ដំណោះស្រាយ​នៅ​តែមាន​ភាព​តានតឹង សម្រាប់​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​

ដំណោះស្រាយ​នៅ​តែមាន​ភាព​តានតឹង សម្រាប់​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​



បាត់ដំបង ៖ កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​នៅក្នុង​ស្រុក​សំពៅ​លូន នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​រោងចក្រ​ដដែល បន្ទាប់ពី​មានការ​ជួប​ចរចា​គ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង​រួចមក ហើយ​នៅតែ​មិន​អាច​រក​ដំណោះស្រាយ​បាន ដោយសារតែ​ភាគី​កម្មករ​មិន​អាច​ទទួលយក​នូវ​លក្ខខណ្ឌ​របស់​រោងចក្រ។

គួរ​បញ្ជាក់​ថា រោងចក្រ​ផលិត​ស្បែកជើង​នេះ​គឺជា​វិនិយោគ​របស់​ជនជាតិ​ថៃ ដែល​មានទីតាំង​ស្ថិត​ក្នុង​ភូមិ​វាលវង់​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ​ដោយមាន​ឈ្មោះ​អ៊ែ​រ៉ូ​សហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ » ហើយ​ក៏​ធ្លាប់​មាន​បញ្ហា​ជាច្រើនលើក ច្រើន​សា​មក​ដែរ​ ប៉ុន្តែ​គេ​មិនសូវ​ឃើញ​មានការ​ទទួលស្គាល់ ឬ​ធ្វើការ​ដោះស្រាយ​រាល់​សំណូមពរ​របស់​កម្មករ​នោះ​ទេ ដែល​ជា​បញ្ហា​មួយ​ពង្រីក​ឲ្យ​កាន់តែ​ធំ​ទៅៗ។

នៅ​វេលា​ម៉ោង ៨ និង​៣០ នាទី ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ ការ​តវ៉ា​ពី​សំណាក់​កម្មករ​ប្រមាណ​២០០​នាក់​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ខាងមុខ​រោងចក្រ​ដដែល ​ដោយ​ម្នាក់ៗ​មិន​ព្រម​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ឡើយ បន្ទាប់ពី​ការ​តវ៉ា​កាលពី​ម្សិល​មិញ​មិន​អាច​រក​ដំណោះស្រាយ​បាន​ដោយ​ពួកគេ​បាន​ផ្តោត​ទៅ​លើ​លក្ខខណ្ឌ​តែ​ម្យ៉ាង​គត់​គឺ សំណូមពរ​ដល់​ភាគី​រោងចក្រ​ឲ្យ​បញ្ចូល​កម្មករ​បណ្ដែត ទៅជា​កម្មករ​ពេញ​សិទ្ធិ​ត្រឹមតែ​ក្នុង​រយៈពេល ៣​ខែ ប៉ុណ្ណោះ ព្រោះ​បើ​តាម​សេចក្តី​រាយការណ៍​មក​គឺ មាន​កម្មករ​ប្រមាណ​ជា​១៥០​នាក់​ទៀត​ ដែល​ខ្លះ​ចូល​ធ្វើការ​ជិត​មួយ​ឆ្នាំ​ហើយ នៅ​មិន​ទាន់បាន​ពេញ​សិទ្ធិ​នៅឡើយ ដូច្នេះ​ពួកគេ​ទាំង​អស់​គ្នា ​សុំ​សំណូមពរ​តែ​ម្យ៉ាង​ប៉ុណ្ណោះ។

ជួប​ជាមួយ​កម្ពុ​ជាថ្មី កម្មការិនី​ម្នាក់​ឈ្មោះ សេង សុធា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចក្រី ​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​បាន​មក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​បាន​រៀបរាប់ថា ពួកគេ​គ្មាន​ទាមទារ​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​រោងចក្រ​បញ្ចូល​ឈ្មោះ​កម្មករ បណ្តែត ទៅជា​កម្មករ​ពេញ​សិទ្ធិ​តែ​ត្រឹម​រយៈ​ពេល​៣​ខែ​បាន​ហើយ ​ដើម្បីឲ្យពួកគេ​ទទួល​បាន​នូវ​របប​បន្ថែម ៤​យ៉ាង ដូចជា ប្រាក់​ព្រីម ប្រាក់​បុណ្យ​ប្រាក់​បាយ និង​ប្រាក់​ធ្វើដំណើរ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​យើង​ក៏បាន​ព្យាយាម​ជួប​ជាមួយ​នឹង​លោក​មេការ ដែល​ជា​ជនជាតិខ្មែរ​នៅក្នុង​រោងចក្រ ​តែ​​​ភាគី​មេការ​មិន​ព្រម​ទទួល​ទូរស័ព្ទ​យើង​ឡើយ​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា នៅ​ព្រឹក​នេះ​ដែរ​គឺ​មាន​រថយន្ត​មួយ​គ្រឿង​ដែល​មាន​បំណង​ដឹក​ថៅកែ​ដែល​ជា​ជនជាតិ​ថៃ ​ដើម្បី​គេចខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​វិញ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​កម្មករ​រារាំង​នៅ​មាត់ទ្វារ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​នោះ​ចេញទៅ​ក្រៅ​បាន​ឡើយ។

