តៃវ៉ាន់​​បាញ់​មី​ស៊ីល​​តម្រង់​​​​ទៅ​​​ចិន រួច​ប្រាប់ថា ច្រឡំ?

កង​ម៉ា​រី​ន​តៃវ៉ាន់​និយាយ​ថា នាវាចម្បាំង​របស់​តៃវ៉ាន់​មួយ​គ្រឿង ​បាន​បាញ់​ច្រឡំ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​មួយ​តម្រង់​ទៅ​កាន់ ប្រទេស​​ចិន ខណៈ​ចិន​នឹង​តៃវ៉ាន់​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា ។ មី​ស៊ី​ល​ផលិត​ក្នុងស្រុក​ឈ្មោះ Hsiung-feng III បាន​ហោះ​ចម្ងាយ​ប្រមាណ​ជា​៤៥​ម៉ា​យ មុន​ពេល​ធ្លាក់​ចូល​ក្នុង​ទឹក​កោះ Penghu ដែល​ជា​កោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​តៃវ៉ាន់ ។ 

កង​ម៉ា​រី​ន​តៃវ៉ាន់​និយាយ​ថា ក្នុង​ពេល​ភ្លាម​ៗ​នេះ​វា​មិន​ច្បាស់​ថា តើ​មី​ស៊ី​ល​នោះ​អាច​បាញ់​ដោយ​ចេតនា ឬ​ក៏​ដោយ​ការ​ច្រឡំ​របស់​មនុស្ស​ឡើយ ។ ឧត្តមនាវី Mei Chia shu ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​ស្រាវជ្រាវ​ក្នុង​ជំហាន​ដំបូង​របស់​យើង​បាន​បង្ហាញ​ថា ប្រតិបត្តិការ​នេះ​ពុំ​មែន​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ធម្មតា​ឡើយ​។ លោក​បន្ថែម​ថា ការ​ស្រាវជ្រាវ​កំពុង​បន្ត ។

មី​​ស៊ី​ល​នោះ​ត្រូវ​បាន​បាញ់​នៅ​វេលា​ម៉ោង ៨​និង​១០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ចេញពី​នាវា​បាញ់​មី​ស៊ី​ល​ចំណុះ​៥០០​តោន​១​គ្រឿង​ពី​មូលដ្ឋាន​នាវាចរ​ណ៏​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង Tsoying ហើយ​ហោះ​សំដៅ​ទៅ​ប្រទេស​ចិន ។ បណ្តា​ឧទ្ធម្ភាគចក្រ និង​នាវា​ត្រូវ​បា​នប​ញ្ចូ​ន​ដើម្បី​តាម​រក​មី​ស៊ី​ល​នោះ ។ លោក Mai បន្ថែម​ថា កង​យោធា​ចាត់​ទុក​ព័ត៌មាន​នេះ​ថា ជា​រឿង​សន្តិសុខ​ជាតិ​ដ៏​សំខាន់ ។ 

ក្រុមប្រឹក្សា​កិច្ចការ​តៃវ៉ាន់​ទទួល​បន្ទុក​នយោបាយ​ចិន​បដិសេធ​មិន​និយាយ​ថា ឧបទ្ទវ​ហេតុនេះ​ត្រូវ​បាន​រាយការណ៍​ប្រាប់​ក្រុង​ប៉េ​កាំ​ង​ឬ​យ៉ាងណា​ឡើយ ។ ការ​ទាក់ទង​គ្នា​ជា​ផ្លូវការ​រវាង​ក្រុមប្រឹក្សា​នោះ និង​សម​ភាគី​ចិន​ត្រូវ​បាន​ផ្អាក​ដោយ​ក្រុង​ប៉េ​កាំ​ង ដោយសារ​តែ​រដ្ឋាភិបាល​តៃវ៉ាន់​បដិសេធ​មិន​ទទួលស្គាល់​ទស្សនៈ​ចិន​តែ​មួយ ៕