អ្នក​ណា​មិន​ស្លុត ដេក​សុខ​ៗ​ស្រាប់តែ​កើតរឿង​បែប​នេះ

ខេត្ត​ត្បូងឃ្មុំ ៖ អ្នក​ណា​ៗ​ក៏​ស្លុត​អារម្មណ៍​គ្រប់​គ្នា ខណៈ​ពេល​កំពុង​ដេក​សុខ​ៗ​ស្រាប់តែ​​ពាក់​កណ្ដាល​អាធ្រាត្រ​មាន​រថយន្ត​បុក​រះ​សំយាបផ្ទះ​រហូត​ដល់​ទៅ​៤​ខ្នង​បែប​នេះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧២ ស្ថិត​នៅ​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ រថយន្ត​ម៉ាក​កាម​រី ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2827 បើក​ពី​ទិស​ខាង​លិចទៅ​កើត ដោយ​មាន​គ្នា​៥​នាក់​ជិះ​លើ​រថយន្ត​នោះ ហេតុតែ​អ្នកបើកបរ​ស្រវឹង​ធ្លាក់​ភ្នែក​មិន​អាច គ្រប់គ្រង​ស្មារតី​បាន​ក៏​រេ​ចង្កូត​បុក​សំយាបផ្ទះ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ រថយន្ត​កាម​រី​ឆ្លាម​នោះបើកបរ​ដោយ​ឈ្មោះ គី ម៉េ​ង​ហ៊ាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក បាន​រួម​ដំណើរ​ជាមួយនឹង​មនុស្ស​៤​នាក់​ទៀត​ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់ ជា​ហេតុ​បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​បុក​សំយាបផ្ទះ​អ្នកស្រុក​អស់​៤​ខ្នង ព្រមទាំង​ខូចខាត​រថយន្ត​២​គ្រឿង​ទៀត​ក្នុង​នោះ​មាន​រថយន្ត​តូ​យ៉ូ​តា​១​គ្រឿង និង រថយន្ត​បា​ឡែ​ន​១​គ្រឿង រង​ការ​ខូចខាត​ជា​ដំណំ ហើយ​មនុស្ស​នៅ​ក្នុង​រថយន្ត​២​នាក់​បាន​រង​របួស​ក្នុង​នោះ​ឈ្មោះ ទីង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ របួសធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល ។

នគរបាល​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២​កក្កដា គេ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ចុះសម្រង់​ពិនិត្យ​ការ​ខូចខាត ចំណែក​រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