ផ្ទុះ​រឿង​ពុករលួយ​របស់​អភិបាលស្រុក​ថ្មគោល​តាមរយៈ​ការ​បាច​ត្រាក់

ផ្ទុះ​រឿង​ពុករលួយ​របស់​អភិបាលស្រុក​ថ្មគោល​តាមរយៈ​ការ​បាច​ត្រាក់



បាត់ដំបង ​៖​ ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក ត្រូវ​បាន​ជន​អនាមិក យក​ទៅ​បាច​ពង្រាយ​នៅ​តាម​ ដង​ផ្លូវ ​និង​សួន​សាធារណៈ​ម្តុំ​នាគ​បាញ់​ទឹក ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​ខ្លឹមសារ នៃ​ខិត្តប័ណ្ណ​នេះ​បាន​ចោទប្រកាន់​ទៅលើ​លោក​អភិបាលស្រុក​ថ្មគោល ​ថា​បាន​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ជាមួយ​បក្ខពួក។

ខិត្ត​ប័ណ្ណ ( ត្រាក់ ) ទាំងនេះ​ត្រូវ​បាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ស្តី​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​ការប្រព្រឹត្ត​អំពើពុករលួយ របស់​អភិបាលស្រុក​ថ្មគោល គឺ​លោក​គង់ លី ដោយ​គេ​បាន​ចោទ​ប្រកាន់​ថា ​មានការ​ឃុបឃិត​គ្នា​ជាមួយ​នឹង​ប្រធាន​រដ្ឋបាល​ស្រុក ដោយ​ធ្វើការ​កេងប្រវ័ញ្ច​លើ​ប្រាក់​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ ពិសេស​គឺ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ពី​ផ្លូវជាតិ​លេខ​៥ ចូល​ទៅ​កាន់​សាលាស្រុក​ផ្ទាល់​តែ​ម្តង ដោយ​ប្រព្រឹត្ត​តាមរបៀប​បក្ខពួក​និយម ហើយ​យក​ទៅ​ស៊ីផឹក​សប្បាយ​នៅ​តាម​ទី​សាធារណៈ។

ខិត្តប័ណ្ណ​បាន​សង្កត់ធ្ងន់​ថា «​ភាព​មិន​ប្រក្រតី​របស់​លោក គង់ លី បាន​កើត​ឡើង ហើយ ជាក់ស្តែង​ក៏​មាន​ប្រភព​ផ្ទៃក្នុង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ចុងក្រោយ​នេះ លោក​អភិបាលស្រុក​ថ្មគោល បាន​យក​ថវិកា​ស្រុក​មួយ​ចំនួន ទៅ​ចាយវាយ​ខុស​ខ្ទង់ ដោយ​មិនមាន​ការពិគ្រោះ និង​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សា​ស្រុក​ឡើយ​»។

ជួប​ជាមួយ​កម្ពុ​ជាថ្មី​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរ លោក​គង់ លី អភិបាលស្រុក​ថ្មគោល​​បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​ជន​អនាមិក គឺជា​ការ​ច្រណែន​ឈ្នានីស​ទាំងស្រុង ព្រោះ​ការ​លើកឡើង​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ការ​ស្ថាបនា​ផ្លូវ​គឺ​រូបលោក​ផ្ទាល់​មិនបាន​ប៉ះពាល់​ទាល់តែសោះ​សូម្បីតែ​មួយ​រយ​រៀល​ក៏ដោយ ប៉ុន្តែ​លោក​ទទួលស្គាល់​ចំពោះ​គម្រោង​លើ​ការស្ថាបនា​ផ្លូវ​ដោយ​ក្រាល​ក្រួស​ក្រហម​ពី​ផ្លូវជាតិ​ចូល​ទៅ​កាន់​សាលាស្រុក គឺ​លោក​បាន​កែប្រែ​ទៅជា​ក្រាល​ថ្ម​មិច​ទៅវិញ ព្រមទាំង​បាន​បង្កើត​នូវ​គម្រោង​ថ្មី​មួយទៀត ដោយ​ត្រៀម​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពី​ផ្លូវជាតិ​ទៅដល់​សាលាស្រុក​ថែមទៀត​ផង។

ជា​ចុងក្រោយ​គឺ​លោក​អភិបាលស្រុក​បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ថ្មី ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​បាន​ធ្វើ​ការ​បកស្រាយ​តាមរយៈ​ការ​សម្ភាសន៍​នេះ ព្រោះ​មាន​សារព័ត៌មាន​មួយ​ចំនួន​មិនបាន​សាកសួរ​ទៅ​លោក​នោះ​ទេ៕

ផ្ទុះ​រឿង​ពុករលួយ​របស់​អភិបាលស្រុក​ថ្មគោល​តាមរយៈ​ការ​បាច​ត្រាក់