នៅ​ព្រឹក​នេះ​ដែរ លោក លឹក ផល្លា មន្ត្រី​ដោះស្រាយ​វិវាទ នៃ​មន្ទីរ​ការងារ ខេត្តបាត់ដំបង​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី តាមរយៈ​ទូរស័ព្ទ​ថា កាលពី​ថ្ងៃទី​១ ខែកក្កដា លោក​បាន​ចុះ​ទៅកាន់​ទីតាំង​រោងចក្រ​ផលិត​ស្បែកជើង​នោះ ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​ ដោយ​ប្រើប្រាស់​ពេលវេលា​ចាប់ពី​ម៉ោង ១០​ព្រឹក រហូតដល់​ម៉ោង ៤​និង​៣០​នាទី​ល្ងាច​ទើបត្រូវ​បានបញ្ចប់​ដោយ​ភាព​អាប់អួ។

លោក​បាន​បន្ត​ថា នៅ​ពេល​នោះ​ភាគី​កម្មករ​បាន​សំណូមពរ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដោយ​សុំ​ឲ្យ​ភាគី​រោងចក្រ បញ្ចូល​កម្មករ​ឲ្យ​បាន​ពេញ សិទ្ធិ​តែ​ក្នុង​រយៈពេល​៣​ខែ ​ដើម្បី​ទទួល​បាន​របប​ចំនួន​៤​យ៉ាង​នោះ ដោយឡែក​ខាង​ភាគី​រោងចក្រ​បាន​ដាក់​លក្ខខណ្ឌ​ទៅលើ​កម្មករ​វិញ​ចំនួន​៣​យ៉ាង​គឺ ទី​១ ថ្ងៃស្អែក​កម្មករ​ត្រូវ​ចូល​បម្រើ​ការងារ​វិញ​ជា​ធម្មតា ក្រោយពេល​រក​ដំណោះស្រាយ​ចប់ ទី​២ ត្រូវគោរព​តាម​ច្បាប់​ផ្សេងៗ​ដែល​រោងចក្រ​បាន​ដាក់​ឲ្យ និង​ទី​៣យល់ព្រម​លើ​សំណើ​​របស់​កម្មករ ប៉ុន្តែ​ត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​២ ខែកក្កដា​នេះ​តទៅ រហូត​ដល់​៣​ខែក្រោយ រោងចក្រ​នឹង​បញ្ចូល​កម្មករ​បណ្តែត​ឲ្យ​ចូល​ជា​កម្មករ​ពេញ​សិទ្ធិ។

លោក លឹក ផល្លា បាន​សង្កត់​ធ្ងន់​ថា នៅត្រង់​លក្ខខណ្ឌ​ទី​៣ គឺ​ក្រុម​កម្មករ​មិន​យល់ព្រម​ជាដាច់ខាត ទើប​លោក​បានសម្រេច​រៀប​ចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​អ្នក​ដោះ​ស្រាយ និង​សម្រេច ដោយឡែក​ខាង​អាជ្ញាធរ​មូលដ្ឋាន គេ​សង្កេត​ឃើញ​ថា គ្មាន​អ្នកណាម្នាក់​អើត​មក​មើល ឬក៏​សួរសុខទុក្ខ​ដល់​ក្រុម​កម្មករ​ដែល​កំពុងតែ​ជួបនឹង​បញ្ហា​នេះឡើយ ឬមួយ​ក៏​ពួកគេ​ធ្លាប់​បាន​ទទួល​អាំង​ប៉ាវ​ពី​ថៅកែ​រោងចក្រ ?៕

ដំណោះស្រាយ​នៅ​តែមាន​ភាព​តានតឹង សម្រាប់​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​

ដំណោះស្រាយ​នៅ​តែមាន​ភាព​តានតឹង សម្រាប់​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​

ដំណោះស្រាយ​នៅ​តែមាន​ភាព​តានតឹង សម្រាប់​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​