ជំងឺគ្រុនឈាមអាចប្រកាសអាសន្ន នៅមណ្ឌលគិរី គ្រាដែលអ្នកជំងឺ រកកន្លែងដេកគ្មាន

ខេត្តមណ្ឌលគិរី ៖ ជំងឺគ្រុនឈាម កំពុងផ្ទុះឡើង និងបន្តគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ស្ទើរប្រកាសអាសន្ន នៅខេត្តមណ្ឌលគិរី គ្រាដែលមនុស្ស ក្មេងចាស់ជាច្រើន ត្រូវបានបញ្ជូន មកសំរាកព្យាបាល នៅពេទ្យបង្អែកខេត្ត និងតាមពេទ្យឯកជននានា ក្នុងតំបន់នេះ ស្ទើររកកន្លែងសំរាកគ្មាន ដែលករណីមួយនេះ កំពុងមានការព្រួយបារម្ភ ខ្លាំងបំផុត។
ជំងឺគ្រុនឈាមអាចប្រកាសអាសន្ន នៅមណ្ឌលគិរី គ្រាដែលអ្នកជំងឺ រកកន្លែងដេកគ្មាន
លោក សៀ សុខមៀង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ជំងឺគ្រុនឈាម ពិតជាបាននិងកំពុង កើតមានមកលើ មនុស្សក្មេងចាស់ ប្រុសស្រីស្ទើរ គ្រប់ស្រុក ទូទាំងខេត្ត ពិតប្រាកដមែន ព្រោះអគារព្យាបាល ស្ទើរតែរកកន្លែង សំរាកមិនបាន។ ជំងឺគ្រុនឈាមឆ្នាំនេះ វាហាក់បី មានការផ្ទុះឡើង យ៉ាងច្រើនករណី មែនទែន ខុសគ្នាពីបណ្តាឆ្នាំមុនៗ ជំងឺគ្រុនឈាម មានចំនួនតិចតួចបំផុត តែទោះបីជំងឺនេះកំពុងផ្ទុះឡើង ច្រើនករណីយ៉ាងណាក៍ដោយ ប៉ុន្តែគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស គឺពុំទាន់មានច្រើន ករណីនៅឡើយទេ មានស្លាប់ក្មេងប្រុសម្នាក់ អាយុ ៥ឆ្នាំ នៅស្រុកពេជ្រាដា តែពេលអត្រា មិនថយចុះ ហាក់បីនៅមានកំរិត តិចនៅឡើយ។

លោកប្រធាន មន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា រឿងដែលមានបញ្ហា ផ្ទុះឡើងនូវជំងឺនេះ ច្រើនវាអាចកើតឡើង ដោយសារបញ្ហា បម្រែបម្រួលអាកាសធាតុ និងមកពីការចំលង មកពីសត្វមូសខាំ។ លោកបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយល់ដឹង ឲ្យបានខ្ពស់បំផុត អំពីវិធីការពារកុំឲ្យ កើតមានជំងឺទាំងនេះ ដូចជា ត្រូវធ្វើអនាម័យខ្លួន កាប់ឆ្ការព្រៃ ជុំវិញផ្ទះសម្បែង លុបថ្លុក របស់របរដែលដក់ទឹកបាន ដែលជាជំរកសត្វមូស។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់ឲ្យដឹងថា ជំងឺគ្រុនឈាមនេះ មានមែន តែវាតិចតួចទេ។ មហាជននានាទូទាំង ខេត្តមណ្ឌលគិរី មិនពេញចិត្ត ចំពោះការលើកឡើង របស់លោកប្រធាន មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ដែលបានលើកឡើង បែបនេះ គ្រាដែលពេលនេះ អ្នកជំងឺជាច្រើននាក់ ទាំងក្មេងទាំងចាស់ កំពុងត្រូវបានបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែកខេត្ត និងពេទ្យឯកជន ស្ទើរតែរកកន្លែងសម្រាកគ្មាន ហើយនោះ ដោយមហាជន បានលើកឡើងថា ការលើកឡើងបែបនេះ ហាក់បីប្រធានមន្ទីររូបនោះ មិនបានបើកភ្នែកមើល អ្នកជំងឺនៅក្នុង មន្ទីរពេទ្យឡើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ អ្នកឆ្លើយឆ្លងព័ត៌មានថា ជំងឺនេះគឺពិតជា បានកើតឡើងច្រើនករណី ពិតមែនទៅលើមនុស្ស ក្មេងចាស់ប្រុសស្រី ពិតប្រាកដមែននៅឆ្នាំនេះ ហើយលោកអភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរួមមាន ដូចជា មន្រ្តីសុខាភិបាល មន្រ្តីគ្រប់ក្រុង ស្រុក និងមន្រ្តី មន្ទីរបរិស្ថានផងដែរ ចូររួមគ្នាចុះធ្វើ ការផ្សព្វផ្សាយ ណែនាំដល់ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យពួកគាត់យល់ដឹង ពីវិធីការពារកុំឲ្យ កើតមានជំងឺប្រភេទនេះ ដែលកំពុងរាត្បាត ដល់បងប្អូនប្រជាពលរដ្ឋ ជាងនេះទៅទៀត សូមមន្រ្តីជំនាញ ជាពិសេសប្រធាន អង្គភាពពាក់ព័ន្ធទាំងអស់ ហ៊ានទទួលស្គាល់ការពិត ដែលបានកើតឡើង ជៀសវាងបង្រួម នៃករណី ដែលបានកើតឡើង ដើម្បីតែខ្លួនឯងល្អ។

ម៉្យាងវិញទៀត លោកអភិបាល បានស្នើឱ្យមន្រ្តីជំនាញៗ និងមន្រ្តីក្រុង ស្រុក ទូទាំងខេត្ត សូមមេត្តាកុំមានការ ស្ពឹកស្រពន់ពេក ដូចជាការចុះធ្វើការណែនាំ ដល់បងប្អូន បន្ថែមទៀត នៅតាមគោលដៅ សំខាន់ដែលមានជំងឺនេះ កំពុងរាត្បាត។ លោកអភិបាល បានធ្វើការសង្កត់ធ្ងន់ ទៅលើមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ថាសព្វថ្ងៃនេះ មន្ទីរមួយនេះ ហាក់បីដូចជា ព្រលែងចោលការងារ របស់ខ្លួនទៅហើយ ពោលគឺហាក់បីដូចជា មិនសូវខ្វល់ខ្វាយ ពីបញ្ហាសំរាមជាដើម ព្រោះនៅឆ្នាំនេះថវិកា របស់ជាតិ បានទំលាក់មកឲ្យ មន្ទីរបរិស្ថាននិងក្រុង ប្រមាណជិត ២០០លានរៀល សំរាប់ចាត់ចែង លើបញ្ហាផ្សេងៗ ទាក់ទងនិងបញ្ហា អនាម័យនេះ៕

ប្រភព៖ watphnom

  • ជំងឺគ្រុនឈាមអាចប្រកាសអាសន្ន នៅមណ្ឌលគិរី គ្រាដែលអ្នកជំងឺ រកកន្លែងដេកគ្មាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: