ADB​ផ្តល់​ជំនួយ​១,៤​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​

ADB​ផ្តល់​ជំនួយ​១,៤​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​



ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​១,៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​នានា ធ្វើការ​ជាមួយ​សហគមន៍ ដើម្បី​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយធម្មជាតិ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ADB ដែល​បាន​ចេញ​ផ្សាយ​នៅ​កាលពី​ថ្ងៃទី​១ ខែកក្កដា​នេះ​បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​ទទួល​បាន​ថវិកា​គាំទ្រ ពី​កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទៅនឹង​អាកាសធាតុ ក្រោម​មូលនិធិ​វិនិយោគ​អាកាសធាតុ​នេះ នឹង​ផ្តល់​ថវិកា​ចំនួន​១,៤​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ជំនួយ​ខ្នាតតូចៗ សម្រាប់​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៩ ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅនឹង​អាកាសធាតុ ក្នុង​ប្រតិបត្តិការ​ការងារ​រប​ស់​ពួកគេ​។​អង្គការ​ទាំងនេះ នឹង​អនុវត្ត​គម្រោង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​តាម​សហគមន៍ ក្នុង​វិស័យ​ជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការគ្រប់គ្រង​ធនធានទឹក ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ អប់រំ និង​សុខភាព ក៏ដូចជា​លើកកម្ពស់​ការការពារ​បរិស្ថាន ក្នុង​ខេត្ត​ចំនួន​១៧​ទូទាំងប្រទេស​កម្ពុជា។

លោក Ancha Srinivasan អ្នកឯកទេស​ខាង​ការប្រែប្រួល​អាកាសធាតុ នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB​បាន​ថ្លែង​ថា “​គម្រោង​គាំទ្រ​ដល់​សង្គម​ស៊ីវិល​នេះ​នឹង​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ឲ្យ​បំពេញ​តួនាទី​កាន់តែ​ធំ​ជាង​មុន ដើម្បី​លើកកម្ពស់​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា ឆ្លើយតប​ចំពោះ​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​”​។

លោក​បន្ត​ថា “​ចូលរួម​ក្នុង​កម្រិត​ខ្ពស់​ពី​សហគមន៍ ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​បន្ស៊ាំ ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ចូលរួម​អនុវត្ត​សកម្មភាព​ទាំងនេះ និង​ធានា​ឲ្យ​មាន​និរន្តរភាព ដោយសារតែ​វា​ផ្តល់​ឲ្យ​សហគមន៍​នូវ​ភាពជា​ម្ចាស់​ក្នុង​កម្រិត​ខ្ពស់​”។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ នឹង​ធ្វើ​ការសិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ជួយ​សហគមន៍​ឲ្យ​យល់​ពី​ប្រភព​សំខាន់ៗ ដែល​នាំ​ឲ្យ​មាន​ភាព​ងាយ​រងគ្រោះ​និង​ឱកាស ដើម្បី​ឲ្យ​មានការ​បន្ស៊ាំ​ប្រកបដោយ​ប្រសិទ្ធភាព ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បង្កើត​ចំណេះដឹង​អំពី​វិធីសាស្ត្រ ដែល​គេ​អាច​យក​មក​ប្រើ​ប្រាស់ សម្រាប់​បន្ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា គេ​រំពឹង​លើ​គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង​១១២,០០០​នាក់ មកពី​ជាង​២១,០០០​គ្រួសារ រួម​នឹង​ក្រុម​ងាយ​រងគ្រោះ​ផ្សេងៗ ដូចជា កសិករ ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង ស្ត្រី កុមារ ក្រុម​បាត់បង់​ឱកាស និង​ជនជាតិ​ដើម​ភាគតិច មកពី​ខេត្ត​ទាំង ១៧​។ គម្រោង​នេះ​នឹង​ចាត់ចែង​អនុវត្ត ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ គឺ​អង្គការ Plan International Cambodia ក្រោម​ការណែនាំ​ពី​ក្រសួងបរិស្ថាន និង ADB៕

ADB​ផ្តល់​ជំនួយ​១,៤​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ ADB​ផ្តល់​ជំនួយ​១,៤​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​