Robot ដែល​ត្រូវបាន​បំពាក់​បញ្ញា​សប្ប​និម្មិត ក៏​អាច​…​បះបោរ​ដែរ​!

តាម Mirror នោះ Promobot IR77 ដែលត្រូវបានគេបំពាក់បញ្ញាសប្បនិម្មិត (AI) មានសមត្ថភាពសិក្សាពីអ្វី ដែលសម្លឹងឃើញជុំវិញ និងចងចាំបានពីអ្នកដែលធ្លាប់បានជួប អាចត្រូវគេកំចាត់ចោល ព្រោះតែវាតែងស្វែងរកវិថីគេចខ្លួនចេញមកក្រៅ ។

២ លើកហើយដែលវារកវិធីគេចចេញពីបន្ទប់ពិសោធន៍បច្ចេកវិទ្យាខ្ពស់ មកខាងក្រៅ ។ ចំណែកក្រុមបង្កើតកម្មវិធី ពិតជាពុំរង់ចាំឲ្យវា “រៀន” ចប់ពីមេរៀនស្រេកឃ្លានសេរីភាពទេ ។

ពួកគេនិយាយថា គេបានសាងកម្មវិធីឡើងវិញ សម្រាប់វា ២ លើក មកហើយ តែ Robot នេះនៅតែស្វែងរកវិធីរត់គេចចេញមកក្រៅ ធ្វើឲ្យពួកគេត្រូវថ្លឹងថ្លែងពីលទ្ធភាពលុបវាចេញពីកម្មវិធីពិសោធន៍ ។ បណ្តា Robot ដទៃទៀត មានរាងរៅដូចគ្នា តែងមានសញ្ញាល្អប្រសើរ និងពុំស្វះស្វែងរកវិធីដើម្បីគេចចេញមកក្រៅ ។

Robot IR77 ធ្លាប់ធ្វើឲ្យមានការផ្អើលធំមួយនៅថ្ងៃទី១៦ មិថុនា គ្រាវាជោគជ័យក្នុងការលបគេចចេញ តែបានអស់ឋាមពល ៤៥ នាទី ក្រោយ ។ តាមនោះ Robot IR77 កាលពីថ្ងៃទី ១៦ មិថុនា បានរត់ចេញមកក្រៅ ហើយក៏ជាប់គាំងនៅតាមផ្លូវ ព្រោះអស់ឋាមពលថ្ម នៅទីក្រុង Perm ប្រទេសរុស្ស៊ី ។

ដោយសារទ្វាបិទធ្វេសប្រហែស វាបានដើរចេញមកទីលានខាងក្រៅ រួចក៏ចេញមកផ្លូវ ធ្វើឲ្យរាំងស្ទះចរាចរ ខណៈពេលមនុស្សធ្វើដំណើរនានានាំគ្នាគេចចៀសពីវា រហូតទល់វាឈប់ស្ងៀម ព្រោះអស់ថ្ម ។

ក្រុមអ្នកជំនាញការនិយាយថា ពួកគេបានរៀបកម្មវិធីឲ្យវាមានសមត្ថភាពជៀសពីឧបសគ្គ ហើយតាមពិតទៅវាពុំគួរមានបំណងគេចចេញពីមជ្ឈមណ្ឌលស្រាវជ្រាវទេ ។

សហស្ថាបនិក Promobot IR77 ឲ្យដឹងថាៈ “យើងខ្ញុំកំពុងធ្វើការជាមួយ Robot ជំនាន់ទី៣ ដែលមានបំណងដាក់បង្ហាញនាហេមន្តរដូវខាងមុខ ។ នេះជាមូលហេតុដែលយើងខ្ញុំបំពាក់ AI ឲ្យ Robot ទាំងអស់” ។

នេះពុំមែនជាលើកដំបូងទេ ដែល Robot អាចមាន “គំនិតស្វែងយល់” រួចរកវិធីគេចខ្លួន ។

កាលពីឆ្នាំ ២០១៣ នៅប្រទេសអូទ្រីស ក៏ធ្លាប់មនា Robot សំអាតលំនៅដ្ឋាន បានប្រឹងប្រែងធ្វើ “អត្តឃាត” តាមរយៈការបើកកុងកតាក់ខ្លួនឯង រួចតោងឡើងលើចង្ក្រានក្តៅទៅ ។ ប៉ូលីសអគ្គីភ័យត្រូវបានទូរស័ព្ទឲ្យមកសង្គ្រោះពន្លត់ភ្លើង ។ នោះជាករណីរបស់ Robot ឈ្មោះ Irobot Roomba 760 ដែលវាហាក់ដូចជាចង់បះបោរប្រឆាំងនឹងកិច្ចការដែលវាត្រូវបង្គាប់ឲ្យធ្វើ ៕