ព្យុះ​ភ្លៀង​ខ្យល់​កន្ត្រាក់​រលំ​ដើម​ឈើ​សង្កត់​ខ្ទម​ចម្ការ​ស្លាប់​ម្ដាយ​កូន​ និង​របួស​ធ្ងន់​ស្រាល​៤​នាក់

ព្យុះ​ភ្លៀង​ខ្យល់​កន្ត្រាក់​រលំ​ដើម​ឈើ​សង្កត់​ខ្ទម​ចម្ការ​ស្លាប់​ម្ដាយ​កូន​ និង​របួស​ធ្ងន់​ស្រាល​៤​នាក់



ស្ទឹងត្រែង​ ៖ ​ប្រជាពលរដ្ឋ​ធ្វើ​ចម្ការ​ចំនួន​៧​នាក់ ខណៈ​មាន​ព្យុះ​ភ្លៀង​ផ្គរ​រន្ទះ​លាយឡំ​ និង​ខ្យល់​កន្ត្រាក់​ផង​នោះ​ បាន​នាំគ្នា​ចូល​ជ្រក​ភ្លៀង ត្រូវ​បាន​ដើម​ឈើ​មួយ​ដើម ដែល​នៅ​ក្បែរ​ខ្ទម​ចម្ការ​រលំ​សង្កត់​ពី​លើ​ធ្វើឲ្យ​ម្ដាយ​កូន​២​នាក់​បាន​ស្លាប់,​ ម្នាក់​របួសធ្ងន់ ​និង​៤​នាក់​ផ្សេង​ទៀត របួស​ស្រាល​ កាលពី​វេលា​ម៉ោង​១៦​ល្ងាច ​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ស្រែ​អូរ​ក្រាញ់ ភូមិ​កំពុង​ប៉ាង ឃុំ​កាំងចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​​ ទី១​. ឈ្មោះ​ផាន់ សំណាង ​ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ (​ម្ដាយ​ស្លាប់​)​​​ ទី​២​. ឈ្មោះ​សាត រស្មី ​ភេទ​ស្រី ​អាយុ​៨​ឆ្នាំ​(​កូន​ស្លាប់​)​ និង​៣. ​ឈ្មោះ​ផាន់ សាណូ ​ភេទ​ស្រី ​អាយុ​២២​ឆ្នាំ ជា​ប្អូន ​(​របួស​ធ្ងន់)។ ចំណែក​៤​នាក់​ផ្សេងទៀត​របួសស្រាល ជនរងគ្រោះ​ទាំងនោះ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ល្ងាច​កើតហេតុ​ គេ​បាន​ឃើញ​មេឃងងឹត ​ហើយ​ក៏​មាន​ព្យុះភ្លៀង​ផ្គរ​រន្ទះ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ផង​នោះ ជនរងគ្រោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជ្រក​ភ្លៀង ​ក្នុង​ខ្ទម​ចាំ​ចម្ការ​មួយ​ ដែល​មាន​ដើមឈើ​ធំ​មួយ​នៅ​ក្បែរ។ ខណៈ​នោះ​ ស្រាប់តែ​​ដើមឈើ​បាន​ដួល​រលំ ​មក​លើ​ខ្ទម​សង្កត់​ជនរងគ្រោះ បណ្ដាលឲ្យ​ម្ដាយ​កូន​២​នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ប្អូនស្រី​ម្នាក់​បាក់​ដៃ​របួស​​ធ្ងន់។ ចំណែក​៤​នាក់​ផ្សេងទៀត​របួសស្រាល។

លោក​បន្ត​ថា ​ក្រោយ​​ពេល​កើត​ហេតុ​ ជនរងគ្រោះ​របួស​ធ្ងន់​ និង​ស្រាល​ ត្រូវ​បាន​ក្រុម​គ្រួសារ​ រួម​ជាមួយ​សមត្ថកិច្ច​ នាំគ្នា​ដឹកជញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់។ ចំណែក​​​សព​សមត្ថកិច្ច​បាន ពិនិត្យ​ទៅ​លើ​ហេតុការណ៍​នោះ បាន​រក​ឃើញ​ថា​ ជនរងគ្រោះ​ម្ដាយ​កូន​ពិតជា​ស្លាប់​ដោយសារ​ដើមឈើ​សង្កត់​ពិតប្រាកដ​មែន និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​គ្រួសារ​រងគ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ព្យុះ​ភ្លៀង​ខ្យល់​កន្ត្រាក់​រលំ​ដើម​ឈើ​សង្កត់​ខ្ទម​ចម្ការ​ស្លាប់​ម្ដាយ​កូន​ និង​របួស​ធ្ងន់​ស្រាល​៤​នាក់