អ្នក​រត់​ម៉ូតូ​ឌុប​ឆ្លៀតឱកាស​លក់​ថ្នាំញៀន​ ត្រូវ​ប៉ូលិស​ក្របួច​ចូល​គុក​

អ្នក​រត់​ម៉ូតូ​ឌុប​ឆ្លៀតឱកាស​លក់​ថ្នាំញៀន​ ត្រូវ​ប៉ូលិស​ក្របួច​ចូល​គុក​



ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​រត់ម៉ូតូ​ឌុប​ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ថ្មី​ ធ្វើការ​ឃាត់ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦​ ខណៈ​ពេល​រូប​គាត់​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យ​ក្មេង​ស្ទាវ​ញៀន​ថ្នាំ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃទី​០១​ ខែកក្កដា​នេះ​ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពី​សកម្មភាព​អ្នក​រត់ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ​ពេជ្រ សុធី ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ដែល​កំពុង​លក់​ថ្នាំញៀន​ក្បែរ​ផ្ទះ​របស់​គាត់។

ប៉ូលិស​បាន​បន្ត​ថា ពេល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាមៗ​មក​នោះ ​កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ចំណុច​ដែល​ប្រជា​ពលរដ្ឋ​រាយការណ៍​ ក៏​ប្រទះឃើញ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ដូច​សេចក្តី​រាយការណ៍​ ហើយ​ធ្វើការ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​ឌុប​នោះ ​ទៅ​រក​ឃើញ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​ និង​ម៉ូតូ​សង់​កូរ៉េ ​ដែល​ជនសង្ស័យ​ជិះ​សម្រាប់​ដឹក​អ្នកដំណើរ​បន្ត​ឲ្យ​លក់​ថ្នាំញៀន​ផង។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា ជន​នេះ​បាន​លក់​ថ្នាំ​ញៀន​ជា​យូរ​មក​ហើយ ហើយ​ម៉ូយ​របស់​គាត់ ​គឺជា​ក្មេង​ស្ទាវ​រស់នៅ​ក្នុង​ភូមិ​ចំពុះក្អែក​នេះ​តែ​ម្តង​៕