ហ៊ុន សែន៖ «អាគុក» ជា​ភាសា​សមញ្ញ

នៅចំពោះការភ្ញាក់ផ្អើល ទាក់ទងនឹងការប្រើ​ពាក្យសំដី​ជេរប្រទេច «អាគុក ចុយ អាម៉ឹង» របស់​លោក ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បានវិលមក​បកស្រាយ​វិញ​ថា ពាក្យ​«អាគុក»​សម្រាប់​លោក ជា​ភាសា​សមញ្ញ​របស់​ពលរដ្ឋ​ខ្មែរ។
ហ៊ុន សែន៖ «អាគុក» ជា​ភាសា​សមញ្ញ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា។ (រូបថតសហការី)

បើសិនជាលោក ហ៊ុន សែន បានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» នៅក្នុងប្រសាសន៍របស់លោក កាលពី​ចុង​ខែ​មិថុនាកន្លងមកនោះ វាគឺជាកំហុសរបស់អ្នកដែលចាក់ក្រឡេក និងញុះឲ្យលោកខឹង។ នាយករដ្ឋមន្ត្រីកម្ពុជា ថែម​ទាំង​បាន​ការពារ នូវពាក្យ«អាគុក»​របស់លោក ថាជាភាសាសមញ្ញ របស់ពលរដ្ឋខ្មែរនោះទៀតផង។

ថ្លែង​នៅ​ក្នុង​ទិវា​មច្ឆា​ជាតិ នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹកថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បាន​​ដំណាល​រឿង ​មក​និយាយ​ជា​ឧទាហរណ៍ ហើយបានចាប់បង្ខំ ឲ្យអ្នកតំណាងការទូតទាំងឡាយ​ ដែលមាន​វត្តមាន​នៅទីនោះ ថាត្រូវតែកត់ត្រា នូវការបកស្រាយរបស់លោក ក្នុងការវែកញែក​រក​អ្នក​​ខុស និងអ្នកត្រូវ ​រវាង​អ្នក​ចាក់​ក្រឡេក អ្នក​​ញុះ​លោក និង​អ្នក​ភ្ញាក់​ជេរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឡើងថា៖ «ពីរ​នាក់​កំពុង​តែ​ដើរ​ស្ងៀមស្ងាត់ ​ស្រាប់​តែ​តាង៉នស្រែក​ថា អើ ​អា​ឈិន! ហ្អែង​ភ័យ ហ្អែង​ជិត​ងាប់​ហើយ! ដល់​ឯ​ណោះ​ឆ្លើយ​ត្រឡប់​មក​វិញ​ ស្អី​អា​គុក? ឥឡូវ​សុំ​សួរ​ តើ​អ្នក​ស្រែក​មុន​ថា ហ្អែង​ភ័យ ហ្អែង​ជិត​ងាប់​ហើយ (ឬ) អ្នក​ជេរ​ត្រឡប់​មក​វិញ​ថា អា​គុក! ព្រោះ​ខ្មែរ​យើង​ច្រើន​ថា ជួន​កាល​​អា​គុក ភាសា​អ្នក​ស្រែ និយាយ​រួម​ភាសា​សមញ្ញ​គ្មាន​អី​លើស​ពី​អា​គុក​ទេ។ ប៉ុន្តែ​ឥឡូវ​សុំ​សួរ តើ​អ្នក​ដែល​ទៅ​​ញុះ​​គេ ជា​​អ្នក​​ខុស ឬ​អ្នក​ជេរ​ជា​អ្នក​ខុស? អា​ញុះ​គេ​ថា គេ​ភ័យ​ជិត​ងាប់​អា​ហ្នឹង​អ្នក​ខុស។»។

កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា នាយក​រដ្ឋមន្ត្រីកម្ពុជាបានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» ដើម្បីប្រតិកម្ម ទៅនឹងកិច្ចសម្ភាសមួយ របស់​លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលផ្ដល់ទៅឲ្យទីភ្នាក់ងាររ៉យទ័រ (Reuters) ថា​លោក ហ៊ុន សែន សព្វថ្ងៃកំពុង​«ភ័យ​ខ្លាច» ក្នុង​ការ​ចាញ់​ឆ្នោត នាពេល​ខាង​មុខ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង ក្នុងពិធីរំលឹកខួបនោះថា៖ «អាគុក កុំ​ព្រហើន! (...) ខ្លួនឯងកំពុងឃុំខ្លួនឯង សោះណ្នឹងណា (...) បើលោកមិនទៅរកគុក ក៏​គុក​មករកលោកឯងដែរ អាណ្នឹងខ្ញុំប្រាប់ឲ្យហើយទៅ។ (...) កំុ​ព្រហើន សុទ្ធ​តែ​​សម្ភាស​​ជា​មួយ រ៉យទ័រ។ យប់​ម៉ិញ​ខ្ញុំ​ថា ចុយ អាម្សៀរនេះកំពុងតែភ័យ មិនទាំងហ៊ានចេញ​ចុះ​មក​ក្រោម​ផង ខ្លាច​តែ​គេ​ទៅ​ចាប់​ទៀត ហើយ​មក​ថា​លោក ហ៊ុន សែន ភ័យ។»។

មកដល់ពេលនេះ គេមិនទាន់ឃើញ​មាន​ប្រតិកម្ម​ជាផ្លូវការ​ណា​មួយ ចេញពីគណបក្សសង្គ្រោះជាតិ ឬចេញ​ពី​លោក កឹម សុខា ផ្ទាល់នោះនៅឡើយ។

ប៉ុន្តែប្រតិកម្មរបស់លោក ហ៊ុន សែន តាមរយៈពាក្យសំដីខាងលើនេះ បានរងការរិះគន់ខ្លាំងក្លា ពីបណ្ដាអ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម។ ពួកគេមួយចំនួនបានស្រងាកចិត្ត នឹងភាសានេះ និងខ្លះទៀតបានលើកឡើងថា ដោយ​សារ​ភាសា​មិន​ពិរោះ​ស្តាប់ ពីសំណាក់មេដឹកនាំ និងអ្នកជិតដិតនឹងមេដឹកនាំនេះហើយ ទើបបានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់កៅអីសភារាប់សិប នៅក្នុងការបោះឆ្នោត​ឆ្នាំ២០១៣។ តែសម្រាប់អ្នកដែល​មាន​សមាន​ចិត្ត ជាមួយលោក ហ៊ុន​ សែន បានជួយពន្យល់ថា ភាសា «ចុយ អាគុក អាម៉ឹង» របស់លោកនាយករដ្ឋមន្ត្រី បាន​សំដៅ​ទៅ​លើ​តែ​បុគ្គល​មួយ ដែលបានមក«ចាក់»លោក ឲ្យ«លោត»មុនតែប៉ុណ្ណោះ។ ការពន្យល់នេះ មិនខុស​គ្នា​ប៉ុន្មាន​ពី​ការ​បក​ស្រាយ​ខាង​លើ របស់លោក ហ៊ុន សែន នោះឡើយ៕