កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់ នឹង​ត្រូវ​ប៉ះ​ក្រុម​​ជើង​ខ្លាំង​ដូច​គ្នា​អ៊ីតាលី ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ​នៅ​កីឡដ្ឋាន​ Matmut Atlantique​ ទីក្រុង​ Bordeaux ​នា​វេលា​ម៉ោង​០២:០០​រំលង​​អាធ្រាត្រ​យប់​នេះ។

 

កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

Mesut Ozil (ឆ្វេង) ខ្សែ​បម្រើ​អាល្លឺម៉ង់ និង​​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Graziano Pelle

 

ម្ចាស់​ជើង​ឯក​ World Cup 2014​ អាល្លឺម៉ង់ ជា​ក្រុម​ខ្លាំង នឹង​ធ្លាប់​លើក​ពាន​ Euro ពាន​ដល់​ទៅ​៣​សម័យ​កាល​​នៅ​ឆ្នាំ (១៩៧២, ១៩៨០, ១៩៩៦) ​រីឯ​អ៊ីតាលី​វិញ ​ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​ធ្លាប់​លើក​ពាន​បាន​ម្ដង កាល​ឆ្នាំ​១៩៦៨ និង​ធ្លាប់​រង​ជើង​ឯក​២​ដង នៅ​ឆ្នាំ​ (២០០០, ២០១២)។ ដូច្នេះ​ចាំ​មើល​ថា ក្រុម​ខ្លាំង​ទាំង​២​នេះ​ ក្រុម​ណា​នឹង​ហាល​អាវ​ ហើយ​ក្រុម​ណា​នឹង​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​បាន?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– អាល្លឺម៉ង់ មិន​ដែល​ឈ្នះ​អ៊ីតាលី​ទេ ក្នុង​ជំនួប​គ្នា​ពាន​រង្វាន់​ធំៗ ៨​ប្រកួត​ចុង​ក្រោយ (ស្មើ​៤, ចាញ់​៤)។ បរាជ័យ​ទាំង​៤​ប្រកួត​របស់​អាល្លឺម៉ង់ គឺ​​​​សុទ្ធ​តែ​​ចាញ់​នៅ​វគ្គ​ Knockout Stages (World Cup semi-final 1970, final 1982, semi-final 2006) និង​ Euro semi-final 2012។

 

– ជួប​គ្នា​នៅ​ប្រកួត​ចុង​ក្រោយ​ កាល​ខែ​មិនា​ដើម​ឆ្នាំ​នេះ​លក្ខណៈ​មិត្តភាព អាល្លឺម៉ង់​បាន​បំបាក់​អ៊ីតាលី ៤-១។

 

– អាល្លឺម៉ង់ ឡើង​ដល់​វគ្គ​ Semi-Finals ​ទាំង​៥​​ដង ក្នុង​​ការ​បង្ហាញ​ខ្លួន​នៅ​ពាន​រង្វាន់​ធំ​ ៥​​លើក​ចុង​ក្រោយ (World Cup 2006, 2010, 2014 និង​ Euro 2008, 2012)។

 

– អាល្លឺម៉ង់​ ជា​ក្រុម​តែ​១​គត់ ដែល​មិន​ទាន់​របូត​គ្រាប់​បាល់​សោះ​នៅ​ Euro 2016 នេះ។ ប៉ុន្តែ​ អ៊ីតាលី​​ជា​ក្រុម​ដែល​​អាច​រក្សា​ Clean Sheets បាន​១៩​ដង ​ក្នុង​៣៧​ប្រកួត​ចុង​ក្រោយ​នៅ​ Euro ​ជាប់​កំណត់ត្រា​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

 

សម្ដី​​គ្រូ​បង្វឹក៖

 

កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

Joachim Low ​​គ្រូ​បង្វឹក​អាល្លឺម៉ង់

 

