ដឹងទេថា នឹងមានអ្វីកើតឡើងខ្លះ នៅពេលដែល អង់គ្លេសគ្លេស ចាកចេញពីសហភាពអឺរ៉ុប?

កាលពីពេលថ្មីៗកន្លងទៅនេះ ចក្រភពអង់គ្លេសបានចេញជាសំណួរនយោបាយ ដែលជាប្រធានបទដ៏ក្តៅគគុកក្នុងប្រវត្តិសាស្រ្ត មួយថា “តើប្រទេសអង់គ្លេសនេះ ត្រូវបន្តនៅក្នុងសហភាពអឺរ៉ុប ឬក៏ត្រូវដើរចេញ?”

លទ្ធផលចុងក្រោយ គឺ ៥២ ទល់នឹង ៤៨ ភាគរយ ដែលបានបោះឆ្នោតភាគច្រើនទៅលើ Brexit (បានមកពីពាក្យ British exit មានន័យថា អង់គ្លេស នឹងចាកចេញពីសហភាពអឺរ៉ុប)។ នោះមានន័យថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ថ្នាក់ដឹកនាំរបស់អង់គ្លេស និងអឺរ៉ុប នឹងចាប់ផ្តើមការចចារលក្ខខណ្ឌនៃការចាកចេញរបស់ប្រទេសអង់គ្លេស។ គេអាចដឹងបានថា ការចាកចេញរបស់ប្រទេសអង់គ្លេស នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អង់គ្លេស គោលនយោបាយអន្តោប្រវេសន៍ និងបញ្ហាផ្សេងៗទៀតផងដែរ។ 

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក David Cameron មិនចង់ធ្វើការបោះឆ្នោតឲ្យ Brexit ឡើយ។  តែនៅក្នុងឆ្នាំ ២០១៤ គាត់បានជួបប្រទះសម្ពាធដ៏ធ្ងន់ធ្ងរ ពីការកើនឡើននៃជនអន្តោប្រវេសន៍  និងសម្ពាធពីភាពជាសមាជិកក្នុងសហភាពអឺរ៉ុប។ ដើម្បីសម្រួលបញ្ហាទាំងអស់នេះ លោក Cameron បានសន្យាថានឹងធ្វើការបោះឆ្នោតប្រជាមតិ លើការចាកចេញពីសហភាពអឺរ៉ុប  ប្រសិនបើគណបក្សអភិរក្សរបស់លោក ឈ្នះការបោះឆ្នោតឆ្នាំ ២០១៥។  លោក Cameron បានរក្សាសេចក្ដីសន្យារបស់គាត់បន្ទាប់ពីបានឈ្នះឆ្នោត តែគាត់មិនបានបោះឲ្យ ការចាកចេញពីសហភាពអឺរ៉ុប (Brexit) ទេ។ ហេតុនេះទើបលោក នឹងលាលែងចេញពីតំណែង នៅខែតុលានេះ បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស។ ​យើងមិនអាចដឹងថាមានអ្វី នឹងកើតឡើងនោះទេ ប៉ុន្តែលោក Boris Johnson នឹងមកកាន់គណបក្ស ជំនួសលោក Cameron វិញ។

ដូច្នេះ តើចក្រភពអង់គ្លេសនឹងទទួលបានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ពីការចាកចេញពីសហភាពអឺរ៉ុប?

