TosFUND ពង្រឹង​ការប្រមូល​មូលនិធិ​តាម​អ៊ីនធឺណិត​គាំទ្រ​គម្រោង​អភិវឌ្ឍ​សង្គម​ និពន្ធដោយ : ហ៊ាន សុជាតា VOA       July-02-2016, 12:02 pm         68

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132TosFUND ពង្រឹង​ការប្រមូល​មូលនិធិ​តាម​អ៊ីនធឺណិត​គាំទ្រ​គម្រោង​អភិវឌ្ឍ​សង្គម​ភ្នំពេញ​៖ វេទិកា​អន​ឡាញ​ជួយប្រមូល​មូលនិធិ​ពី​សាធារណជន ហៅថា TosFUND ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្នុង​រយៈពេល​ជាង​២​ខែ​នៃ​ការអនុវត្ត​គម្រោង​ខ្លួន TosFUND ទទួលបាន​ប្រាក់​រៃអង្គាស​ប្រមាណ​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​ដើម្បី​ជួយ​គាំទ្រ​គម្រោង​អភិវឌ្ឍ​សង្គម​ចំនួន​១៦​គម្រោង​។ TosFUND គឺជា​វេទិកាសាធារណៈ​តាម​អ៊ីនធឺណិត​ក្នុងការ​ប្រមូល​មូលនិធិ​ពី​សាធារណជន ដើម្បី​គាំទ្រ​គម្រោង​ដោះស្រាយ​បញ្ហា​សង្គម​នានា​។​

​កម្មវិធី TosFUND ដែលជា​ផ្នែក​មួយ​នៃ​អង្គការក្រៅរដ្ឋាភិបាល Action IEC ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ USAID នេះ ធ្វើ​ការដាក់​សម្ពោធ​កម្មវិធី​របស់ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក ផាន់ វុទ្ធី ប្រធាន​គ្រប់គ្រង​កម្មវិធី TosFUND លើកឡើងថា កម្មវិធី TosFUND នេះ​គឺជា​យន្តការ​ថ្មី​មួយ​នៅ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៃអង្គាសប្រាក់​ជំនួយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សង្គម​។​

«​យើង​ឃើញ​ប្រជាជន​ខ្មែរ​យើង អ្នកខ្លះ​គាត់​មានលទ្ធភាព​ចង់​បរិច្ចាគ​ទៅ​អ្នកដទៃ តែ​ការបរិច្ចាគ​នេះ ពេលខ្លះ​គាត់​មានចិត្ត​ដែរ តែ​អត់​មាន​មធ្យោបាយ​។  TosFUND គឺជា​សិល្បៈ​នៃ​ការចែករំលែក ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត សម្រាប់​ជួយ​ដល់​គម្រោង​មួយចំនួន​ដែល​គាត់​ធ្វើការ​ងារ​ជួយ​សង្គម ដោយស្មោះ​ត្រង់ និង​ផ្តល់​ប្រយោជន៍​ដោយផ្ទាល់​»​។​

​លោក ផាន់ វុទ្ធី ពន្យល់​ប្រាប់​អំពី​ដំណើរការ​ស្នើសុំ​ការជួយ​ស្វែងរក​ថវិកា​ឧបត្ថម្ភ​គម្រោង​តាមរយៈ​កម្មវិធី TosFUND នេះ​យ៉ាង​ដូច្នេះ​៖ «​ទី​១​មួយ ម្ចាស់ខ្លួន​ត្រូវ​ដឹងថា គម្រោង​គាត់​ជា​គម្រោង​ស្មោះត្រង់ មាន​ប្រយោជន៍​ដល់​សង្គម​ពិតប្រាកដ​។ ទី​២ ចូលទៅក្នុង website (​គេហទំព័រ​) បំពេញបែបបទ​ក្នុង​ហ្នឹង​។ គាត់​ត្រូវមាន​វីដេអូ​រយៈពេល​ខ្លី​មួយ​ពន្យល់​អំពី​គោលបំណង​របស់គាត់ អំពី​ថវិកា​ប្រើប្រាស់​ដើម្បី​អ្វី លទ្ធផល​រំពឹងទុក​ហ្នឹង​បែបណា​? បន្ទាប់មក​យើង​យកមក​ឆ្លង​គណៈកម្មការ​ថា ត្រឹមត្រូវ​ហើយ យើង​យកមក​ដាក់​លើ​វេទិកា​»​។​
​មកទល់ពេលនេះ កម្មវិធី TosFUND បាន​ចូលរួម​ប្រមូល​មូលនិធិ​គាំទ្រ​គម្រោង​បាន​ចំនួន​១៦​ហើយ​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​សង្គម មាន​ទាំង​ការអប់រំ វប្បធម៌ សុខភាព និង​បរិស្ថាន​ជាដើម​។​

​ចាប់តាំងពី​ការចាប់ផ្តើម​បេសកកម្ម​ខ្លួន​កាលពី​ខែមេសា ឆ្នាំ​២០១៦​មក TosFUND ទទួលបាន​មូលនិធិ​គាំទ្រ​ប្រមាណ​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​។ គម្រោង​ដែល​ទទួលបាន​ថវិកា​គាំទ្រ​ទាំងនោះ​មាន​ជា​អាថ៌ គម្រោង​សេវា​ព្យាបាល​ជម្ងឺ​អសមត្ថភាព​ផ្នែក​និយាយ ទទួលបាន​១២០០$ គម្រោង​១០០០​ថ្ងៃ​សម្រាប់​សុខុមាលភាព​ម្តាយ និង​ទារក​ទទួលបាន​ជិត​៧៥០$ និង​គម្រោង​រ៉ឺម៉ក់​កង់​៣​របស់​អង្គការ​តម្លាភាព​កម្ពុជា​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​ជិត​៤០០$​ជាដើម​។​

​លោក ផាន់ វុទ្ធី ឲ្យ​ដឹង​ទៀតថា ថវិកា​ដែល​មហាជន​ធ្វើការ​បរិច្ចាគ​ទៅកាន់​គម្រោង​ណាមួយ​តាមរយៈ TosFUND គឺ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ធនាគារ ហើយ​ផ្ទេរ​ទៅ​ឲ្យ​គម្រោង​នីមួយៗ​ដោយផ្ទាល់​។ ហើយ​ម្ចាស់​គម្រោង​នីមួយៗ​ត្រូវ​ផ្តល់​ជា​របាយការណ៍​នៅលើ​វេទិកា TosFUND ដើម្បី​បង្ហាញថា ការប្រើប្រាស់​ថវិកា​គឺ​ចំ​គោលដៅ​។ លោក​ថា យន្តការ​នេះ​អាច​ធានាបាន​នូវ​តម្លាភាព​នៃ​ថវិកា​។​

«​អញ្ចឹង TosFUND សហការ​ជាមួយ​ដៃគូ​ចំនួន​៣​។ អ្នក​ចង់​បរិច្ចាគ​អាចធ្វើ​តាម Cellcard គឺ​គាត់​អាច​ផ្ញើ​ម្តង​៥០​សេន​។ យើង​បាន​សហការគ្នា​តាម​ធនាគារ​អេស៊ីលីដា គាត់​អាច​បរិច្ចាគ​បាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ ហើយ​យើង​ក៏បាន​សហការ​ជាមួយ​វី​ង គាត់​អាច​វេរ​លុយ​ជំនួយ​តាម​ប្រព័ន្ធ​វី​ង​បាន​»​។​

​លោក​ប៉ិច ពិសី ជា​នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា ដែល​ធ្លាប់​សហការ​ជាមួយ TosFUND ដើម្បី​ស្វែងរក​ថវិកា​គាំទ្រ​គម្រោង​រ៉ឺម៉ក់​កង់​៣​ប្រឆាំង​អំពើពុករលួយ​។ លោក​គាំទ្រ​កម្មវិធី​រៃអង្គាស​ប្រាស់​ពី​សាធារណជន​បែបនេះ ដោយសារតែ​កម្មវិធី​បែបនេះ​អាចជួយ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​សង្គម​មានលទ្ធភាព​កើតឡើង​កាន់តែច្រើន​។​

«​កម្មវិធី TosFUND នេះ​ជា​គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ​ដែល​បង្កលក្ខណៈ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចូលរួមចំណែក​សង្គម​តាមរយៈ​ការបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តិចក្តី ច្រើនក្តី​។ គាត់​អាច​ចូលរួម​ដោយ​ងាយស្រួល ហើយ​មាន​លទ្ធផល​វិជ្ជមាន​ដល់​សង្គម​ច្រើន​»​។​

​សម្រាប់​លោក ប៉ិច ពិសី កម្មវិធី​រៃអង្គាស​ពី​សាធារណជន ដូចជា TosFUND នេះ ត្រូវការ​ជា​ចាំបាច់​នូវ​ការណែនាំ​ឲ្យ​មហាជន​ស្គា​ល់ពី​អត្ថប្រយោជន៍​របស់​កម្ម​វិធី ព្រមទាំង​ការបង្កើន​ជំនឿ​ចិត្ត​ពលរដ្ឋ​ក្នុងការ​បរិច្ចាគ​ថវិកា ដើម្បី​ធានាថា ថវិកា​នោះ​ពិតជា​ចំណាយ​ទៅលើ​ការជួយ​កម្មវិធី​អភិវឌ្ឍន៍​សង្គម​មែន​៕