CNRP បញ្ចប់​កិច្ចប្រជុំ​នៅ​ហ្វីលីពីន​តែ​មិន​បាន​បញ្ជាក់​លទ្ធផល

ភ្នំពេញៈ កិច្ចប្រជុំពិសេសរបស់គណបក្សប្រឆាំងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនបានបញ្ចប់ហើយកាលពីម្សិលមិញប៉ុន្តែមន្ត្រីគណបក្សនេះមិនបានប្រាប់ពីលទ្ធផលជាក់លាក់ណាមួយទេដោយគ្រាន់តែបញ្ជាក់ជាថ្មីថាបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំនេះគណបក្សនឹងកោះប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់បក្សនៅថ្ងៃនេះខណៈដែលសេចក្ដីប្រកាសរបស់គណបក្សថាកិច្ចពិភាក្សាផ្ដោតលើការវិភាគ និងវាយតម្លៃលើស្ថានភាពនយោបាយ។

នៅក្នុងកិច្ចប្រជុំជាមួយសមាជិក ៥៧ នាក់ និងតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិទៅពីកម្ពុជាកាលពីថ្ងៃពុធលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់សមាជិករបស់លោកអំពីលទ្ធផលនៃបេសកកម្មនយោបាយរបស់លោកនៅបរទេសដែលបានជួបជាមួយសហគមន៍ខ្មែរសកម្មជនគណបក្សសង្គ្រោះជាតិ និងនយោបាយការទូតជាមួយសហគមន៍អន្តរជាតិហើយជាងនេះទៀតកិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរអំពីស្ថានភាពនយោបាយបច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញដោយជម្រាបអំពីកិច្ចប្រជុំពិសេសជាមួយលោក សម រង្ស៊ី និងគណៈប្រតិភូសំខាន់ៗរួមមានតំណាងរាស្រ្តលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក អ៊ូ ចាន់រិទ្ធ និងលោកស្រី មូរ សុខហួរ។

សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា៖ «កិច្ចពិភាក្សានោះផ្តោតសំខាន់លើការវិភាគ និងវាយតម្លៃលើស្ថានភាពនយោបាយបច្ចុប្បន្ន និងសកម្មភាពផែនការយុទ្ធសាស្រ្តដែលនឹងត្រូវយកទៅពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់បក្សនៅថ្ងៃទី ១ កក្កដា» នេះ។

ទាក់ទិននឹងវប្បធម៌សន្ទនាគណបក្សសង្គ្រោះជាតិនៅតែទទូចជួបជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយអះអាងថាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅតែទទូចចង់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាខណៈគណបក្សប្រជាជនកម្ពុជាមិនអើពើចំពោះបញ្ហានេះ។

សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី លោក ទាវ វាន់ណុល បានប្រាប់អ្នកគាំទ្ររាប់រយនាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា៖ «យើងនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ និងសកម្មជន [គណបក្សសង្គ្រោះជាតិ] ពីបណ្តាខេត្តនានាមកប្រមូលផ្តុំគ្នានៅទីនេះដើម្បីតាមដានស្ថានភាពនយោបាយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិរហូតទាល់តែកម្តៅនយោបាយមានបរិយាកាសធម្មតា និងទាល់តែរាជរដ្ឋាភិបាលគោរពអភ័យឯកសិទ្ធិតំណាងរាស្រ្ត»។

ទោះជាយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបញ្ជាក់ជាថ្មីថាគណបក្សប្រជាជនកម្ពុជាមិនផ្លាស់ប្តូរជំហរហើយត្រឡប់ទៅរកការចរចាជាមួយគណបក្សសង្គ្រោះជាតិទេ។

លោកបានបន្ដថាមិនមានការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិទេលុះត្រាតែគណបក្សសង្គ្រោះជាតិទទួលយកសេចក្តីសម្រេចរបស់តុលាការ។

លោក សុខ ឥសាន បានបន្ថែមថា៖ «គណបក្សប្រឆាំងមានការជួបប្រជុំគ្នាវាជារឿងរបស់គាត់។ គណបក្សប្រជាជនមិនផ្លាស់ប្តូរជំហរទៅរកការចរចាទេ។ [ខ្ញុំ] សូមផ្ញើសារត្រឡប់ទៅវិញ…ប្រសិនបើ [គណបក្សសង្គ្រោះជាតិ] ចង់បញ្ចប់បញ្ហាសូមឲ្យអ្នកធ្វើខុសច្បាប់ទៅតុលាការ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