មន្ត្រី​ភូមិ​បក្ស​កាន់​អំណាច​នៅ​រតនគិរី​រង​ការ​ចោទ​ថា​រើសអើង​ក្នុង​រឿង​ចែក​អំណោយ

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រស់​នៅ​ភូមិ​ក្រឡៃតាវង ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ចោទ​ប្រធាន​ភូមិ​ថា រើសអើង​គណបក្ស​នយោបាយ​មិន​បញ្ចូល​ឈ្មោះ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បញ្ជី​ទទួល​អំណោយ​មនុស្សធម៌​នោះ​ទេ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ភូមិ​កាឡៃតាវង មិន​ទទួល​បាន​អំណោយ​មនុស្សធម៌​ដែល​អាជ្ញាធរ​ស្រុក​ចែក​ជូន​បើ​ទោះបី​ប្រជាពលរដ្ឋ​ខ្លះ​ស្ថិត​នៅ​ក្នុង​សភាព​ជា​អ្នក​ក្រីក្រ​ក្តី។ អង្គការ​ប្លេន (PLAN) ផ្តល់​ធុង​ចម្រោះ​ទឹក​ស្អាត​ជាង ២០០​ធុង​ជូន​អាជ្ញាធរ​ស្រុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​៥ នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ កាល​ពី​ចុង​ខែ​មិថុនា ក្នុង​នោះ​ប្រជាពលរដ្ឋ ២៦៦​គ្រួសារ​ទទួល​បាន​ធុង​ចម្រោះ​ចំនួន ១​ដូចៗ​គ្នា។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ​ទៀត​មិន​បាន​ទទួល​អំណោយ​នោះ​ទេ។

ប្រជាពលរដ្ឋ​ភូមិ​កាឡៃតាវង លោក ប្រានាង កាន់ថៃ កត់សំគាល់​ថា ប្រធាន​ភូមិ​កាឡៃតាវង លោក ខង សេវ ខណៈ​ចុះ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​ទទួល​អំណោយ លោក​បាន​ព្រមាន​អ្នក​ភូមិ​ថា នឹង​មិន​ផ្ដល់​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ លោក​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ឆ្នាំ​២០១៦ ដែល​មន្ត្រី​ភូមិ​នៃ​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ការ​ចែក​អំណោយ​គាបសង្កត់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

ប្រធាន​ភូមិ​កាឡៃតាវង លោក ខង សេវ បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាក់ទិន​ការ​រើសអើង​ចែក​អំណោយ​ផ្នែក​នយោបាយ​នេះ។ លោក​បាន​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​សួរ​ទាក់ទិន​ការ​ព្រមាន​របស់​លោក​មិន​ចែក​អំណោយ​ឲ្យ​អ្នក​ភូមិ​ជា​សមាជិក​គណបក្ស​ប្រឆាំង៖ «មិនមែន​តែ​គាត់​ម្នាក់​ទេ ១១​គ្រួសារ​មិន​ទាន់​បាន​គេ​មិន​យក​អស់​ទេ​មិន​គ្រប់គ្នា​ទេ។ កាឡៃសាពូន ក៏​ដូចគ្នា ភ្នំ​កុកព្រៅ ក៏​ដូចគ្នា ភ្នំ​កុកឡាវ ក៏​ដូចគ្នា»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា អាជ្ញាធរ​ស្រុក​បាន​រៀបចំ​ចែក​អំណោយ​កាកបាទក្រហម​ខេត្ត​រតនគិរី ជូន​ពលរដ្ឋ​ក្រីក្រ និង​មនុស្ស​ចាស​ជរា​ចំនួន ៦០​គ្រួសារ និង​នៅ​ចុង​ខែ​មិថុនា នេះ អំណោយ​ធុង​ទឹក​ចម្រោះ​របស់​អង្គការ​ប្លេន ជាង ២០០​ធុង ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ២៦៦​គ្រួសារ។

មេ​ឃុំ​ភ្នំកុក លោក លី នឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ណែនាំ​ឲ្យ​មេភូមិ​បែងចែក ឬ​រើសអើង​ប្រជាពលរដ្ឋ​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​ជំនួយ​ដែល​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំកុក ទាំង​ពីរ​លើក គឺ​មាន​មិន​គ្រប់​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ ហេតុ​នេះ​អំណោយ​ត្រូវ​បាន​កំណត់​ចែក​ជូន​តែ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​កម្រិត​ខ្ពស់ និង​មធ្យម ជា​ពិសេស​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់​ជរា​តែប៉ុណ្ណោះ៖ «អត់​មាន​ខាង​ណា​ទេ ឲ្យ​ទាំង​អស់។ ជម្រើស​អ្នក​ក្រ១ ក្រ​២ មិន​បាន​ទាំង​អស់​ទេ»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា សមាគម​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ទាក់ទិន​រឿង​នេះ​ពី​ពលរដ្ឋ​ភូមិ​កាឡែតាវង ដូច​គ្នា។លោក​ថា ប្រសិន​ប្រជាពលរដ្ឋ​ចង់​រក​ឃើញ​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ចែក​អំណោយ​នោះ ត្រូវ​ប្រមូល​តួលេខ​ជាក់លាក់​ពី​អត្តសញ្ញាណ និង​ចំនួន​ពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ក្រីក្រ ហើយ​ប្រធាន​ភូមិ​មិន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​អំណោយ​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ ឬ​ស្រុក ឬ​មួយ​ដាក់​​ពាក្យ​ប្ដឹង​តវ៉ា​មក​សមាគម​ដើម្បី​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្នុង​ការ​ទទួល​​​អំណោយ​នេះ៖ «សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រុក​ស៊ើបអង្កេត​ផង​ដែរ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​រូប​គាត់​ដែល​ចាត់​ទុក​ថា មាន​ការ​​រើសអើង​បក្ស​នយោបាយ»

​កាកបាទ​ក្រហម​កម្ពុជា គឺ​ជា​អង្គការ​មនុស្សធម៌​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា។ អង្គការ​នេះ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ផ្អែកលើ​គោលការណ៍​គ្រឹះ​៧​យ៉ាង គឺ​ភាព​មនុស្សធម៌ ភាព​មិន​លំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកលភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។