ផ្លូវជាតិ និង​ផ្លូវ​លំ​នានា ក្នុង​ក្រុងប៉ៃលិន កំពុង​វាយលុក​ដោយ​ដី​មិន​អាច​គ្រប់គ្រង​

ផ្លូវជាតិ និង​ផ្លូវ​លំ​នានា ក្នុង​ក្រុងប៉ៃលិន កំពុង​វាយលុក​ដោយ​ដី​មិន​អាច​គ្រប់គ្រង​



ប៉ៃលិន ​៖​ ភាព​អនាធិបតេយ្យ​ ដោយសារ​រថយន្ត​ដឹក​ដី​ជ្រុះ​រាយប៉ាយ នៅ​តាម​បណ្ដា​ផ្លូវ​នានា​មួយ​ចំនួន​នៅ​ក្នុង​ក្រុងប៉ៃលិន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន ក៏ដូចជា ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​ប៉ៃលិន ដែល​គេ​មើល​ទៅ​ហាក់បីដូចជា មិន​អាច​គ្រប់គ្រង​បាន។ ដី​ចេះតែ​កក​នៅ​ពេញ​ផ្លូវ ទោះបី​មានការ​បោសសម្អាត ជាប្រចាំ​ក្ដី។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៦ នេះ រថយន្ត​ដឹក​ដី ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ តា​ប៉ា​រាំង បាន​ដឹក​ដី​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវ​ជាតិ​លេខ​៥៧ និង​ផ្លូវ​ជាតិ​លេខ​១០​ចាស់ ស្ថិត​ក្បែរ​ក្បាលស្ពាន​អូរ​ច្រា ក្នុង​ភូមិ​អូរ​ច្រា​លិ​ន សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ដែល​ធ្វើ​ឱ្យ​ក្រុងប៉ៃលិន បំពុល​ដោយ​ធូលី​ដី។ បើ​តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ខាងលើ បាន​ធ្វើការ​រិះ​គន់​ចំៗ​ថា ម្ចាស់​រថយន្ត​ទាំងនោះ​ហាក់​បី​ដួច​ជា​មិន​យល់​ពី​បញ្ហា​បរិស្ថាន​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ធូលី​ដី ដែល​វាយលុក​ក្នុង​ក្រុងប៉ៃលិន គឺ​មាន​មូលហេតុ​ជាច្រើន​យ៉ាង ហើយ​រថយន្ត​ទាំងនោះ គេ​ក៏​មិន​អាច​គ្រប់គ្រង​បាន ដោយសារតែ​រថយន្ត​ទាំងនោះ​ដឹក​ដី​ចូល​ទីក្រុង​ប៉ៃលិន ប្រណាំង​ជាមួយ​អ្នកដំណើរ​ទោចក្រយានយន្ត និង​ប្រជែង​ជាមួយ​ភ្ញៀវ​ទេសចរ ហើយ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ បាន​ជ្រុះ​ពាសពេញ​ផ្លូវ។ បើ​តាម​ប្រជាពលរដ្ឋ បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា​ ៖​ ផ្លូវ​នានា​ក្នុង​ខេត្ត​ប៉ៃលិន គឺជា​ទម្លាប់​ទៅ​ហើយ ដែល​ពោរពេញ​ទៅ​ដោយ​ធូលី​ដី ហើយ​ដី​ដែល​ជ្រុះ​ជាប់​ពេញ​ផ្លូវ​យ៉ាង​ក្រាស់ឃ្មឹក មិនមែន​ទើបតែ​កើតឡើង​មួយថ្ងៃ ឬ​មួយ​ខែ​នោះ​ឡើយ គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ​ទៅ​ហើយ។ បើសិនជា​ខ្យល់​បក់​ម្ដងៗ ក្នុង​ក្រុង​ទាំងមូល​ហាក់បីដូចជា​ព្យុះ​ខ្សាច់​បោកបក់​យ៉ាង​ងងឹត​មើលផ្លូវ​ស្ទើរ​ពុំ​ឃើញ ដែល​ករណី​នេះ​វា​ធ្វើ​ឲ្យ​ក្រុងប៉ៃលិន ពោរពេញ​ដោយ​ធូលី​ដី មិន​ស្អាត និង​មិន​សក្ដិសម​ជា​ក្រុង​ស្អាត​នោះ​ឡើយ។

ពាក់ព័ន្ធ​ករណី​នេះ ដែរ ម្ចាស់​រថយន្ត​ឈ្មោះ តា​ប៉ា​រាំង បាន​ឲ្យ​ដឹង​ថា លោក​មិនបាន​ដឹង​ថា រថយន្ត​ដឹក​ដី​របស់​លោក​ជ្រុះ​ដី ពេញ​ផ្លូវ​នោះ​ទេ ហើយ​បើ​មាន​លោក​នឹង​បញ្ជា​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹង​ដី​របស់​លោក​ទាំងអស់​ពិនិត្យ​ឡើងវិញ មុន​នឹង​ដឹក​ដី​ឡើងលើ​ផ្លូវ​ជាតិ ព្រមទាំង​ពិនិត្យមើល​គន្លឹះ​រថយន្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​ជ្រុះ​ដី​នេះ លោក​នឹង​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ផង​ដែរ៕
ផ្លូវជាតិ និង​ផ្លូវ​លំ​នានា ក្នុង​ក្រុងប៉ៃលិន កំពុង​វាយលុក​ដោយ​ដី​មិន​អាច​គ្រប់គ្រង​