ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​អះអាង​ថា​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​នេសាទ

ពលរដ្ឋ​រស់នៅ​ឃុំ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​រដូវ​ត្រី​ពង​នោះ​ទេ ខណៈ​ទូក​អ្នក​នេសាទ​រាប់​រយ​ទូក​បាន​សម្រុក​នេសាទ នៅ​តាម​ដង​ទន្លេ​មេគង្គ មុខ​កោះ​ស្រឡាយ រហូត​ទល់​កោះ​សំពាយ ស្រុក​សៀមបូក។

ពលរដ្ឋ​រស់នៅ​ភូមិ ស្មា​កោះ​ឃុំ​កោះស្រឡាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កក្កដា ថា ប្រភេទ​ត្រី​មេ​ពូជ​ជា​ច្រើន​ប្រភេទ​ដែល​ច្រាល​ឡើង​នៅ​ខែវស្សា​នេះ ប្រឈម​នឹង​ដាច់​ពូជ​បន្ទាប់​ពី​អ្នក​នេសាទ​បាន​ដាក់​មង​រាំង​ខ្ទប់​ទន្លេ រារាំង​ការ​បន្លាស់​ទី​ត្រី​ទាំង​នោះ​ទៅ​រក​កន្លែង​ពង​កូន។

ពលរដ្ឋ​រស់​នៅ​ឃុំ​កោះស្រឡាយ លោក ណាក់ សុផានិត ឲ្យ​ដឹង​ថា ចាប់​ពី​ចុង​ខែ​មិថុនា រហូត​មក មង​អ្នក​នេសាទ​ភាគ​ច្រើន​ជា​របស់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម មាន​ប្រវែង​ចាប់​ពី ២០០​ម៉ែត្រ​ទៅ ៣០០​ម៉ែត្រ ជម្រៅ ៨​ម៉ែត្រ ទៅ ១០​ម៉ែត្រ ត្រូវ​គេ​ដាក់​ស្អេកស្កះ​នៅ​តំបន់​ដែល​ត្រី​មេ​ពូជ​ច្រាល​ឡើង​ដើម្បី​ពង​កូន។  លើស​ពី​នេះ ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​មាន​ទំហំ​ពី ៣​គីឡូ​ដល់​ជាង ២០​គីឡូ ដូចជា​ត្រី​ព្រួល ត្រី​ក្អែក និង​ត្រី​ត្រសក់​ជាដើម។

លោក​កត់សម្គាល់​ថា អ្នកនេសាទ​ម្នាក់ៗ អាច​ចាប់​ត្រី​បាន​ចាប់ពី ១​រយ​គីឡូក្រាម ដល់ ជិត​១​តោន ហើយ​ត្រី​ទាំងនោះ​ភាគច្រើន​សុទ្ធ​តែ​មាន​ពង៖ «ខ្ញុំ​ក៏​មិន​ពេញចិត្ត​ដែរ​បង ឃើញ​អ៊ីចឹង​ជនជាតិ​វៀតណាម មក​បំផ្លាញ​ក្នុង​ទន្លេ​របស់​យើង។ អាជ្ញាធរ​សមត្ថកិច្ច​អត់​ចុះ​មក​រវល់​ការ​នេសាទ​ខុសច្បាប់​នេះ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​កោះស្រឡាយ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​នេសាទ​ត្រី​នៅ​រដូវ​ត្រី​ពង​កូន​នោះ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ធនធាន​ជលផល​កាន់តែ​ធ្លាក់​ចុះ៖ «ឆ្នាំ​ក្រោយ​អត់​មាន​ត្រី​ទេ បើ​ត្រី​អស់​ហើយ ម្នាក់ៗ​បាន​រាប់​រយ​គីឡូ​អ៊ីចឹង។ អាជ្ញាធរ​ប្រហែលជា​គាត់​មើល​មិន​ឃើញ សូម​ឲ្យ​គាត់​ក្រឡេក​មើល​ផង ដូចជា​ចៅហ្វាយ​ខែត្រ​នៅ​ហ្នឹង»

នេសាទ ស្ទឹងត្រែង ៨៥៥
ទូក​នេសាទ​របស់​អ្នក​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ ទល់​មុខ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Men Sothyr

ឆ្លើយតប​រឿង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​ស្ទឹងត្រែង លោក ទំ នីរ៉ោ បញ្ជាក់​ថា ទោះបីជា​រដូវ​បិទ​នេសាទ​ក្តី តែ​ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន ដូចជា​មង​មាន​ប្រវែង​មិន​លើស​ពី ១០០​ម៉ែត្រ។ លោក​ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​ខ្លះ​នៅ​តែ​លួចលាក់​នេសាទ​បណ្ដែត​មង​លើស​ច្បាប់​អនុញ្ញាត ខណៈ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ផាក​ពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​ហូរហែ​ក្តី៖ «ចាប់​ម៉េច​ក៏​មិន​អស់​ដែរ ដូច​យើង​វែក​ចក​ដែល​រាល់​ថ្ងៃ ទៅ​មុខ​ទៅ​ខាង​ក្រោយ​អ៊ូ​មក។ ទាល់​តែ​មាន​ការ​ចូលរួម​ពី​ពួកគាត់​ទាំង​អស់​គ្នា»

មន្ត្រី​សម្របសម្រួល​គម្រោង​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន បារម្ភ​ថា ប្រភេទ​ត្រី​កម្រ​នៅ​ដង​ទន្លេ​សេសាន មេគង្គ ទន្លេ​ស្រែពក និង​ទន្លេ​សេកុង អាច​នឹង​ផុត​ពូជ​បើ​អ្នកនេសាទ​នៅ​តែ​បន្ត​ប្រើ​ឧបករណ៍​នេសាទ​រាំង​ខ្ទប់​ដំណើរ​ត្រី​ទាំង​នោះ។ លោក​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គួរ​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​នេសាទ​ជា​បន្ទាន់ និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ជលផល​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ការ​បង្ក​កំណើត​ត្រី​មេ​ពូជ​នៅ​រដូវ​វស្សា​នេះ៖ «ដើម្បី​ឲ្យ​ពួកគាត់​បាន​ដឹង​ផង នៅ​រដូវ​ត្រី​ពង​កូន​សូម​កុំ​នេសាទ​អនាធិបតេយ្យ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ។ សូម​មេត្តា​ជួយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ផង​បាទ!»

មន្ត្រី​ជំនាញ​ជលផល​រក​ឃើញ​ថា ត្រី​ព្រួល ត្រី​ក្អែក និង​ត្រី​ត្រសក់​ជាដើម បាន​ច្រាល​ឡើង​នៅ​រដូវ​វស្សា​នៅ​ពេល​ទឹក​ឡើង ដើម្បី​រក​ទីតាំង​ជ្រក​សម្រាប់​ពង​កូន។

លោក ឯក ចំរើន ឲ្យ​ដឹង​ទៀត​ថា មាន​ឧបសគ្គ​ច្រើន​នាំ​ឲ្យ​ចំនួន​ត្រី​កម្រ​ថយ​ចុះ គឺ​ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​នេសាទ​ខុសច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​ការ​អភិរក្ស​នៅ​អន្លង់​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។