យប់មិញ ! ឆេះ​ក្នុង​រោងចក្រ​ស្បែកជើង​«​យិ​ន​ដុ​ង​»

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុង​រោងចក្រ​ស្បែង​ជើង​យីហោ «​យិ​ន​ដុ​ង​» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ចំណុច​រោងចក្រ​ដេរ​ស្បែកជើង «​យិ​ង​ដុ​ង​» ក្នុង​បូ​រី​សែន​មនោ​រម្យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​បុរស​ម្នាក់​ដែល​ជា​ប្រធាន​សន្តិសុខ​ហើយ​ប្រចាំការ​ក្នុង​រោងចក្រ​ខាងលើ​បាន​ប្រាប់​ថា ករណី​ដែល​ឆាបឆេះ​នេះ​គឺ​បណ្តាល​មក​ពី​កម្មករ​បាន​យក​កម្ទេចផេះ​ដែល​នៅ​មាន​កម្ទេច​ភ្លើង​ទៅ​ចាក់​ពីលើ​គំនរ​សំរាម (​មាន​ជ័រ និង​កៅស៊ូ​ស្បែកជើង​នៅ​លាយឡំ​គ្នា​) ដែល​គេ​ស្តុក​នៅ​ក្នុង​បរិវេណ​រោងចក្រ ទំនង​ដល់​ពេល​មាន​ខ្យល់​បក់​ទៅ​ធ្វើ​ឲ្យ​កម្ទេច​ភ្លើង​ឆេះ ទើប​បណ្តាល​ឲ្យ​រាល​ដា​បែប​នេះ​ទៅ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ភ្លើង​ឆេះ​ខាងលើ​នេះ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ឡើយ គ្រាន់តែ​ឆេះ​ក្នុង​បរិវេណ​រោងចក្រ​ហើយ​មិន​មាន​ខូចខាត​សម្ភារៈ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អត្ត​រាគ​មន៍​ទាន់​ពេលវេលា ។

សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា ក្នុង​ករណី​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង​ខាងលើ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​ចេញ​ទៅ​អត្ត​រាគ​មន៍​ចំនួន​៩​គ្រឿង ប៉ុន្តែ​បាន​ប្រើប្រាស់​អស់​៥​គ្រឿង និង​រថយន្ត​របស់​អង្គភាព (​ង​៧០) ៣​គ្រឿង ប្រើ​អស់ទាំង​៣​គ្រឿង​តែ​ម្តង សរុប​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ប៉ុន្តែ​ប្រើប្រាស់​អស់​ចំនួន​៨​គ្រឿង​ប៉ុណ្ណោះ ហើយ​បាន​ចំណាយពេល​ជិត​១​ម៉ោង​ទើប​រលត់​វិញ ៕