ទារិកា វ័យចំណាស់ជាងគេ កើតចេញពីអំប្រ៊ីយ៉ុងកក អាយុ ១៨ឆ្នាំ

ចិន៖ ទារិកាមួយរូប ដែលត្រូវបានគេទុកជិត ២ទសវត្សរ៍ បានទទួលជោគជ័យហើយនៅក្នុងការចាប់កំណើត កាលពីសប្ដាហ៍កន្លងទៅនេះ នៅក្នុងប្រទេសចិន។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទារិកាដែលមិនទាន់មានឈ្មោះនេះ ត្រូវបានបង្កើតឡើងដោយ អំប្រ៊ីយ៉ុងកក ដែលមានអាយុកាល ១៨ឆ្នាំ ក្នុងមន្ទីរពេទ្យមួយកន្លែង នៅសៀងហៃ។ ទារិកានេះ មានទម្ងន់៣.៣ គីឡូក្រាម និងនាងជាកូនស្រីដំបូងរបស់ស្ដ្រី ចំណាស់វ័យ ៤៥ឆ្នាំម្នាក់ ដែលបានសម្រាលនាង កាលពីថ្ងៃទី ២៧ ខែមិថុនាមុននេះ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា ទារិការូបនេះ បានបំបែកកំណត់ត្រាជាតិ ខណៈដែលកាលពី ពីរសប្ដាហ៍មុន ទារកម្នាក់បានចាប់កំណើត ដោយប្រើអំប្រ៊ីយ៉ុងកក អាយុកាល ១២ឆ្នាំ។

អ្នកស្រី Huang Qiong ដែលជាម្ដាយរបស់នាង បាននិយាយឲ្យដឹងថា រូបគាត់សម្រេចចិត្ដ យកអំប្រ៊ីយ៉ុងធ្វើការក្លាស្សេទុក កាលពីឆ្នាំ ១៩៩៨ ដោយសារតែគាត់មាន បញ្ហាក្នុងការមានផ្ទៃពោះ។ ក្នុងអំឡុងពេលនោះ គាត់មានវ័យត្រឹមតែ ២៧ឆ្នាំប៉ុណ្ណោះ និងគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថា ដៃស្បូនទាំងពីររបស់គាត់មានបញ្ហា ទើបគាត់ទទួលការព្យាបាល នៅឯផ្នែកសម្ភពស្ដ្រី ក្នុងសាកលវិទ្យាល័យពេទ្យមួយ ក្នុងសៀងហៃ។

យ៉ាងណាមិញ ក្រោយមក រូបគាត់ក៏ធ្លាប់ធ្វើការសាកល្បង ជាមួយនឹង អំប្រ៊ីយ៉ុងកក ២ផ្សេងទៀត តែបែរជាបរាជ័យទាំងពីរលើក។ រហូតមកដល់ ឆ្នាំ២០១៥ មិត្ដភិក្ដរបស់គាត់ ដែលទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យដូចគ្នា បានទទួលជោគជ័យ ក្នុងការពរពោះមានផ្ទៃពោះកូនភ្លោះ។ ដោយឃើញសភាពបែបនេះ ទើបជម្រុញឲ្យអ្នកស្រី ហ៊ានសាកល្បងម្ដងទៀត និងចាប់ផ្ដើមប្រើ អំប្រ៊ីយ៉ុងកក ដែលដាក់ក្នុងអាសូតរាវ និងស្ថិតនៅក្រោម -១៩៦អង្សាសេ ទើបមកដល់ខែវិច្ឆិកា អ្នកស្រីក៏មានផ្ទៃពោះ និងបានសម្រាលកូនស្រី កាលពីថ្ងៃច័ន្ទមុននេះ។

គួរបញ្ជាក់ថា បើតាម ការិយាល័យសុខាភិបាលក្រុងសៀងហៃ បានបង្ហាញឲ្យដឹងថា អំប្រ៊ីយ៉ុងរបស់មនុស្ស ត្រូវបានរក្សាឲ្យកក រហូតដល់ ៥ឆ្នាំ និងខាងមន្ទីពេទ្យ នៅតែរក្សាសន្យាថា នឹងរក្សាអំប្រ៊ីយ៉ុង ដែលកកនេះជារៀងរហូត ប្រសិនជាឪពុកម្ដាយមិនបញ្ឈប់កុងត្រាក្នុងការបោះបង់ពួកវាចោល៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួរបញ្ជាក់ថា បើប្រៀបធៀបនៅក្នុងពិភពលោក ទារិកាខាងលើ មិនទាន់ក្លាយជាទារិកា ដែលចាស់ជាងគេនោះទេ ដែលកាលពីមុន ក៏មានទារកកើតចេញពីអំប្រ៊ីយ៉ុងកក 

គួររំលឹកថា លោក Alex Powell ដែលជាជនជាតិអូស្ដ្រាលី បានសម្រេចចិត្ដ យកទឹកកាមរបស់ខ្លួន ទៅក្លាស្សេ ក្រោយពីដឹងថា ខ្លួនមានជំងឺមហារីកដ៏កម្រមួយ កាលពីអាយុ ១៥ឆ្នាំ និងទឹកកាមរបស់លោក Alex Powell បានក្លាស្សេអស់រយៈពេល ២៣ឆ្នាំ ដែលក្លាយជាទឹកកាម ដ៏ចំណាស់ជាងគេ និងទឹកកាមនេះ នៅមានលទ្ធភាព អាចបង្កបង្កើត បានជាកូនប្រុសរបស់គាត់ ដែលនាពេលនេះ ទារកនេះ មានអាយុប្រហែលជា ១ឆ្នាំហើយ និងឈ្មោះថា Xavier Powell ។ ម្យ៉ាងវិញទៀត ករណីមួយនេះ បានបំបែកឯកត្តកម្មពិភពលោក Guinness World Records ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទារិកា វ័យចំណាស់ជាងគេ កើតចេញពីអំប្រ៊ីយ៉ុងកក អាយុ ១៨ឆ្នាំ
រូបភាព ទារិកា ដែលបង្កកំណើតពី អំប្រ៊ីយ៉ុងមានអាយុកាល ១៨ឆ្នាំ

ទារិកា វ័យចំណាស់ជាងគេ កើតចេញពីអំប្រ៊ីយ៉ុងកក អាយុ ១៨ឆ្នាំ

ទារិកា វ័យចំណាស់ជាងគេ កើតចេញពីអំប្រ៊ីយ៉ុងកក អាយុ ១៨ឆ្នាំ
រូបភាព ដែលគេក្លាស្សេអំប្រ៊ីយ៉ុងក្នុងអាសូតរាវ និងស្ថិតនៅក្រោម-១៩៦អង្សាសេ

ទារិកា វ័យចំណាស់ជាងគេ កើតចេញពីអំប្រ៊ីយ៉ុងកក អាយុ ១៨ឆ្នាំ