ស្ទើរតែ​គ្មាន​សញ្ញា​ណាមួយ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា ដោយសារ​ការ​បោះ​ឆ្នោត Brexit

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​មាន​ភាព​រំជើបរំជួល​នៅ​ទីផ្សារ​សកល បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ឬ​ហៅ​ថា « Brexit » អ្នក​ជំនាញ និង​អ្នក​វិនិយោគ​ធំ​ៗ​នៅ​កម្ពុជា បាន​អះអាង​ថា វា​ស្ទើរតែ​គ្មាន​ចំណុច​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ទេ ខណៈ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន អាច​នឹង​រង​ផល​ប៉ះពាល់​តិចតួច​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ។

អ្នកឧកញ៉ា សៀ រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ជ​ឡែ​ន​ដ៏ បានឱ្យ​ដឹង​ថា ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប វា​មិន​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា ក្នុង​វិស័យ​អចលន​ទ្រព្យ​ទេ ព្រោះ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន វា​មិនមែន​ជាទី​ផ្សារ​សម្រាប់​វិនិយោគិន​មក​ពី​អង់គ្លេស​ទេ ។ អ្នកឧកញ៉ា​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​គិត​ថា វា​មិន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​យើង​ទេ ព្រោះ​ទីផ្សារ​អចលនទ្រព្យ​យើង​មិនមែន​សម្រាប់​អ្នក​អង់គ្លេស ហើយ​ក៏​មិនមែន​ទីផ្សារ​អឺរ៉ុប​ដែរ តែ​អ្នក​ដែល​មក​ទិញ​អចលនទ្រព្យ ឬ​វិនិយោគ​ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​យើង​ទេ » ។

ទោះបី​យ៉ាងណា បើ​តាម​អ្នកជំនាញ​ខាង​អចលនទ្រព្យ​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នៅ​អឺរ៉ុប​នោះ ថ្វី​ដ្បិតតែ​មិន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ តែ​ក៏​អាច​ប៉ះពាល់​ដោយ​ប្រយោល​​ដែរ ដោយសារ​វិនិយោគិន​ដែល​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ភាគច្រើន​មក​ពី​ក្រៅប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​ប្រទេស​មួយ​ចំនួន​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ចក្រភព​អង់គ្លេស ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ រៀល​អុ​ី​ស្ទេ​ត បានឱ្យ​ដឹង​ថា មុន​នឹង​និយាយ​ថា ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប វា​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ឬ​អត់​នោះ ដំបូង​ត្រូវ​សិក្សា​ថា សព្វ​ថ្ងៃនេះ អ្នក​ណា​ជា​អ្នក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​។ លោក​និយាយ​ថា ៖ « យើង​ត្រូវ​ដឹង​ថា អ្នក​ណាខ្លះ​ជា​អ្នករក​ស៊ីសំ​ខាន់​នៅ​ក្នុងស្រុក​ខ្មែរ​យើង ឬ​អ្នក​ដែល​ដើរតួ​នាទី​សំខាន់​នៅ​ក្នុងស្រុក​ខ្មែរ​យើង ។ អ្នក​ទាំងនោះ​មាន​ដូច​ជា ចិនតៃវ៉ាន់ ចិនដីគោក សិង្ហ​បុរី ជប៉ុន និង​កូរ៉េ ជាដើម ។ ម្យ៉ាងទៀត អង់គ្លេស និង​យើង​ក៏​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ដែរ តែ​មាន​ប្រទេស​មួយ​ចំនួន​ដែល​សម្បូរ​អ្នក​នៅ​ប្រទេស​យើង ជិតដិត​ជាមួយ​អង់គ្លេស​ដូច​ជា ថៃ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ហើយ​នៅ​ពេល​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប ប្រទេស​ដែល​ប៉ះពាល់ គឺ​ប្រទេស​ដែល​ជិតដិត​នឹង​អង់គ្លេស​នោះ​ហើយ » ។

លោក​បន្ត​ថា នៅ​ពេល​ប្រទេស​ដែល​ជិតដិត​នឹង​អង់គ្លេស​ប៉ះពាល់ ហើយ​ប្រទេស នោះ​មាន​អ្នក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ដែរ អីចឹង​វា​អាច​មានការ​ប៉ះពាល់​ដល់​ខ្មែរ​ដែរ តែ​វា​មិនមែន​ប៉ះពាល់​ដោយ​ផ្ទាល់​នោះ​ទេ វា​គ្រាន់ តែ​ប៉ះពាល់​ដោយ​ប្រយោល ព្រោះ​បច្ចុប្បន្ន នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​អ្នក​វិនិយោគ​មក​ពី​អង់គ្លេស​មក​សង់​ខុន​ដូ ឬ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ទេ តែ​មាន​ពី​ថៃ ម៉ា​ឡេ​ស៊ី តៃវ៉ាន់ សិង្ហ​បុរី ដែល​ជិតដិត​នឹង​អង់គ្លេស​។ ជា​រួម លោក​បញ្ជាក់​ថា វា​គ្មាន​ចំណុច​ណាមួយ​ដែល​កម្ពុជា​ត្រូវ​ព្រួយបារម្ភ ឬ​រង​ការ​ប៉ះពាល់​នៅ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​នោះ​ទេ ៕