វិចារណកថា៖ គ្រឿងញៀនកាន់តែរីករាលដាលដល់ទីជនបទ

ឥឡូវនេះ បញ្ហាគ្រឿងញៀនជាកង្វល់ធំ ដែលត្រូវដោះស្រាយ ។ សព្វថ្ងៃ គេសង្កេតឃើញថា គ្រឿងញៀនមិនមែនមាននៅតែទីក្រុង ទីរួមខេត្ត ឬទីប្រជុំជនប៉ុណ្ណោះទេ ប៉ុន្តែ វាបាននិងកំពុងរីកដុះដាលសាយភាយដល់ទីជនបទដាច់ស្រយាលហើយដែរ ។ សូម្បីតែនៅតំបន់ចុងកាត់មាត់ញក នៃក្រុមជនជាតិភាគតិច ភាគឦសាន្តនៃប្រទេសក៏កំពុងញាំញីដោយបញ្ហាគ្រឿងញៀននេះដែរ ។ នៅទីក្រុង និងតាមទីប្រជុំជន អ្នកប្រើប្រាស់គ្រឿងញៀនកាន់តែមានចំនួនច្រើនឡើង ។ ការលក់ ឬជួញដូរគ្រឿងញៀន ស្ទើរក្លាយជារបររកស៊ីរបស់អ្នកជួញដូរគ្រឿងញៀនទៅហើយ ។

ថ្មីៗនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកម្ទេចគ្រឿងញៀនជាង១៥០០គីឡូក្រាម ។ នេះមិនមែនជាមោទនភាពទេ ប៉ុន្តែវាបានបង្ហាញឲ្យឃើញថា កម្ពុជាកំពុងវាយលុកគ្របដណ្តប់ញាំញីដោយសារបញ្ហាគ្រឿងញៀន ។ បើទោះបីជាស្ថាប័នជំនាញអះអាងថា វាគ្រាន់តែជាកន្លែងឆ្លងកាត់យ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាច្រើនឡើងកំពុងក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀន ។ ជារៀងរាល់ថ្ងៃ គេតែងតែឃើញអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។ អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន មិនមែនមានតែនៅតាមទីសាធារណៈនោះទេ ប៉ុន្តែនៅក្នុងពន្ធនាគារ ក៏មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែរ ។ នេះបញ្ជាក់ឲ្យឃើញថា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនហាក់ដូចជាបានបើកទូលាយហួសហេតុពេក ។ ហួសហេតុពេក ក៏ព្រោះតែស្ទើរតែគ្រប់ពន្ធនាគារ សុទ្ធតែធ្លាប់ជួបប្រទះទណ្ឌិត ឬពិរុទ្ធជនជាអ្នកជួញដូរគ្រឿងញៀន ។

គ្រាន់តែនៅតំបន់បឹងឈូក មុខមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជាគ្រាន់តែបានវែកចកមួយប្រ៉ាវតែប៉ុណ្ណោះ ។ លោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការបង្ក្រាបគ្រឿងញៀនបានចុះមកប្រជុំជាមួយអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ ដើម្បីរកវិធីបង្ក្រាបគ្រឿងញៀននៅតំបន់បឹងឈូកនេះ ។ ប៉ុន្តែក្រោយកិច្ចប្រជុំ យើងមិនឃើញមានលទ្ធផលជាវិជ្ជមាននៅតំបន់នោះឡើយ ។ មានន័យថា នៅតែមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតំបន់បឹងឈូកនោះដដែល ។ ជួនកាលអាជ្ញាធរចាប់បាន, ជួនកាលចាប់មិនបាន… វាហាក់ដូចជាក្លាយទៅជាទីផ្សារសម្រាប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនទៅហើយសម្រាប់តំបន់បឹងឈូកនេះ ។ អាជ្ញាធរមានសមត្ថកិច្ចមានវិធីដើម្បីលុបបំបាត់ជីកឫសជីកគល់តំបន់បឹងឈូកនេះបានទេ? ពិតជាបាន នោះគឺត្រូវ កាត់ផ្តាច់ទាំងស្រុងការជួញដូរ និងចរាចរណ៍គ្រឿងញៀននៅតំបន់នោះ ។ មួយរយៈកន្លងទៅ អាជ្ញាធរមានសមត្ថកិច្ចចាប់ តែអ្នកប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែម្ចាស់ផ្ទះជួលឲ្យគេជក់គ្រឿងញៀន១ម៉ោង៤-១០-២០ដុល្លារ និងអ្នកលក់គ្រឿងញៀននៅតំបន់នោះ មិនឃើញចាត់វិធានការនៅឡើយ ។ អាជ្ញាធរដឹងដែរថា វាជាសម្បុកគ្រឿងញៀន គួរតែបញ្ជូនកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតំបន់នោះ ដើម្បីបោសសម្អាតទីតាំង ។

