​ធនាគារ​ADB គាំទ្រ​ដល់​សង្គម​ស៊ីវិល ផ្តល់​ថវិកា ១,៤ លាន​ដុល្លារ ឆ្លើយតប​ការប្រែប្រួល​ធាតុ​អាកាស​

ភ្នំពេញ:
អង្គការ​សង្គម​ស៊ីវិល ក្នុងប្រទេស​កម្ពុជា នឹង​ទទួលបាន​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជួយ​ដល់​សហគមន៍ ក្នុង​ការឆ្លើយតប​ចំពោះ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ​ធម្មជាតិ តាមរយៈ​គម្រោង​គាំទ្រ​ដល់​សង្គម​ស៊ីវិល ដែល​ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១​ខែកក្កដា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៦ ថា គម្រោង ដែល​ទទួលបាន​ថវិកា​គាំទ្រ​ពី​កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ក្រោម​មូលនិធិ​វិនិយោគ​អាកាសធាតុ​នេះ នឹង​ផ្តល់​ថវិកា​ចំនួន ១,៤ លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ជំនួយ​ខ្នាត​តូចៗ សម្រាប់​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៩ ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅនឹង​អាកាសធាតុ ក្នុង​ប្រតិបត្តិការ ការងារ​របស់​ពួកគេ​។ អង្គការ​ទាំងនេះ នឹង​អនុវត្ត​គម្រោង​កាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ​តាម​សហគមន៍ ក្នុង​វិស័យ​ជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការគ្រប់គ្រង​ធនធាន​ទឹក ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ អប់រំ និង​សុខភាព ក៏ដូចជា​លើកកម្ពស់​ការការពារ​បរិស្ថាន ក្នុង​ខេត្ត​ចំនួន ១៧ ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក Ancha Srinivasan អ្នកឯកទេស​ខាង​ការប្រែប្រួល​អាកាសធាតុ នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB មានប្រសាសន៍ថា “​គម្រោង​គាំទ្រ​ដល់​សង្គម​ស៊ីវិល​នេះ នឹង​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ឲ្យបំពេញ​តួនាទី​កាន់តែ​ធំ​ជាង​មុន ដើម្បី​លើកកម្ពស់​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា ឆ្លើយតប​ចំពោះ​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​”​។ លោក​បន្តថា “​ចូលរួម​ក្នុង​កម្រិត​ខ្ពស់​ពី​សហគមន៍ ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​បន្ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ចូលរួម​អនុវត្ត​សកម្មភាព​ទាំងនេះ និង​ធានា​ឲ្យមាន​និរន្តរភា​ព ដោយសារ​តែ​វា​ផ្តល់​ឲ្យ​សហគមន៍​នូវ​ភាពជា​ម្ចាស់​ក្នុង​កម្រិត​ខ្ពស់​”​។​

​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ នឹង​ធ្វើ​ការសិក្សា​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ជួយ​សហគមន៍​ឲ្យ​យល់​ពី​ប្រភព​សំខាន់ៗ ដែល​នាំឲ្យ​មាន​ភាព​ងាយ​រងគ្រោះ និង​ឳ​កាស ដើម្បី​ឲ្យមាន​ការ​បន្ស៊ាំ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បង្កើត​ចំណេះដឹង​អំពី​វិធីសាស្ត្រ ដែល​គេ​អាច​យកមក​ប្រើប្រាស់ សម្រាប់​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​គេ​រំពឹងថា គម្រោង​នេះ នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ១១២.០០០ នាក់ មក​ពី​ជាង ២១.០០០ គ្រួសារ រួម​នឹង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា កសិករ ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង ស្ត្រី កុមារ ក្រុម​បាត់បង់​ឳ​កាស និង​ជនជាតិដើម​ភាគតិច មកពី​ខេត្ត​ទាំង ១៧​។ គម្រោង​នេះ​នឹង​ចាត់ចែង​អនុវត្ត​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ គឺ​អង្គការ Plan International Cambodia ក្រោម​ការណែនាំ​ពី​ក្រសួង​បរិស្ថាន និង ADB ។​

​ប្រទេស​កម្ពុជា គឺជា​ប្រទេស​នៅ​តំបន់​មេគង្គ​តែមួយគត់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យចូល​រួម​ក្នុង​កម្មវិធី​សាកល្បង សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ដែល​មាន​ថវិកា ១,២ ពាន់​លាន​ដុល្លារ ក្នុង​គោលបំណង​ធ្វើ​ការបញ្ជ្រាប​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ទៅ​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍ​។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ កាលពី​ឆ្នាំ ២០១១ ADB បាន​ជួយ រដ្ឋាភិបាល​កម្ពុជា​រៀបចំ​កម្មវិធី​យុទ្ធសាស្ត្រ សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ដោយ​មាន​ថវិកា ៥៨៥ លាន​ដុល្លារ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៨ និង​គម្រោង​ជំនួយ​បច្ចេកទេស​ចំនួន ១ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបង្កើន​ឳ​កាស ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅនឹង​អាកាសធាតុ ទៅ​ក្នុង​វិស័យ​កសិកម្ម គ្រប់គ្រង​ធនធានទឹក ផ្គត់ផ្គង់​ទឹក  អនាម័យ ដឹកជញ្ជូន  និង គមនាគមន៍​៕S/S