ស្រះ​ទឹក​មួយ​នេះ​ឆក់​យក​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ខណៈ​ពេល​កូនស្រី​កំពុង​មើល​វី​ដេ​អូ ស្ត្រី​ជា​ម្តាយ​បាន​ដើរ​ចេញ​មក​ក្រៅ និង​បាន​ដើរទៅ​កន្លែង​ស្រះ​ទឹក​ក៏​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ម្រេច​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​របង​ច្រុះ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ដែល​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ ស្រី ហែ​ន អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​មក​ស្នាក់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ម្រេច​របស់​កូនស្រី​ឈ្មោះ ថន ក្រូច អាយុ​២៨​ឆ្នាំ ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដើម្បី​ថែទាំ​ម្រេច និង​បាន​ជួល​កម្មករ​ឲ្យ​ដាំ​បន្ថែម​ទៀត​ផង​ដោយសារ​តែ​លក់​នៅ​លើ​ទីផ្សារ​បាន​ថ្លៃ​នោះ ។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ខណៈ​ពេល​កូនស្រី​កំពុង​មើល​វី​ដេ​អូ ស្រាប់តែ​ស្ត្រី​ជា​ម្តាយ​បាន​ដើរ​ចេញ​មក​ក្រៅ និង​បាន​ដើរទៅ​កន្លែង​ស្រះ​ទឹក​មិនដឹង​ជា​យ៉ាងម៉េច​បានជា​បណ្តាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក ។ បន្ទាប់​ពី​បាត់​ម្តាយ​មិនឃើញ កូន​ៗ​ក៏​នាំ​គ្នា​ចេញ​ទៅ​តាម​រក​ម្តាយ លុះ​ពេល​មក​ដល់​ស្រះ​ទឹក​ឃើញ​មាន​ពពុះ សង្ស័យ​ម្តាយ​ធ្លាក់​ចូល​ទឹកស្រះ​បានរ​ត់ទៅ​ហៅ​កម្មករ​ដាំ​ម្រេច​ដែល​នៅ​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ស្រះ​ទឹក​ឲ្យ​មក​ជួយ​ចុះ​រាវរក​មួ​យស​ន្ធុះ​ទើប​ឃើញ​ម្តាយ​តែ​យឺត​ពេល​បាត់​ទៅ​ហើយ ព្រោះ​ម្តាយ​បាន​ស្លាប់​បាត់​ទៅ​ហើយ ក្រោម​សម្លេង​ស្រែក​ទ្រហោ​ហំ​ពី​កូន​ៗ​គ្រប់​គ្នា ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល និង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក បាន​ចុះ​មក​ពិនិត្យ​សព គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ។ នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ស្ត្រី​ចំណាស់​ដែល​លង់​ស្រះ​ទឹក​ស្លាប់​នោះ គាត់​មិន​ចេះ​ហែល​ទឹក​នោះ​ទេ នៅ​លើ​ខ្លួនប្រាណ​មិន​មាន​ស្លាកស្នាម​ឡើយ ។ ក្រោយ​ពី​បាន​ពិនិត្យ​សព​ចប់​សព្វគ្រប់ ក៏​បាន​ប្រគល់​សព​ឲ្យ​មក​ក្រុម​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