លោក សម រង្ស៊ី បញ្ជាក់​ពី​គណបក្សប្រឆាំង​ម៉ុង​ហ្គោ​លី ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃទី​២៩ មិថុនា ២០១៦

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅថ្ងៃនេះ​បាន​បញ្ជាក់ថា​គណបក្សប្រឆាំង​ម៉ុង​ហ្គោ​លី ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃទី​២៩ មិថុនា ២០១៦ ។ លោក សម រង្ស៊ី បាន​បន្តថា គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី​ដែលជា​បក្សប្រឆាំង​បានទទួល​ជោគជ័យ​យ៉ាង​សម្បើម​លើ​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​២៩ ខែមិថុនា​។ គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី​បានទទួល​កៅអី​ក្នុង​សភា ភាគច្រើន​លើសលប់​ក្នុងការ​បោះឆ្នោត ដែល​អ្នក​អង្កេត​ការ​ឯករាជ្យ​និយាយថា មាន​សណ្ដាប់ធ្នាប់ និង​ការប្រកួតប្រជែង​។

​លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា លទ្ធផល​បោះឆ្នោត​សភា​ម៉ុង​ហ្គោ​លី បាន​បង្ហាញថា គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី (MPP) បាន​យកឈ្នះ​បក្ស​ប្រជាធិបតេយ្យ (DP) ដែលជា​បក្ស​កាន់អំណាច​។ បក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី បានទទួល​កៅអី​សរុប​ចំនួន​៦៥ ក្នុង​កៅអី​សរុប​ចំនួន​៧៦ នៃ​សភា​ម៉ុង​ហ្គោ​លី​។ ចំណែកឯ​បក្ស​ប្រជាធិបតេយ្យ ទទួល​បានតែ​កៅអី​ចំនូ​ន​៩​ប៉ុណ្ណោះ ខណៈ​បេក្ខជន​ឯករាជ្យ​ម្នាក់ ក៏​ជាប់​ជា​សមាជិកសភា​ដែរ​។ ជ័យជំនះ​ភ្លូកទឹកភ្លូកដី របស់​គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី គឺជា​ការ​វាយ​សំពង​ធ្ងន់ធ្ងរ​ដល់​បក្ស​កាន់អំណាច​។​

​លោក សម រង្ស៊ី បាន​ពន្យល់ថា លទ្ធផល​បោះឆ្នោត​បង្ហាញ​ដែរ​ថា​លោកនាយក​រដ្ឋមន្ត្រី ជី​ម សៃ​ខាន់​ប៊ី​ល (Chimed Saikhanbileg) និង​ប្រធានសភា លោក សាន់​ដាក អែក​ប៊ូ (Zandaakhuu Enkhbold) សុទ្ធតែ​បាត់បង់​អាសនៈ​សភា​ទាំងអស់​។​បើតាម​សារព័ត៌មាន ការទូត​(Diplomat) ជ័យជំនះ​របស់​បក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី ទំនង​បណ្ដាលមកពី​កត្តាសេដ្ឋកិច្ច​។ បច្ចុប្បន្ននេះ ម៉ុង​ហ្គោ​លី​កំពុងតែ​រង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការនាំចេញ​កំពុង​ធ្លាក់ចុះ ហើយ​ត​ម្លែ​ទង់ដែង និង​ធ្យូងថ្ម ដែលជា​ផលិតផល​នាំចេញ​សំខាន់ ក៏​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ​។ បក្ស​កាន់អំណាច បាន​រង​ការស្ដីបន្ទោស​ចំពោះ​ឱនភាព​សេដ្ឋកិច្ច ដែលមាន​កំណើន​ខ្លាំង​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា យ៉ាងណាក្ដី​គេ​បារម្ភ​ថា ការផ្លាស់ប្ដូរ​នូវ​ឆាកនយោបាយ អាចធ្វើ​ឲ្យ​គោលនយោបាយ​អភិវឌ្ឍន៍​ប្រែប្រួល​ផងដែរ​។ ប៉ុន្តែ​លោក ជូ​លៀន ដឺ​កេស (Julian Dierkes) អ្នកជំនាញ​នយោបាយ​ម៉ុង​ហ្គោ​លី និយាយថា ក្នុង​យុទ្ធនាការ​របស់ខ្លួន គណបក្ស​ប្រជាជន​ម៉ុង​ហ្គោ​លី​មិនមាន​នយោបាយ​អ្វី​ធំដុំ​នោះទេ​។ ខណៈដែល​រដ្ឋាភិបាល​មុន មាន​បំណុល​យ៉ាង​ក្រាស់ក្រែល​នោះ​រដ្ឋាភិបាល​ថ្មី នឹង​មិនមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​គម្រោង​ធំៗ​នោះទេ​។​

​ការបោះឆ្នោត​សភា​នៅ​ម៉ុង​ហ្គោ​លី បានទទួល​ការ​សាទរ ពី​អ្នក​អង្កេត​ការណ៍​មកពី អង្គការ OSCE និង​សភា​អឺរ៉ុប​ទៀតផង​។ ក្នុង​របាយការណ៍​បឋម​របស់ខ្លួន បេសកកម្ម​ទាំងពីរ​បញ្ជាក់ថា នៅ​ថ្ងៃ​បោះឆ្នោត ដំណើការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ក្នុង​បរិយាកាស​ប្រកួតប្រជែង​។ ប៉ុន្តែ របាយការណ៍​នេះ ក៏បាន​រិះគន់​ចំពោះ​ការកែប្រែ​ច្បាប់បោះឆ្នោត​ដែល​ធ្វើឡើង​នៅ​ជិត​ពេល​បោះឆ្នោត ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​ដំណើការ​ប្រជាធិបតេយ្យ​នៅ​ម៉ុង​ហ្គោ​លី​ផងដែរ​៕

13528865_1134111469978918_1358464229231378915_n​    ​