ការសិក្សា​បាន​រក​ឃើញ​ថា AEC បាន​ផ្តល់​កាលានុវត្តនភាព​ជាច្រើន​ក្នុង​សេដ្ឋកិច្ច​

ការសិក្សា​បាន​រក​ឃើញ​ថា AEC បាន​ផ្តល់​កាលានុវត្តនភាព​ជាច្រើន​ក្នុង​សេដ្ឋកិច្ច​



ភ្នំពេញ ៖ ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ហៅ​កាត់​AEC កាលពី​ចុង​ឆ្នាំមុន បានផ្តល់​កាលានុវត្តភាព​ជាច្រើន​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល ជួយ​ឲ្យ​ប្រទេស​នេះ ក្លាយ​ជា​ប្រទេស​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​។​

យោង​ការសិក្សា​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ហៅ​កាត់​CAMFEBA​ដែល​បាន​ចេញ​ផ្សាយ “​សៀវភៅ​មគ្គុទ្ទេសក៍​ស្តី​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា​” បាន​រក​ឃើញ​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើន​កាលានុវត្តនភាព​មួយ​ចំនួន ដូចជា ទី​១ ជួយ​ជំរុញ​លើ​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​តំបន់​មួយ និង​ទិសដៅ​នៃ​ការ​វិនិយោគ ទី​២ បែបផែន​នៃ​ពាណិជ្ជកម្ម​នឹង​មាន​ការវិវត្តន៍ ដែល​លេចធ្លោ​ជាងគេ​គឺ​ពាណិជ្ជកម្ម​លើ​សិទ្ធិ​ម៉ាក​សញ្ញា ទី​៣ ផ្តល់នូវ​ឱកាស​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​ភាពជា​ដៃគូ​ពាណិជ្ជកម្ម ឬ ការ​រួមបញ្ចូល​គ្នា និង​ការ​ទិញ​យក​ក្រុមហ៊ុន។

ទី​៤ ផ្តល់​ឱកាស​កាន់​តែ​ច្រើន សម្រាប់​ពាណិជ្ជករ​នាំចេញ និង​នាំចូល​ទំនិញ ទី​៥ កាត់បន្ថយ​ថ្លៃដើម​ទំនិញ ទី​៦ បង្កើន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ទី​៧ និង​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍​។ សម្រាប់​ការរៀបចំ​ផែនការ​ធនធានមនុស្ស​វិញ ការស្រាវជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ថា លំហូរ​នៃ​ការងារ និង​ភាព​ចម្រុះ​នៃ​ជំនាញ​នឹង​មាន​ការ​កើន​ឡើង។

ការសិក្សា​នេះ​ក៏បាន​លើកឡើង​ពាក់ព័ន្ធ នឹង​យុទ្ធសាស្ត្រ​របស់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក្នុង​ការ​បន្សាំ​ខ្លួន ការ​ត្រៀម​ខ្លួន និង​ការ​ឆ្លើយតប​នឹង សមាហរណកម្ម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ការស្រាវជ្រាវ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ចាំបាច់ មួយ​ចំនួន​ដូចជា ទី​១ ត្រូវ​បន្សាំ​ខ្លួន​នឹង​បម្រែបម្រួល​នៃ​បែបផែន នៃ​ការធ្វើ​អាជីវកម្ម និង​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត ទី​២ ការផ្លាស់ប្តូរ​របៀបរ​បប​ចាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម ទី​៣ ការ​កែសម្រួល​យុទ្ធសាស្ត្រ​ទំនាក់ទំនង​និង​ការរៀនសូត្រ ទី​៤ ភាព​បត់បែន​និង​ច្នៃប្រឌិត ទី​៥ ការ​ជំរុញ​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​ផលិតផល ទី​៦ ការអភិវឌ្ឍន៍​និង​ផ្លាស់ប្តូ​ទម្រង់​នៃ​អាជីវកម្ម ពិសេស​លើ​ការរៀបចំ​ប្រតិបត្តិការ​អាជីវកម្ម ឲ្យ​មាន​លក្ខណៈ​ជា​អាជីវកម្ម​ចុះបញ្ជី​ការ​ពាណិជ្ជកម្ម​ផ្លូវការ ការរៀបចំ​ផែនការ​អាជីវកម្ម ការគ្រប់គ្រង និង​កំណត់ត្រា​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។

​លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទាក់ទង​នឹង​សៀវភៅ​ខាងលើ ប៉ុន្តែ​លោក​បាន​មានប្រសាសន៍ថា ការពិត​កម្ពុជា​ជា​ប្រទេស​បើកចំហ​ជា​យូរ​មក​ហើយ ដូច្នេះ​សមាហរណកម្ម​សេដ្ឋកិច្ច​កាលពី​ចុង​ឆ្នាំមុន វា​នឹង​មិន​មាន​អ្វី​ដែល​អាច​ឲ្យ​មើល​ឃើញ​ប្រែប្រួល​ភ្លាមៗ​នោះ​ទេ​។

លោក​បន្ត​ថា ការ​បើកចំហ​របស់​ក​ម្ពុ​ជា ជា​រឿង​ល្អ ដែល​យើង​ត្រូវតែ​បើកចំហ​បន្ត​ទៀត និង​ត្រូវ​សម្រប​ខ្លួន​បន្តិច​ម្តងៗ ព្រោះ​យើង​មាន​ទីផ្សារ​ធំ​ជាង​មុន ដែល​មាន​ប្រជាជន​រហូតដល់​ជាង​៦០០​លាន​នាក់ ខុសពី​ទីផ្សារ​យើង​ដែល​មាន​ប្រជាជន​ត្រឹម​១៥​លាន​នាក់ ដែល​យើង​មិន​អាច​ទាក់ទាញ​រោងចក្រ​ធំៗ​ទេ តែ​បើ​យើង​មាន​សហគមន៍​មួយ​មាន​មនុស្ស​៦០០​លាន​នាក់ យើង​នឹង​អាច​ទាក់ទាញ​រោងចក្រ​ធំៗ​បាន ប៉ុន្តែ​យើង​គួរ​មានការ​ប្រុងប្រយ័ត្ន​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ផង​ដែរ៕