ពលរដ្ឋ​ខេត្ត​កណ្ដាល​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​លក់​ដី​អូរ​ជិត​២០​ហិកតារ

ដី​អូរ​របស់​រដ្ឋ និង​ដី​របស់​ពលរដ្ឋ​ជិត ២០​ហិកតារ នៅ​ខេត្ត​កណ្ដាល ត្រូវ​បាន​គេ​លក់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ។ ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​បាន​ឃុបឃិត​លក់​ដី​ពួកគាត់​ដោយ​មិន​ផ្ដល់​សំណង​សមរម្យ។ ចំណែក​ក្រុមហ៊ុន​វិញ​អះអាង​ថា ដី​ទាំង​នោះ​គឺ​ប្រជាពលរដ្ឋ​ព្រម​លក់​ឲ្យ​ដោយ​ស្ម័គ្រចិត្ត។

ពលរដ្ឋ​បញ្ជាក់​ថា ដី​អូរ​នៅ​ម្ដុំ​វត្ត​ស្វាយជ្រំ និង​ព្រំប្រទល់​ឃុំ​អរិយក្សត្រ ខេត្ត​កណ្ដាល ត្រូវ​បាន​គេ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​មិន​ដោះស្រាយ​សំណង និង​មិន​មាន​ការ​ឯកភាព​ពី​ប្រជាជន។ ក្រុមហ៊ុន​បាន​ទិញ​យក​ដី​ពលរដ្ឋ​នៅ​អម​សងខាង​អូរ ដើម្បី​ត្រៀម​សាងសង់​ផ្ទះ​ល្វែង​លក់។ ក៏ប៉ុន្តែ ពលរដ្ឋ​និយាយ​ថា ពួកគេ​មិន​ដឹង និង​មិន​ព្រម​លក់​ដីធ្លី​ពួកគាត់​ដូច​ក្រុមហ៊ុន​បាន​អះអាង​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៤១​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​លក់​ដី​អូរ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​ប៉ះពាល់​សុវត្ថិភាព និង​ការ​គំរាមកំហែង​ថា អាជ្ញាធរ​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ចំនួន ២​ដង​រួច​មក​ហើយ ក៏ប៉ុន្តែ អាជ្ញាធរ​មិន​អាច​បញ្ជាក់​បាន​ថា អ្នក​ណា​ជា​អ្នកលក់​ដី​នោះ​ទេ។

ពលរដ្ឋ​រូប​នេះ​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​សងខាង​អូរ​យល់​ព្រម​ផ្ដិត​មេដៃ លើ​ឯកសារ​កិច្ច​ព្រមព្រៀង​យល់ព្រម​លក់​ដី​ឲ្យ​ក្រុមហ៊ុន។ ក៏ប៉ុន្តែ​ពលរដ្ឋ​ថ្លែង​ថា អាជ្ញាធរ​បាន​បន្លំ​ឯកសារ​បំភ័ន្ត​ប្រជាជន​ឲ្យ​យល់​ព្រម​ផ្ដិត​មេដៃ៖ «នៅ​ក្នុង​ឯកសារ​ផ្ដិត​មេដៃ អាជ្ញាធរ​ដែនដី​ឃុំ និង​ស្រុក បន្លំ​ឯកសារ​ទិញ​លក់​អូរ​ដើម្បី​ឲ្យ​ប្រជាជន​ផ្ដិត​មេដៃ គឺ​គេ​ដាក់​បន្លំ​នៅ​ក្រោម​ហ្នឹង​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ។ ដល់​ពេល​ហើយ​អាជ្ញាធរ​ថា ពលរដ្ឋ​យល់ព្រម​លក់​អូរ។ រឿង​ហ្នឹង​មិន​ទាក់​ដាច់ស្រេច​ទេ ត្រង់​ថា អូរ​មិន​ដឹង​គេ​លក់​ពី​ពេល​ណា។ អូរ​ជា​របស់​រដ្ឋ ហើយ​ក្រុមហ៊ុន​​ហ្នឹង​មក តាម​ខ្ញុំ​ដឹង គឺ​មិន​បាន​ធ្វើ​អនុប្រយោគ ពី​ដី​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ទៅជា​ដី​របស់​រដ្ឋ​នៅ​ឡើយ​ទេ»

​ទោះបីជា​យ៉ាងណា តំណាង​ក្រុមហ៊ុន​ទិញ​ដី​អូរ លោក ឃួន ណាត បាន​បញ្ជាក់​ថា លោក​បាន​ទិញ​ដូរ​ដី​នោះ ដោយ​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ​ត្រឹមត្រូវ។ លោក​ថា មាន​ជន​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​យក​រឿង​នេះ​ទៅ​បំផុស​បំផុល​ប្រជាជន ដើម្បី​រាំងស្ទះ​ដល់​ការ​រក​ស៊ី​របស់​លោក៖ «កាល​ខ្ញុំ​ទិញ​ដី​មាន​ពីរ​ប្រភេទ។ មួយ​ដី​ប្រជាពលរដ្ឋ គាត់​លក់​ឲ្យ​យើង។ គាត់​ឲ្យ​យើង​ធ្វើ​ផ្លូវ ប្រើ​នៅ​ក្នុង​ភូមិ​ហ្នឹង​ផង ហើយ​គាត់​លក់​ឲ្យ​យើង ក្នុង​លក្ខខណ្ឌ​ផ្លូវ​ចូល​ក្នុង​ដី​គាត់ គឺ​ម៉ៅ​តាម​តិច​តាម​ច្រើន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា។

ពលរដ្ឋ​ដែល​អះអាង​ថា ត្រូវ​គេ​រំលោភ​យក​ដី​ថ្លែង​ថា ពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អាជ្ញាធរ​ខេត្ត ស្រុក តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ពលរដ្ឋ​ប្រាប់​ថា បច្ចុប្បន្ន​អាជ្ញាធរ និង​ក្រុមហ៊ុន បាន​ដើរ​បញ្ចុះបញ្ចូល និង​បំភ័យ​ប្រជាជន​ឲ្យ​ទទួល​យក​សំណង៖ «មេ​ភូមិ មេ​ឃុំ គេ​មក​និយាយ​សម្លុត​គំរាម​ថា បើសិនជា​យើង​មិន​ព្រម​ផ្ដិត​មេដៃ ធ្វើ​ប្លង់​នឹង​ទេ ក្រុមហ៊ុន​លើក​ដី​ដល់​ណា គេ​យក​ដី​ដល់​ហ្នឹង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។