នៅតាមទីជនបទ គ្រឿងញៀនត្រូវបានបែងចែកចេញពីទីក្រុងផ្តល់ទៅឲ្យ ។ សមត្ថកិច្ចមួយចំនួននិយាយថា តំបន់បឹងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ មិនមែនត្រឹមតែសម្រាប់អ្នកប្រើប្រាស់នៅតំបន់នោះទេ ប៉ុន្តែវាជាទីតាំងចែកចាយទៅទីជនបទផ្សេងទៀតនោះដែរ ។ ការចរាចរណ៍គ្រឿងញៀនគឺងាយស្រួលជាងការដឹកជញ្ជូនឈើល្មើសច្បាប់ទៅទៀត ។ គ្រឿងញៀនអាចដាក់តាមរបស់របរប្រើប្រាស់, ទំនិញ គ្រឿងទេស, របស់របរហូបចុក, សម្លៀកបំពាក់… រហូតដល់ក្នុងសរីរាង្គកាយ ។ មន្ត្រីអ្នកអនុវត្តច្បាប់ពិតជាជួបប្រទះក្នុងការលំបាកដើម្បីបង្ក្រាបជនដែលជួញដូរគ្រឿងញៀន ប្រាកដមែន ។ ប៉ុន្តែការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដូចជានៅតំបន់បឹងឈូក ត្រូវគេមើលឃើញថា មិនលំបាកពេកទេ ។

នៅទីជនបទដាច់ស្រយាល ពួកក្មេងៗពួនជក់ថ្នាំញៀននៅតាមគុម្ពោតព្រៃ ឬនៅទីកន្លែងស្ងាត់ចុងភូមិ ។ ទោះបីជាពួកគេមិនមានលទ្ធភាព មានលុយទិញថ្នាំញៀនជក់រាល់ថ្ងៃ ប៉ុន្តែនៅពេលដែលពួកគេក្លាយជាអ្នកញៀននោះ គេមិនខ្លាច នឹងប្រព្រឹត្តអំពើឧក្រិដ្ឋនោះឡើយ ។ បច្ចុប្បន្ន គ្រាន់តែលួចផ្លែឈើ ឬរបស់កំប៉ិកកំប៉ុកនៅក្នុងភូមិដើម្បីបានលុយទិញ ថ្នាំញៀនជក់ ។ ពេលខ្លះ ពួកគេផ្សងព្រេងធ្វើដំណើរចូលទីក្រុងដើម្បីរកវិធីបានលុយទិញថ្នាំញៀនជក់ ។ ការលួចខ្វេះកកាយរបស់របរតាមទីសាធារណៈ ជាដំណោះស្រាយដំបូង ។ បន្ទាប់មក ពួកគេនឹងប្រព្រឹត្តល្មើសដោយមិនខ្លាចរអារ អ្វីឡើយ ។ នៅពេលដែលគេញៀនថ្នាំដល់កម្រិត នោះអំពើល្មើសនឹងកើតឡើង ដូចជាការកាប់សម្លាប់ឪពុកម្តាយ ប្រពន្ធ កូនជាដើម ។

ឥឡូវនេះ ជារឿយៗគេតែងប្រទះឃើញជនញៀនថ្នាំនៅតាមទីសាធារណៈកាន់តែច្រើនឡើង ។ នៅឯខណ្ឌជ្រោយចង្វា បុរសញៀនថ្នាំម្នាក់សម្លាប់ប្រពន្ធ ដោយមិនញញើតដៃ, កាលពីប៉ុន្មានសប្តាហ៍មុន បុរសញៀនថ្នាំម្នាក់បានឡើងទៅលើដំបូលអគារក្រុមហ៊ុន រួចហើយលោតទម្លាក់ខ្លួន, សប្តាហ៍មុននេះដែរ យុវជនញៀនថ្នាំម្នាក់បានឡើងលើចុងត្នោត ហើយលោតសម្លាប់ខ្លួន… ។ ខ្លះដើរច្រៀងរាំ ដែលមើលទៅហាក់ដូចជាសប្បាយក្នុងចិត្តពេកក្រៃ ។ មិនមែនតែបុរសភាគច្រើនពេញកម្លាំងនោះទេ ដែលក្លាយជាជនញៀនថ្នាំ សូម្បីតែនារីដ៏ស្រស់ស្អាតក៏មានញៀនថ្នាំដែរ ។ នារីខ្លះ លួចទ្រព្យសម្បត្តិ ឪពុកម្តាយ បងប្អូនក្រុមគ្រួសារទៅទិញថ្នាំញៀន… គេអាចឃើញពួកអ្នកញៀនថ្នាំនៅគ្រប់ទីកន្លែង… ។

ដោះស្រាយបញ្ហានេះ គួរតែមានវិធានការក្តៅបន្តិច ។ បច្ចុប្បន្ននេះ ទាំងជនប្រើប្រាស់គ្រឿងញៀនត្រូវបាននាំខ្លួនទៅឃុំជាមួយជនជួញដូរគ្រឿងញៀននោះដែរ ។ តាមពិត អ្នកដែលប្រើប្រាស់គ្រឿងញៀន ជាជនរងគ្រោះ ដែលគួរតែបញ្ជូនទៅកន្លែងផ្តាច់គ្រឿងញៀន ឬស្តារនីតិសម្បទាឡើងវិញ ។ ការបញ្ជូនជនញៀនថ្នាំ ចូលទៅក្នុងពន្ធនាគារ មិនមែនជាដំណោះស្រាយដើម្បីកែប្រែអ្នកញៀនថ្នាំនោះទេ ។ ពីព្រោះគេសង្កេតឃើញថា សូម្បីតែនៅក្នុងពន្ធនាគារ ក៏មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែរនោះ ។ ដូច្នេះ វិធានការមួយ គឺផ្តាច់ឫសគល់នៃការជួញដូរគ្រឿងញៀន ទើបមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៕

ប្រភព៖ nokorwatnews

  • វិចារណកថា៖ គ្រឿងញៀនកាន់តែរីករាលដាលដល់ទីជនបទ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/02  Category:កំសាន្ត
Tags: