សមត្ថកិច្ច​ត្រូវ​វែកមុខ​ឈ្មួញ​ដែល​នៅ​ពីក្រោយ​ខ្នង​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម យកទៅ​ដាក់ទោស​តាមច្បាប់​

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ហើយ​ត្រូវ​សមត្ថកិច្ច​សៀម​បង្ក្រាបបាន​កើតឡើង​ជាប​ន្ត​បន្ទាប់ ដោយ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ប្រឈម​គ្រោះថ្នាក់​សព្វបែបយ៉ាង​ក្នុងការ​ធ្វើតាម​បញ្ជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រះវិហារ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​វែកមុខ​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​ធំៗ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ ឈ្មួញ​ខ្លះ​ត្រូវបាន​គេ​ដឹងថា​ជាម​ន្ត្រី​យោធា និង​កម្លាំងប្រដាប់អាវុធ​ស្ថាប័ន​ផ្សេងទៀត​ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ថ្មីៗ​នេះ​ពលរដ្ឋ​ខ្មែរ​៤​នាក់​ក្នុងចំណោម​ប្រហែល​ជាង​៣០​នាក់​ត្រូវ​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​នៅពេល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ប្រភពព័ត៌មាន​ពី​ប្រទេស​សៀម​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​សៀម​បាន​រាយការណ៍​ពី​រឿង​មាន​ជនជាតិខ្មែរ​ប្រមាណ​៣០​នាក់ កំពុង​ស្ពាយ​ឈើ​គ្រញូង​ពីលើ​ជួរ​ភ្នំ​វ៉ាំ​ង​ក្រាក់​ថាក់ ចំណុចកណ្ដាល​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ក្នុងភូមិ​៨ ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ខេត្ត​ស្រះកែវ​។ ទទួលបាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​សៀម​ដែលមាន​យោធា​និង​តម្រួត​ជាច្រើន​នាក់ បាន​ឡោមព័ទ្ធ​ហើយ​ប្រទះឃើញ​ជនជាតិខ្មែរ​ជាច្រើន​នាក់ ស្ពាយ​ឈើ​គ្រញូង​ចុះ​ពី​ភ្នំ និង​ចាប់បាន​៤​នាក់​។ នៅក្នុង​ការបង្ក្រាប​នេះ​សមត្ថកិច្ច​សៀម​ទាំង​យោធា​និង​តម្រួត មិនបាន​ប្រើ​កាំភ្លើង​បាញ់ប្រហារ​លើ​ជនជាតិខ្មែរ​ទេ​។

ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ក្នុង​ខេត្ត​ស្រះកែវ​នេះ មាន​ប្រភព​ខ្លះ​រាយការណ៍​ថា មានការ​ឃុបឃិត​រវាង​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង និង​សមត្ថកិច្ច​ខ្មែរ​នៅតាម​តំបន់​ព្រំដែន ក្នុងស្រុក​អូរជ្រៅ ឬ​ស្រុក​ថ្មពួក​ផងដែរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​បើក​ការស៊ើបអង្កេត​វែកមុខ​មេ​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ករណី​ឈើ​គ្រញូង​ប្រឡាក់​ឈាម​កើតឡើង​តទៅទៀត​។ ដោយហេតុ​ថាបើ​គ្មាន​ការជំរុញ​ពី​ឈ្មួញ​ឈើ​គ្រញូង​និង​គ្មាន​ការនាំ​ផ្លូវ​ពី​មេខ្យល់​ទេនោះ គឺ​ពលរដ្ឋ​ស្លូតត្រង់​មិន​ហ៊ាន​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ទេ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​បង្ក្រាប​ក្រុម​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​យកទៅដាក់​ទោស​ឲ្យ​ខាងតែបាន​៕

13495161_1727156237551067_9094582890809236659_n 13512180_1727156270884397_4737594751347059038_n 13532852_1727156224217735_3410330778475760848_n 13533199_1727156154217742_2242050632974300937_n​    ​