អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់​ជើង​ឯក​ពិភពលោក ​ឈ្នះ​អ៊ីតាលី​ទាំង​ពិបាក

នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅតែរក្សាមហិទ្ធិរិទ្ធិរបស់ខ្លួន ជាម្ចាស់​ជើង​ឯក​ពិភពលោក ឆ្នាំ​២០១៤ បានតទៅទៀត ដោយទើបនឹងប្រកួត យកឈ្នះ​ក្រុម​អ៊ីតាលី​ហើយ ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី នៅ​ចុង​បញ្ចប់​នៃ​ម៉ោង​បន្ថែម។ ក្រុមអាល្លឺម៉ង់ នឹងត្រូវឡើង​ទៅ​ជួប​ក្រុម បារាំង ឬ​ក្រុម​អ៊ីស្លង់ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខាង​មុខ។
អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់​ជើង​ឯក​ពិភពលោក ​ឈ្នះ​អ៊ីតាលី​ទាំង​ពិបាក

ក្រុមអាល្លឺម៉ង់លោតសប្បាយ បន្ទាប់ពីយកជ័យជំនះ លើក្រុមអ៊ីតាលី ដោយគ្រាប់បាល់​កាត់​សេចក្ដីចុងក្រោយ នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។ (រូបថត UEFA)

និយាយឲ្យមែនទែនទៅ ក្រុមទាំងពីរ​ ក្នុងការប្រកួតនៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នាយប់នេះ សុទ្ធតែជាក្រុមយក្ស ខាង​បាល់ទាត់។ ប៉ុន្តែ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងកាន់ពាន​ជាម្ចាស់ជើងឯក​ពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយនោះ នៅតែបន្តបង្ហាញគេឯង ពីកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​ជើងឯកអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦នេះទៀត បន្ទាប់ពីបានផ្ដួល ជាមួយក្រុមអ៊ីតាលី ដែលធ្លាប់ឈ្នះ ជាម្ចាស់​ជើង​ឯក​​ពិភពលោកច្រើនដង ដូចខ្លួនដែរ (ជាពិសេសកាលពីឆ្នាំ២០០៦)។

ប៉ុន្តែការឈ្នះ របស់ក្រុមអាល្លឺម៉ង់ ដោយទាត់គ្រាប់បាល់កាត់សេចក្ដី នៅចុងម៉ោងបន្ថែម ៩គ្រាប់ម្ខាង (ដំបូង៥​គ្រាប់​ម្ខាង តែនៅតែស្មើ ក៏បន្ត៤គ្រាប់ម្ខាងទៀត) មិនបានធ្វើឲ្យក្រុមអ៊ីតាលី បាក់មុខឡើយ ដោយសារ​តែ​ក្រុម​អ៊ីតាលី បានបង្ហាញពីការប្រយុទ្ធ និងការការពាររបស់ខ្លួនយ៉ាងល្អ សឹងតែពេញមួយម៉ោងប្រកួត (៤៥នាទី​+៤៥នាទី​+១៥នាទី​+១៥នាទី)។ ខ្សែការពារអ៊ីតាលីដ៏រឹងមាំ ដែលមានចំនួនកីឡាករ សឹងតែពី៥ទៅ៦នាក់ បាន​ធ្វើ​ជា​​រនាំង​ទប់​ក្រុម​អាល្លឺម៉ង់ មិនអាចធ្វើអ្វីខ្លួនបាន រហូតលុះត្រានៅនាទីទី ៦៥ ក្នុង​ពាក់​កណ្ដាល​ម៉ោង​ទីពីរ ទើប​​ក្រុម​​អាល្លឺម៉ង​​ឆ្លៀត​រក​បាន ចន្លោះប្រហោងរបស់ខ្សែការពារអ៊ីតាលី ហើយកីឡាករអាល្លឺម៉ង់ «Ozil» បាន​រក​​គ្រាប់​​បាល់​​បាន​​មួយ​​គ្រាប់។

បន្ទាប់ពីត្រូវក្រុមអាល្លឺម៉ង់​នាំពិន្ទុមុខដូច្នេះ ក្រុមអ៊ីតាលីបានរៀបចំការប្រយុទ្ធ ដើម្បីរកគ្រាប់បាល់​យកស្មើមក​វិញ និងបានរុញខ្សែការពារអាល្លឺម៉ង់ រហូតដល់កីឡាករអាល្លឺម៉ង់ «Boateng» បានលើកដៃឡើងធ្វើឲ្យប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ នៅនាទីទី៧៧។ កំហុសរបស់កីឡាករខ្សែការពារអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល​ចាប់​ពិន័យ ដោយ​ឲ្យ​ក្រុមអ៊ីតាលី​ទាត់បាល់ពិន័យ ១១ម៉ែត្រ រកពិន្ទុបានមកវិញ ១ទល់នឹង១ (គ្រាប់បាល់ទាត់​ដោយ​កីឡាករ​​អ៊ីតាលី «Bonucci»)។

អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ ម្ចាស់​ជើង​ឯក​ពិភពលោក ​ឈ្នះ​អ៊ីតាលី​ទាំង​ពិបាក

ការប្រកួតបន្តទៅមុខ រហូតថែមម៉ោង១៥នាទីសងខាង តែមិនមានលទ្ធផលចាញ់ឈ្នះអ្វីទេ បើទោះជាក្រុម​កីឡាករ​ទាំង​សងខាង មានឱកាសទាត់បញ្ចូលទី បានប៉ុន្មានដងក៏ដោយ។ នៅក្នុងវគ្គទាត់បាល់​កាត់​សេចក្ដី ១១ម៉ែត្រ ៥គ្រាប់ម្ខាង ក្រុមទាំងសងខាង រកបានគ្រាប់បាល់តែ២ស្មើប៉ុណ្ណោះ ហើយបានបន្ត​ទៅដល់​ទាត់​បាល់​កាត់​សេចក្ដី​នេះ មួយគ្រាប់ម្ដងៗ រហូតលុះត្រា៩គ្រាប់ម្ខាង ទើបក្រុមអាល្លឺម៉ង់រកបានជ័យជំនះ (៦-៥) និង​ច្បាស់​​ថា​​ខ្លួន​​បាន​ឡើង ទៅដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវទៅជួបក្រុមបារាំងម្ចាស់ផ្ទះ ឬក្រុមអ៊ីស្លង់ (អាយឡេន) នៅថ្ងៃព្រហស្បត្តិ៍​សប្ដាហ៍​​ខាងមុខ ដោយទុកឲ្យក្រុមទាំងពីរ ជួបប្រកួតគ្នាយកចាញ់ឈ្នះ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅយប់​ថ្ងៃ​អាទិត្យ​នេះ​សិន៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