# ថ្លៃសមាជិក

ការចាកចេញពីសហភាពអឺរ៉ុប គឺដូចជាបានកាត់បន្ថយចំនាយមួយភាគធំផងដែរ ដោយអង់គ្លេស មិនចាំបាច់ចូលរួមចំណែក ក្នុងគំរោងថវិការបស់សហភាពអឺរ៉ុបទៀតឡើយ។ កាលពីឆ្នាំមុន ប្រទេសអង់គ្លេសបានបង់ប្រាក់ចំនួន ១៣ ពាន់លានផោន (១៧,៣៤២,២៦០,០០០ ដុល្លារ) តែទទួលបានមកវិញចំនួន ៤.៥ ពាន់លានផោន (៦,០០៣,០៩០,០០០ ដុល្លារ)។ នេះមានន័យថា ចំណាយចូលរួមសុទ្ធ មានចំនួនដល់ទៅ ៨.៥ ពាន់លានផោន (១១,៣៣៩,១៧០,០០០ ដុល្លារ) ឯណោះ។

# ពាណិជ្ជកម្ម

សហភាពអឺរ៉ុបគឺជា ទីផ្សារតែមួយគត់ដែលមិនគិតពន្ធការនាំចេញ នាំចូល រវាងប្រទេសដែលជាសមាជិក។ ជាង ៥០% នៃការនាំចេញទំនិញពីអង់គ្លេស គឺនាំទៅបណ្តាប្រទេសសហភាពអឺរ៉ុប។ ប្រទេសអង់គ្លេស ទទួលបានប្រយោជន៍ជាច្រើន ពីសហភាពអឺរ៉ុប និងប្រទេសមហាអំណាចពិភពលោកផ្សេងទៀត ដោយបានធ្វើការចរចារជាមួយអាមេរិក ថានឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតរបស់ពិភពលោក។ ប៉ុន្តែអង់គ្លេស នឹងបាត់បង់ការចរចារនេះទៅវិញ ដោយសារតែការចាកចេញពីសហភាពអឺរ៉ុប។ ប្រទេសបារាំង ក៏បានធ្វើការព្រមានដែរថានឹងមាន “ផលវិបាក” ជាច្រើនដល់ប្រទេសអង់គ្លេស ប្រសិនជាសំរេចចិត្តចាកចេញ។

គេបានសិក្សាថា សេដ្ឋកិច្ចរបស់ ចក្រភពអង់គ្លេសនឹងធ្លាក់ចុះ ២.២% នៃ GDP សរុបរបស់ខ្លួននៅឆ្នាំ ២០៣០។ ផ្ទុយមកវិញ បើអង់គ្លេសបន្តធ្វើពាណិជ្ជកម្មក្នុងសហភាពអឺរ៉ុប GDP ប្រទេសនេះនឹងកើនឡើង ១.៦%។ មតិមួយចំនួនបានលើកឡើងថា បណ្តាប្រទេសសហគមន៍អឺរ៉ុប អាចនឹងជួយដល់អង់គ្លេស ក្នុងការធ្វើពាណិជ្ជកម្មមិនគិតពន្ធតទៅទៀត តែមិនទាន់មានប្រភពណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ មតិមួយចំនួនទៀតក៏បាន លើកឡើងថា សហភាពអឺរ៉ុប នឹងមានបំណងធ្វើឲ្យមានការលំបាកដល់ប្រទេសអង់គ្លេស ដែលសម្រេចចិត្តចាកចេញ។

អ្វីដែលល្អនោះគឺ វាជាសេរីភាពមួយដែល អង់គ្លេសអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មបានខ្លួនឯង ដោយសេរី មិនរងគំនាបពីបទបញ្ញត្តិផ្សេងៗទៀតទេ។ គេជឿថា អង់គ្លេស នឹងអាចដើរតាមប្រទេសន័រវេស ដែលដំណើរការទីផ្សារសេរី មិនស្ថិតក្រោមច្បាប់របស់សហភាពអឺរ៉ុប បានដូចគ្នា។ លោក Boris Johnson អ្នកដឹកនាំយុទ្ថនាការ Brexit បាននិយាយថា “ខ្ញុំគិតថា យើងអាចរៀបចំកិច្ចព្រមព្រៀងជាមួយ ប្រទេសកាណាដា ដោយផ្អែកលើពាណិជ្ជកម្មជាធំ និងមិនចាំបាច់គិតពន្ធ ហើយប្រទេសរបស់យើងនឹងមានអនាគតឆ្ពោះទៅមុខដ៏អស្ចារ្យ”។

