្របច្បាប់​មិនអាច​ចាប់​ត្រី​បានទេ ព្រោះ​ក្រុម​ជនល្មើស​ជនជាតិខ្មែរ និង​ជនជាតិ​យួន កំពុង​បំផ្លាញ​ធនធាន​ត្រី​ក្នុង​តំបន់​អភិរក្ស​ត្រី​ពូជ​យ៉ាង​មហន្តរាយ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​បាន​ឲ្យ​ដឹងថា បទល្មើស​ព័ទ្ធ​មង​ចាប់យក​ត្រី​និង​បទល្មើស​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​ត្រី​ពូជ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ការដែល​ក្រុម​ជនល្មើស​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​មន្ត្រីរដ្ឋបាល​ជលផល​ខ្លះ​ទទួល​សំណូក​ពី​ក្រុម​ជនល្មើស ហើយ​បើ​មាន​សមត្ថកិច្ច​ស្ថាប័ន​ផ្សេង​ចុះទៅ​បង្ក្រាប គឺ​មន្ត្រីរដ្ឋបាល​ជលផល​ផ្ដល់ព័ត៌មាន​ទៅ​ឲ្យ​ក្រុម​ជនល្មើស​គេចចេញ​ពី​កន្លែង​ដែល​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ភ្លាមៗ​តែម្តង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ត្រី​ដែល​គេ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់បាន​ដូចជា ត្រី​ឆ្កោក ត្រី​ក្អែក និង​ត្រី​គ្រំ​ធំៗ ត្រូវគេ​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​តំបន់​ផ្សេង​ដែលមាន​តម្លៃ​ខ្ពស់​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​ចាប់​ត្រី​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ គឺជា​ការបំផ្លាញ​ធនធាន​មច្ឆជាតិ​ឲ្យ​វិនាស​សាបសូន្យ​៕

k-fish-k1-500x363 k-fish-k-500x281