បុរស​ម្នាក់​បាក់.ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បី​នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយសារ​ម៉ូតូ​២​គ្រឿង​បុក​គ្នា

បុរស​ម្នាក់​បាក់.ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បី​នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយសារ​ម៉ូតូ​២​គ្រឿង​បុក​គ្នា



ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​បាក់.ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង ​បី​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ច្រក​ចូល​ផ្ទះសំណាក់ មាន​លាភ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់ ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ បូរ៉ា ភេទ​ប្រុស អាយុ២៦ មាន​ទីលំនៅ នៅ​ភូមិគ្រួស សង្កាត់​ព្រែ​ព្នៅ​ ខណ្ឌ​ព្រែ​ព្នៅ​ និង​ម្នាក់ទៀត​ រួម​ដំណើរ​ជាមួយគ្នា ឈ្មោះ ឆន សុភា អាយុ​២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជាមួយគ្នា​។ ចំណែក​ពីរ​នាក់​ទៀត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌​ប្រផេះ​លាយ​លឿង ពាក់​ស្លាក​លេខ ញ​-0586 ភព​1 ជិះ​គ្នា​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​TAURUS ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​ដូចគ្នា ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ បាក់.ក​ស្លាប់​ភ្លាមៗ ចំណែក​បីនាក់​ទៀត​រងរបួស​ធ្ងន់។

ក្រោយពី​កើតហេតុ​អ្នក​រងរបួស​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ៕