# ការវិនិយោគ

ការវិនិយោគផ្សេងៗ ត្រូវបានធ្លាក់ចុះ តាំងពីដំណើរការបោះឆ្នោតបញ្ចេញមតិមកម្ល៉េះ ដោយសារតែ អស្ថេរភាព និងផលវិបាកដទៃទៀត។ ក្នុងរយៈពេលវែងខាងមុខ អ្នកដែលមិនគាំទ្រការចាកចេញ មានទស្សនៈថា ស្ថានភាពរបស់អង់គ្លេសដែលជា មជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេរបស់ពិភពលោកមួយនេះ នឹងធ្លាក់ដុនដាប ព្រោះតែការចាកចេញនេះ គឺដូចជាការបិទច្រកផ្លួវពីប៉ែកអឺរ៉ុប ដូចជាធនាគារអាមេរិចជាដើម។ គេមានការភ័យខ្លាចថា ក្រុមហ៊ុនផលិតរថយន្តដូចជា BMW អាចនឹងដកថយ ឬបញ្ចប់ការផលិតនៅអង់គ្លេស ព្រោះតែមិនអាចនាំចេញ ដោយមិនគិតពន្ធបានតទៅទៀត។ ដូចគ្នានេះដែរ ប្រសិនបើសិនមានក្រុមហ៊ុនណាមួយ ដែលធ្វើការវិនិយោគក្នុងសហភាពអឺរ៉ុប នឹងត្រូវបានគិតអត្រាពន្ធតិចជាងមុន ជាពិសេស ធនាគារ អាចនឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ពួកគេ ត្រឡប់ចូលទៅក្នុងសហភាពអឺរ៉ុបវិញ។

ផ្ទុយមកវិញ ក្រុម Brexit ដែលគាំទ្រការចាកចេញបាននិយាយថា អង់គ្លេសនឹងកែប្រែខ្លូនឲ្យខ្លាំងដូចជា សេដ្ឋកិច្ចរបស់សិង្ហបុរីដូច្នោះដែរ។ ជាក់ស្តែង ការចាកចេញរបស់អង់គ្លេស ដែលជាប្រទេសមានអំណាចសេដ្ឋកិច្ចខ្លាំងក្លាដែរនោះ អាចនឹងធ្វើឲ្យបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ប៉ះពាល់បញ្ហាហិរញ្ញវត្ថុ ជាពិសេសធ្វើឲ្យ “ដួលរលំគម្រោងវិនិយោគ” របស់អឺរ៉ុបផងដែរ។ ទាំងនេះអាចធ្វើឲ្យ អង់គ្លេស អាចទាក់ទាញវិនិយោគិន បានមកវិនិយោគក្នុងប្រទេសកាន់តែច្រើន។ 

# ជនអន្តោប្រវេសន៍

នៅក្រោមច្បាប់សហភាពអឺរ៉ុប ប្រទេសអង់គ្លេស មិនអាចហាមឃាត់នរណាម្នាក់ដែលជាជនជាតិដទៃក្នុងសហភាពអឺរ៉ុប មិនឲ្យចូលមករស់នៅក្នុងប្រទេសបានឡើយ។ សំរាប់ជនជាតិអង់គ្លេសវិញ ទទួលបានអត្ថប្រយោជន៍ សិទ្ធិរស់នៅ និងធ្វើការ នៅទីណាក៏បានក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប។ ជាលទ្ធផលធ្វើឲ្យ អង់គ្លេសមានការកើនឡើងយ៉ាងខ្លាំង នូវជនអន្តោប្រវេសន៍ជាច្រើន ជាពិសេសពីខាងកើត និងខាងត្បូងទ្វីបអឺរ៉ុប។ ដោយសារតែកំនើន ដ៏ខ្លាំងក្លានៃជនអន្តោប្រវេសន៍ ធ្វើឲ្យអង់គ្លេសជួបបញ្ហា ផ្ទះសំបែងសម្រាប់រស់នៅ និងបញ្ហាតម្រូវការជាច្រើន។ អ្នកគាំទ្រ Brexit ចង់កាត់បន្ថយជនអន្តោប្រវេសន៍យ៉ាងខ្លាំង ទើបការចាកចេញពីសហភាពអឺរ៉ុប គឺជាមធ្យោបាយតែមួយគត់ដែលអាច “ពង្រឹងការត្រួតពិនិត្យតាមព្រំដែន” បានល្អឡើងវិញបាន។

