ម៉េង កែវ​​ពេជ្ជតា ជម្រុញ​ឲ្យ ដេននី ខ្វាន់ ដាក់ពាក្យប្ដឹង​ ​ហើយ​​មិន​​សុំ​ទោស​​ជា​​ដាច់​​ខាត

(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែងជើងថ្មី នាង ដេននី ខ្វាន់ បានសម្រេចចិត្តពិចារណា ទុកពេលឲ្យតារាចម្រៀង ម៉េង កែវពេជ្ជតា ធ្វើការសុំទោសនាង ចំពោះរឿងដែលចោទប្រកាន់ថា នាងជាមនុស្សដែលនៅពីក្រោយខ្នង ដែលបានផ្ញើសារ​គំរាមកំហែងបំភិតបំភ័យ ​លើអាយុជីវិត​របស់ ម៉េង កែវពេជ្ជតា រួចមក ពេលនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរសារយ៉ាងវែងអន្លាយមួយ វាយបកទៅកាន់នាង ដេននី ខ្វាន់ វិញ ដោយជំរុញឲ្យ នាង ដេននី ខ្វាន់ប្ដឹងរូបនាង ពេលនោះ ម៉េង កែវពេជ្ជតា នឹងឲ្យអ្នកច្បាប់បកស្រាយថា តើនរណាខុស នរណាត្រូវ?

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរសារក្នុង Facebook របស់ខ្លួន នៅប្រមាណ១ម៉ោង មុននេះចង់សម្ដៅទៅកាន់នាង ដេននី ខ្វាន់ ថា​ « យើងឲ្យ​នាងប្តឹង តែយើងមិនសូមទោសនាងជាដាច់ខាត !!! នាងខុសនៅថ្លោសទៀត កុំស្រម៉ៃ !។ មួយម៉ាត់ប្តឹង ពីរម៉ាត់ប្តឹង ងាកប្តឹង ងាកប្តឹង គំរាមរហូតហ្មងនាងអស្ចារ្យ ! មានអី ប្តឹងទៅ នាងមានសិទ្ធតើស កុំបាច់ទុកពេល កុំបាច់សម្តែងអាណិតយើងស្អី គួរអាណិតខ្លួននាងវិញចុះ។ តែបើពួកនាងនិយាយតែពីរឿងប្តឹង មិនចង់​សន្តិភាព យើងក៏តាម ព្រោះយើងមានសិទ្ធប្តឹងបានដូចគ្នា។ ការលួចយកសម្លេងសារផ្ទាល់ខ្លួន​របស់គេ ( Private inbox chatting ) ទៅចែកបង្ហោះដោយគ្មានការអនុញ្ញាតិ ពីម្ចាស់សម្លេង គឺជារឿងខុសច្បាប់ !!! វាមិនមែនជាកិច្ចសម្ភាសន៍ រវាងអ្នកសារព័ត៌មាន​ជាមួយតារាទេ ។ យើងក៏មិនមែនជាអ្នកនយោបាយ ឬឧក្រិដ្ឋជន ដែលចាំបាច់​ត្រូវយកសម្លេង ទៅស្តាប់ ឬផ្សព្វផ្សាយជាសាធារណៈស្រេចតែចិត្តដែរ។ មានហេតុទើបមានផល»។

តារាចម្រៀងសំឡេងរៃកណ្ដឹង ម៉េង កែវពេជ្ជតា បានបន្ថែមថា «មិនមែនឮសម្លេងតែប៉ុណ្ណេះ ហៅថាគ្រប់គ្រាន់ឡើយ។ សារមិនមែនមានតែមួយ គឺនៅមានច្រើនទៀត ។ ខ្ញុំអាចបង្ហាញបើមានការចាំបាច់ណាមួយ។ សារនេះ ជាងមួយខែហើយយើងទេ ​ដែលជាជនរងគ្រោះត្រូវប្តឹងនាង តែយើងមិនប្តឹងផង បែរជានាងមកឈឺចាប់​ស្រែករកយុត្តិធម៌ស្អី នៅពេលនេះ ? កុំភ្លេចថាអ្នកសរសេរពត៌មានគ្មានវិជ្ជាជីវៈ ដែលជាគ្រូធំរបស់នាង​កំពុងធ្វើរឿងខុសបង្កើត ចំណងកាន់តែច្រើនរហូត លែងហ៊ានចេញមុខហើយ ក៏ខំងាកទៅទាញក្បាល​នាងមកឲ្យគេសំពងជំនួសវិញ ចំណែកខ្លួនឯង​គេចយករូចខ្លួន តែគេចយ៉ាងណាក៏មិនផុតដែរ យើងនៅតែប្តឹងបានបើយើងចង់ ហើយប្តឹងច្រើនករណីទៀតផង ។ ក្របីអាចវង្វេងបឹង តែជុងមិនភ្លេចកុកទេ»។

ម៉េង កែវពេជ្ជតា រ៉ាយរ៉ាប់ទៀតថា «កាន់តែរើ កាន់តែតឹងដូចក្រពើ រមិលគុណជាប់ចំណង តា​​បររទេះ។ មែនហើយ ខ្ញុំមិនមែនជាអ្នកចេះដឹង ខ្ញុំក៏ចង់សួរទៅអ្នកច្បាប់ដែរថា ហេតុផលនាងចង់ប្តឹងខ្ញុំ និងហេតុផលខ្ញុំប្តឹងពួកនាង តើមួយណាមានស្ថានទំងន់ ក្នុងផ្លូវច្បាប់ជាង ? ហើយតើមានទោសកំរិតណា ក្នុងការបំពានសិទ្ធយកសម្លេងផ្ទាល់ខ្លួនគេ ទៅផ្សព្វផ្សាយសាធារណៈ ដោយគ្មានការអនុញ្ញាតិ ? កាន់តែរើ កាន់តែតឹង ។ ជូនដល់ក្រុម​​ស្វាស៊ីបាយ លាបមាត់ពពែ..!»។

រឿងរ៉ាវហែកហួរគ្នារវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសម្ដែង ដេននី ខ្វាន់ ត្រូវបានគេមើលឃើញថា កំពុងតែឡើងកម្ដៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគីទាំងពីរ ហាក់មិនបានបន្ទន់ឥរិយាបថ ព្រមចូលតុចរចា រកខុសត្រូវនោះឡើយ ពោលមានតែគំរាមដាក់ពាក្យប្ដឹងគ្នា​ ទៅវិញទៅមកទៀតផង។ យ៉ាងណាមិញថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានស្នើសុំដល់អ្នកសិល្បៈទាំងអស់ឲ្យបញ្ចប់ជម្លោះ ឈប់ឈ្លោះគ្នាតទៅទៀត ព្រោះសុទ្ធសឹងតែជាអ្នកសិល្បៈដូចគ្នា ជាខ្មែរដូចគ្នា បើឈ្លោះគ្នា គឺមិនចំណេញអ្វីនោះឡើយ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload