៥​ខែ​ឆ្នាំ​២០១៦​ករណី​ជំងឺគ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​ ថយ​ចុះ​៤៦​ភាគរយ​

៥​ខែ​ឆ្នាំ​២០១៦​ករណី​ជំងឺគ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​ ថយ​ចុះ​៤៦​ភាគរយ​



ភ្នំពេញ ​៖ ​លោក​វេជ្ជបណ្ឌិត ​ហ៊ុយ​ រ៉េ​កុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​បាណកសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ​ជំងឺគ្រុនចាញ់​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៦​នេះ​ មាន​ចំនួន​១១.៧៦០​ករណី និង​គ្មាន​ស្លាប់ ​មាន​ការ​ថយ​ចុះ​៤៦​ភាគរយ​បើ​ធៀប​នឹង​ករណី​គ្រុនចាញ់​៥​ខែ​ដើមឆ្នាំ​២០១៥​មាន ២១.៧០៧​ករណី និង​ស្លាប់​០៤​នាក់។

លោក​វេជ្ជបណ្ឌិត ​ហ៊ុយ ​រ៉េ​កុល ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ថយចុះ​ករណី​ជំងឺគ្រុនចាញ់​នេះ​គឺ​ទាក់ទង​ទៅ​នឹង ការ​យល់ដឹង​របស់​ប្រជាជន​ស្វែងរក​សេវា​ពិនិត្យ ព្យាបាល​បាន​ត្រឹមត្រូវ សេវា​សាធារណៈ​ធានា​បាន​នូវ​ស្តង់ដារ ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល ប្រសិទ្ធភាព​របស់​ឱសថ​គ្រុនចាញ់ និង​សម្ភារៈ​បរិក្ខារ​ជំនួយ ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ពាក់ព័ន្ធ ប្រជាជន​ចូលរួម​បង្ការ​ការ​ចម្លង​របស់​ភ្នាក់ងារ​មូស​ដែក​គោល​តាមរយៈ​គ្រប់​មធ្យោបាយ​ពិសេស​ប្រសិទ្ធភាព​មុង​ជ្រលក់​ថ្នាំ​។ លោក​បាន​បន្ត​ថា ​ខេត្ត​ដែល​មាន​ករណី​ជំងឺគ្រុនចាញ់​ច្រើន​ជាងគេ​សម្រាប់​ឆ្នាំ​២០១៦​នេះ​រួមមាន ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​មានជ័យ និង​មណ្ឌលគីរី។

លោក​វេជ្ជបណ្ឌិត ​អ៊ុយ ​រ៉េ​កុល ​បាន​ពន្យល់​ទៀត​ថា ​ក្រៅ​ពី​នេះ​មាន​មូលហេតុ​ជាច្រើន​ហើយ​មូល​ហេតុ​សំខាន់​ក្នុង​មូលហេតុ​ទាំងនោះ​រួមមាន​ ទី​១.​ដោយសារតែ​កម្មវិធី​ជាតិ​បាន​ពង្រីក​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺគ្រុនចាញ់​ និង​ការ​ព្យាបាល​ជំងឺគ្រុនចាញ់​បាន​ទាន់​វេលា​ដោយ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ប្រភេទ​ថ្មី​គឺ​AFMQ​ដែល​បាន​ដាក់​ប្រើ​តាំងពី​ឆ្នាំ​២០១៥​ជំនួស​ដោយ​ថ្នាំ​ចាស់​ឈ្មោះ​DHN-PIP​ដោយ​សារតែ​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​រកឃើញ​ថា ​មាន​ភាព​ស៊ាំ​បន្ទាប់ពី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈបពល​៤​ទៅ​៥​ឆ្នាំ​រួចមក។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះបាន​បន្ថែមថា​បើទោះបី​ជា​យើង​ប្រើ​ថ្នាំ​ប្រភេទ​ថ្មី​ក៏ដោយ​ក៏​យើង​នៅតែ​បន្ត​តាមដាន​ពី​ប្រសិទ្ធ​និង​ភាពស៊ាំ​របស់​វា​ដែរ​ដើម្បី​ចៀស​អ្នកជំងឺ​មាន​ភាព​ស៊ាំ​ថ្នាំ​នឹង​ជំងឺគ្រុនចាញ់។

គួរ​បញ្ជាក់​ថា​ករណី​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅនេះ​មាន​ចំនួន​៥១២៦២​ករណី​ក្នុង​នោះ​ស្លាប់​១០​នាក់​មានការ​ថយ​ចុះ​៩​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​មាន​៥៦២៩២​ករណី​ក្នុងនោះ​ស្លាប់​១៨​នាក់​។ អត្រា​ស្លាប់​នៃ​ករណី​ជំងឺគ្រុនចាញ់​បាន​ធ្លាក់​ចុះ​មក​នៅ​០,០៦%​ក្នុងចំណោម​ប្រជាជន​១០​ម៉ឺន​នាក់​។​មានន័យថា ​កម្ពុជា​ទទួល​បាន​ជោគជ័យ​មុន​ឆ្នាំ​ដែល​បាន​កំណត់​រយៈ​១​ឆ្នាំ​។​

នៅ​ប្រទេស​កម្ពុ​ជា​មាន​មូស​ចំនួន​៣​ប្រភេទ​គឺ​មូស​អង្កាម មូស​ដែកគោល​ញី​និង​មូស​ខ្លា​។​មូស​ដែកគោល​ញី​ស្ថិតនៅ​តំបន់​ព្រៃភ្នំ​តំបន់​ជាយដែន ​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់​។ មូស​អង្កាម​រស់នៅ​តំបន់​កង្វក់​មិន​ស្អាត​មិន​ចំលង​មេរោគ​ទេ​តែ​គ្រាន់តែ​ខាំ​ទៅ​ធ្វើ​ឲ្យ​រមាស់​រំខាន​ដល់​ការរស់នៅ​និង​មូស​ខ្លា​រស់នៅ​ទឹក​ដក់​ថ្លា​ពិសេស​នៅ​ពាង​ហាង​ទឹក​និង​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​។​

រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល ជាតិ​ប្រយុទ្ធ នឹង​ជំងឺ គ្រុនចាញ់ ប៉ា​រ៉ា ស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ដថា​នឹង​សម្រេច​គោលដៅ​នៃ​ការ​លុបបំបាត់ ជំងឺគ្រុនចាញ់​ប្រភេទ​មេ​រាគ ផ្លាស់​ស្មូម​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់ គ្រប់​ប្រភេទ មេរោគ​ទាំងអស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាងមុខ៕