# ការងារ

ផលប៉ះពាល់ ពីការចាកចេញពីសហភាពអឺរ៉ុប លើវិស័យការងាររបស់ជនជាតិអង់គ្លេស អាស្រ័យទៅលើកត្តា ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាអន្តោប្រវេសន៍ ដែលបានរៀបរាប់ខាងលើ។ ជាក់ស្តែងវាអាចមានលទ្ធភាពពីរ គឺប្រសិនបើពាណិជ្ជកម្ម និងការវិនិយោគធ្លាក់ចុះ មនុស្សមួយចំនួនធំ នឹងបាត់បង់ការងារ តែបើពាណិជ្ជកម្ម និងការវិនិយោគកើនឡើង មនុស្សនឹងមានការងារថ្មីថែមទៀតកាន់តែច្រើន។ សម្រាប់ការធ្លាក់ចុះអត្រាជនអន្តោប្រវេសន៍វិញ អ្នកធ្វើការកើនឡើង តែនឹងខ្វះកម្លាំងពលកម្មក្នុងសេដ្ឋកិច្ច ធ្វើឲ្យប្រទេសនេះធ្លាក់សក្តានុពលភាពដុនដាបជាមិនខាន។

# អធិបតេយ្យភាព

សម្រាប់អ្នកគាំទ្ររបស់ Brexit គិតថាការចាកចេញពីសហភាពអឺរ៉ុប គឺដូចជាជ័យជំនះមួយ ព្រោះសហភាពអឺរ៉ុប នឹងមិនត្រួតត្រាលើកិច្ចការរបស់អង់គ្លេសតទៅទៀតនោះទេ។ សមាជិកសភា Kate Hoey បាននិយាយថា សហភាពអឺរ៉ុបមានបំណងដាក់អំណាច តាមបែបលទ្ធិប្រជាធិបតេយ្យមកលើអង់គ្លេស។ គេបានយល់ស្របថា ស្ថាប័នសហភាពអឺរ៉ុបបានគ្រប់គ្រងពីលើ អំណាចពីសភារបស់ប្រទេសអង់គ្លេសពិតមែន។ ពេលនេះ អធិបតេយ្យភាពប្រទេសអង់គ្លេស នឹងមិននៅក្រោម សហភាពអឺរ៉ុបតទៀតទេ តែរដ្ឋាភិបាលអង់គ្លេស នៅតែចងជាសមាជិករបស់អង្គការណាតូ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងជាមួយសន្ធិសញ្ញា និងប្រទេសផ្សេងទៀតជាច្រើន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងទេថា នឹងមានអ្វីកើតឡើងខ្លះ នៅពេលដែល អង់គ្លេសគ្លេស ចាកចេញពីសហភាពអឺរ៉ុប?

ដឹងទេថា នឹងមានអ្វីកើតឡើងខ្លះ នៅពេលដែល អង់គ្លេសគ្លេស ចាកចេញពីសហភាពអឺរ៉ុប?

ដឹងទេថា នឹងមានអ្វីកើតឡើងខ្លះ នៅពេលដែល អង់គ្លេសគ្លេស ចាកចេញពីសហភាពអឺរ៉ុប?