យប់មិញ​ឃើញ​ធម្មតា​សោះ ឃើញ​ម្តងនោះ​ផ្អើល​ឈុ​ល

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​រោងចក្រ ភី​ភី​អេស មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​បុរស​ម្នាក់​ដែល​គេ​តែងតែ​ឃើញ​ផឹក​ស្រាស-ស្រាថ្នាំ​ស្ទើរតែ​រាល់ថ្ងៃ​រាល់​យប់ ស្រាប់​តែ​ម្តង​នេះ​ឃើញ​​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្បែរ​របង​រោងចក្រ ភី​ភី​អេស តាម​បណ្ដោយ​ផ្លូវ​លេខ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដួង ឆើត ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ហើយ​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​ទេ គឺតែង​តែ​ឃើញ​ដេក​ក្បែរ​របង​រោង​ចក្រ​ស្ទើរ​តែ​រាល់​ថ្ងៃ​រាល់​យប់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ ជន​រង​គ្រោះ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​(​មិន​បាន​ចាំ​ថា​ជា​អ្នក​ណា​)​បាន​ផឹកស្រា​ជាមួយ​គ្នា​រហូត​ដល់​ម៉ោង​ប្រមាណ​២​ជា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ ទើប​ឈប់​ផឹក ។ លុះ​ភ្លឺ​ឡើង​ក៏​មានការ​ភ្ញាក់ផ្អើល​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ៕