Joachim Low ​​គ្រូ​បង្វឹក​អាល្លឺម៉ង់ ​បាន​និយាយ​ថា៖ “អ៊ីតាលី មិន​​ត្រឹម​តែ​ជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រយុទ្ធ​មុត​ស្រួច​ទៀត។ អាល្លឺម៉ង់ និង​អ៊ីតាលី​ជា​ក្រុម​ដែល​មាន​គុណភាព​ខ្លាំង ហើយ​អ្នក​ឈ្នះ​ប្រកួត​នេះ អាច​​នឹង​ក្លាយ​ជា​ជើង​ឯក។ យើង​បាន​​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ តាំង​ពី​របៀប​ការពារ និង​ប្រយុទ្ធ។ ប៉ះ​អ៊ីតាលី ​​យើង​ប្រហែល​​ជា​ពុំ​សូវ​មាន​ឱកាស​​ច្រើន​ដូច​ប៉ះ​​អៀរឡង់​ខាង​ជើង​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​បំផុត”។

 

កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

Antonio Conte គ្រូ​បង្វឹក​អ៊ីតាលី

 

Antonio Conte គ្រូ​បង្វឹក​អ៊ីតាលី ​​បាន​លើក​ឡើង​ថា៖ “​ក្រុម​យើង​លេង​បាន​ល្អ​មែន​ទែន គ្រប់​តំបន់​ទាំង​អស់។ ជា​ពិសេស យើង​​អាច​លេង​បាន​ល្អ​ជាង​ក្រុម​អេស្ប៉ាញ និង​អាច​ឈ្នះ​ម្ចាស់​ជើង​ឯក (អេស្ប៉ាញ) បាន។ ខ្ញុំ​គិត​ថា អាល្លឺម៉ង់​ជា​ក្រុម​​ដែល​ខ្លាំង​ស្មើ​ជើង​ល្អ​​ និង​ខ្លាំង​បំផុត​លើ​លោក​បច្ចុប្បន្ន។ ប៉ុន្តែ​យើង​បាន​​សិក្សា​ពី​ពួកគេ​​ហើយ ដើម្បី​យក​ឈ្នះ​ឲ្យ​បាន”។

 

ជើង​កីឡាករ៖

 

កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

សកម្មភាព​ក្រុម​អាល្លឺម៉ង់ ​ហ្វឹកហាត់

 

ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​គ្មាន​បញ្ហា​កីឡាករ​ណា​អវត្តមាន​ទេ បន្ទាប់​ពី​ Jerome Boateng, Julian Draxler និង​ Sami Khedira ​អាច​ Fit ១០០% វិញ ​ក្រោយ​​មាន​បញ្ហា​បន្តិច​បន្តួច​ ហើយ​កីឡាករ​ជាប់​បម្រាម​ក៏​គ្មាន​ដែរ។ ដូច្នេះ​អាល្លឺម៉ង់ ពេញ​ជើង​ល្អ​ណាស់​យប់​​នេះ​ អាច​ជា៖ Neuer; Kimmich, Boateng, Hummels, Höwedes; Kroos, Khedira; Müller, Özil, Draxler; Gomez។

 

កក្រើក​យប់​នេះ! ​អាល្លឺម៉ង់ ប៉ះ​អ៊ីតាលី ​ក្រុម​ណា​ឡើង​ Semi-Final?

សកម្មភាព​ក្រុម​អ៊ីតាលី​ ហ្វឹកហាត់

 

រីឯ​​អ៊ីតាលី នឹង​អវត្តមាន​ខ្សែ​បម្រើ​ឆ្នើម​ Daniele De Rossi ​ដែល​រង​របួស​ភ្លៅ​កាល​ប៉ះ​​អេស្ប៉ាញ ​និង​ខ្សែ​បម្រើ​ស្លាប​ Antonio Candreva ​របួស​សរសៃពួរ ​ខណៈ​ដែល​ ​Thiago Motta ​ក៏​ជាប់​ពិន័យ​ថែម​ទៀត។ ដូច្នេះ​ អ៊ីតាលី​ពុំ​សូវ​ពេញ​ជើង​ប៉ុន្មាន​ទេ ដែល​​អាច​ជា៖ Buffon; Barzagli, Bonucci, Chiellini; Florenzi, Sturaro, Parolo, Giaccherini, De Sciglio; Pellè, Éder៕

 

ព្យាករណ៍៖ ​អាល្លឺម៉ង់ ១-០ អ៊ីតាលី , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | Sky Sports