ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

បន្ទាប់ពីឱសានវាទដែលផុតកំណត់ កាលពីចុងខែមិថុនាកន្លងទៅ នៅពេលនេះ ក្រសួងព័ត៌មាន​កម្ពុជា​ទំនង​ជា​ឈាន​ចូល​ដល់​ដំណាក់កាល ប្រើ​«សាច់ដុំ»​របស់​ខ្លួន ប្រឆាំងនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ក្រសួង​មួយ​នេះ​​ចាត់​ទុក​ថា នៅ​ប្រកាន់​ជំហរ​«រឹងរូស» មិន​ព្រម​ប្រើ​គោរមងារ នៅក្នុង​អត្ថបទ ឬ​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។
ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា។ (រូបថត MONOROOM.info)

គោរមងារ«សម្ដេច» មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មេដឹកនាំកម្ពុជា ដែលចាំបាច់បង្ខំ​ឲ្យគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសារព័ត៌មាន ត្រូវតែសរសេរ ឬហៅតាម។ នេះ បើទោះជាគ្មានច្បាប់​ណាបាន​ចែង​ជា​ធរមានថា ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវសរសេរ ​ឬហៅ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬការផ្សាយ​របស់ខ្លួននោះក៏ដោយ។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កាលពីម្សិលម្ងៃ ជាថ្ងៃចុងក្រោយនៃឱសានវាទ ដាក់ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា ដែលប្រាប់ឲ្យបណ្ដាញផ្សព្វផ្សាយ ដែលមានមូលដ្ឋាន​នៅក្នុងប្រទេសកម្ពុជា ឲ្យហៅបណ្ដា​មេដឹកនាំ​«កំពូល» ទៅតាមគោរមងារ​«សម្ដេច»។ ប៉ុន្តែ មកដល់ពេលនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយធំៗ ជា​ច្រើន​ហាក់​មិន​ខ្វល់​ពី​ការ​«ណែនាំ»នេះឡើយ។ នៅចំពោះករណី ដែលក្រសួងព័ត៌មានចាត់ទុកថា ជា​ការ​«រឹងរូស»របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានថ្លែងព្រមានថា នឹង​ដក​ហូត​អាជ្ញាប័ណ្ណ មិន​ឲ្យ​​ផ្សាយ​​ត​ទៅ​ទៀត។

បណ្ដាញផ្សព្វផ្សាយ ដែលគេបានដឹងថា នៅប្រកាន់ជំហរ«រឹងរូស»​មកទល់នឹងថ្ងៃទី២ ខែកក្កដានេះ មាន​ដូចជា វិទ្យុសម្លេងបរទេស ដែលផ្សាយជាខេមរភាសាមួយចំនួន វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) សារព័ត៌មាន​ចេញ​ផ្សាយប្រចាំថ្ងៃ ឌឺខេមបូឌាដេល្លី ភ្នំពេញប៉ុស្ដ៍ ដោយមិនភ្លេចផងទេ ​ពីទស្សនាវដ្ដី​ផ្សាយ​តាម​ប្រព័ន្ធ​​អ៊ិនធើណែត មនោរម្យ.អាំងហ្វូ ខ្លួនឯងនេះ។ សេចក្ដីណែនាំ​របស់ក្រសួងព័ត៌មាន ជុំវិញ​គោរពងារ​​«សម្ដេច»​​នេះ មាន​​វិសាល​ភាព​ដូច​គ្នា ទៅលើទីភ្នាក់ងារព័ត៌មានបរទេសធំៗ ដែលមានទីតាំង​យក​ព័ត៌មាន នៅ​​ក្នុង​​ប្រទេស​កម្ពុជា​ដែរ ក្នុងនោះមានដូចជា XINHUA REUTERS AFP និង AP ជា​ដើម។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី២ ខែ​កក្កដា​​នេះ​​ថា ក្រសួងព័ត៌មាននឹងធ្វើលិខិតព្រមាន​ជាលើកទី១ សម្រាប់អង្គភាពព័ត៌មាន ដែលមិនព្រម​សរសេរ​​គោរមងារ «សម្តេច» ក្នុងអត្ថបទព័ត៌មាន ឬការផ្សាយរបស់ខ្លួន។ លោកបន្តទៀតថា បើអង្គភាព​ព័ត៌មាន​ទាំង​នោះ នៅ​បន្ត​រឹងរូស មិនព្រមអនុវត្ត​តាមសេចក្តីជូន​ដំណឹង​​របស់​ក្រសួងទេ ក្រសួង​នឹង​ដក​ហូត​​«អាជ្ញា​ប័ណ្ណ» មិន​ឱ្យ​ចេញ​​ផ្សាយ​តែម្តង។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងព័ត៌មានបានកោះហៅ អ្នកទទួលខុសត្រូវ​របស់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នានា ដើម្បីជូនដំណឹងពីបទបញ្ជា ដែលតម្រូវឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវប្រើ​គោរមងារ​​«សម្ដេច» នៅក្នុងអត្ថបទឬការផ្សាយរបស់ខ្លួន និងបានទុកពេល ឲ្យអង្គភាពព័ត៌មានទាំងនោះ រហូត​​ដល់​​ចុង​​ខែ​​មិថុនា មុន​នឹង​ក្រសួង​ព័ត៌មាន​ចាត់វិធានការ ដកហូតអាជ្ញាប័ណ្ណ ឬហាមឃាត់ការជួល​ម៉ោង​ផ្សាយ ទៅ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​នោះ​ជាដើម។ បើទោះជាការណែនាំនេះ ត្រូវបានធ្វើឡើង ដោយ​គ្មាន​ច្បាប់​ចែង​​ក៏​ដោយ តែ​ក្រសួង​ព័ត៌មាន​​បាន​និយាយ​​ការពារ​សេចក្ដី​ណែនាំ​របស់ខ្លួនថា «សម្ដេច»​ជា​គោរមងារ​ផ្ដល់​​​ដោយ​​ព្រះមហាក្សត្រ និងជា​ការ​ហៅ​«សម្ដេច» ជា​ប្រពៃណី​ទំនៀម​ទំលាប់​កម្ពុជា។

ភ្លាមៗ បន្ទាប់ពីសេចក្ដីណែនាំខាងលើ ការបង្គាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយ ហៅមេដឹកនាំ«គ្រាក់ៗ» ទៅតាម​គោរមងារ​​នោះ បាន​ល្បី​រន្ទឺ​នៅ​ពាសពេញ​ពិភពលោក។ បណ្ដាញផ្សព្វផ្សាយធំៗ នៅបស្ចឹមលោក​បាន​យក​ករណី​​នេះ ទៅ​ចុះ​ផ្សាយ​បន្ត និង​បាន​សរសេរបាញ់មុខព្រួញ សង្កត់ធ្ងន់ទៅលើតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច តាំងពីជាង៣ទសវត្សន៍មកហើយ។ ពួកគេបាន​បរិហារ​លោក ហ៊ុន សែន តាម​រយៈ​ការ​បង្ខំ​គេ​ឯង ឲ្យ​ហៅ​លោក​ជា«សម្ដេច»នេះ ថាជាការ​«ដុសខាត់​រូបភាព»​របស់​​លោក​ជា​នាយករដ្ឋមន្ត្រី នៅ​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៧​-២០១៨ មកដល់៕