មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​គ្មាន​នរណា​ប៉ះពាល់​

អំពើពុករលួយ​របស់​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានដឹង​ឮជា​សាធារណៈ​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ទាំង​លោក គុណ ញឹម និង​លោក អូន ព័ន្ធមុនីរ័ត្ន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្ដោយ​ឲ្យ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ នោះឡើយ​។

តាម​ប្រភពពី​តំណាង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​លោក ហ៊ី​វ សុធា​រិ​ទ្ធ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម ហើយ​សូម្បីតែ​ការ​នាំចូល​ទំនិញ​វិនិយោគ​ក៏ត្រូវ​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹងថា​លោក ហ៊ី​វ សុធា​រិ​ទ្ធ តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដល់​៧៥​ដុល្លារ នេះ​សម្រាប់​ឯកសារ​ត្រឹមត្រូវ​ដែល​គ្មាន​កំហុស​។ ចំណែក​ឯកសារ​ដែលមាន​ស្នាម​កោស​លុប​ត្រូវ​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក ហ៊ី​វ សុធា​រិ​ទ្ធ តម្រូវ​ឲ្យ​បង់លុយ​ស្រេច​តែ​អំពើ​ចិត្ត លើស​នេះ​ទៅទៀត​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ទាក់ទង​ទៅនឹង​អំពើពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​នោះដែរ ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ជាច្រើន​កន្លែង​តាម​ការកំណត់​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ​។ ប្រសិនបើ​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ប្រាកដជា​ត្រូវ​ខាត​ពេលវេលា​កកស្ទះ​ទំនិញ​ចៀស​មិន​ផុត​ឡើយ ហេតុនេះហើយ​ទើប​ពួកគេ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​ជាបន្ទាន់​។ ជាងនេះទៅទៀត​លោក អូន ព័ន្ធមុនីរ័ត្ន គួរពិនិត្យមើល​ករណី​លោក ហ៊ី​វ សុធា​រិ​ទ្ធ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដូច​សព្វថ្ងៃនេះ​ទៀត​៕

Monirat-1លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ KA-30-06-2016-10