ដល់​ពេល​ដែល​ត្រូវ​រក​ប្រាក់​ពី​ការ​ជួល ទិញ​ឬ​លក់​លំនៅ​ឋាន និង​ដីធ្លី

បច្ចុប្បន្ន​នេះ ជា​ពេលវេលា​ដ៏​សំខាន់ និង​សម​ស្រប​ក្នុង​ការ​វិនិយោគ​លើ​ជំនួញ​លំនៅ​ឋាន និង​ដីធ្លី ខណៈ​ដែល​អាជីវកម្ម​អចលនទ្រព្យ​កំពុង​តែ​ងើបឡើង ។ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍ និង​សិក្សា​ពី​ការ​វិនិយោគ​ផ្នែក​លំនៅ​ឋាន និង​ដី អាច​សម្រេចចិត្ត ឬ​គិត​នឹង​ចាប់ផ្តើម​ធ្វើ​ជំនួញ​ខាង​វិស័យ​អចលនទ្រព្យ ប្រសិនបើ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​ចាប់ផ្តើម​ប្រកប​ជំនួញ​នេះ​បែប​ណា​ល្អ​នោះ យើង​មាន​វិធី​ខ្លះ​ៗ​ដើម្បី​រក​ប្រាក់​ពី​ការងារ​ទិញ​-​លក់​លំនៅ​ឋាន និង​ដីធ្លី ដូច​ខាងក្រោម ៖

១-​ទិញ​លំនៅ​ឋាន ៖ នេះ​ជា​ការ​វិនិយោគ​មួយ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត ។ យើង​អាច​យក​លំនៅ​ឋាន និង​ដី ដើម្បី​ស្វែងរក​ផលប្រយោជន៍ និង​ផល​តបស្នង​ឱ្យ​បាន​ច្រើន​បំផុត​ដូច​ជា ជួល ឬ​ក៏​រក​ប្រាក់​ចំណូល​ពី​ការ​ប្រើ​ជា​វត្ថុ​បញ្ចាំ​ផ្សេង​ៗ​ជាដើម ។

២-​ទិញ​ដី​ទំនេរ​ទុក ៖ ជា​ការ​ទិញ​ដី​ទុក​មួយ​រយៈ​សិន ដោយ​សង្ឃឹមថា នឹង​អាច​លក់​យក​ប្រាក់​ចំណេញ​ក្នុង​ពេល​អនាគត ។

៣-​ទិញ​ដី​ទំនេរ​សម្រាប់​អភិ​ឌ្ឍ​ន៍ ៖ ជា​ការ​ទិញ​ដី​ទំនេរ​សម្រាប់​ទាញ​យក​ផលប្រយោជន៍ ហើយ​យក​មក​អភិវឌ្ឍន៍ ដោយ​សាងសង់​ជា​លំនៅ​ឋាន​ជួល អា​ផាត​មិន ឬ​ហាង​លក់ទំនិញ​ផ្សេង​ៗ ។

៤-​ការ​វិនិយោគ​ដោយ​ប្រយោល ៖ ជា​ការ​វិនិយោគ​រួម​ក្នុង​វិស័យ​អចលនទ្រព្យ​ផ្សេង​ៗ​។ ការ​វិនិយោគ​បែប​នេះ ជា​ការ​ជ្រើសរើស​ដ៏​សម​ស្រប​សម្រាប់​អ្នក​ដែល​គិត​ថា ខ្លួនឯង​មានចំណេះ​ដឹង​តិចតួច និង​ខ្វះ​នូវ​បទ​ពិសោធន៍​សម្រាប់​គ្រប់គ្រង​ការ​វិនិយោគ​មួយ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ ។ ការ​វិនិយោគ​ដោយ​ប្រយោល គឺ​តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​សម្រាប់​វិនិយោគ​លំនៅ​ឋាន និង​ដី ព្រមទាំង​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ផ្សេង​ៗ ។

តាម​ខ្លឹមសារ​ដែល​បាន​រៀបរាប់​មកនេះ នៅ​ពេល​ពិចារណា​ធៀប​នឹង​ស្ថានភាព​បច្ចុប្បន្ន យើង​ជឿជាក់​ថា អ្នក​ដែល​គិត​នឹង​វិនិយោគ​សម្រាប់​អាជីវកម្ម​លំនៅ​ឋាន និង​ដី នឹង​អាច​បង្កើត​នូវ​ប្រាក់​ចំណេញ​ក្នុង​ពេល​អនាគត​បាន​យ៉ាងច្រើន ហើយ​អ្វី​ដែល​ត្រូវ​គិតពិចារណា​មុន​នឹង​វិនិយោគ​នោះ គឺ​ត្រូវ​តែ​ឱ្យ​ប្រាកដ​ចិត្ត​មុន​ថា ខ្លួន​មានចំណេះ​ដឹង និង​យល់​ដឹង​កម្រិត​ណា​ពី​គោលការណ៍​ជា​មូលដ្ឋាន​ក្នុង​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ។

ក្រៅពី​វិធី​រក​ប្រាក់​តាម​ការ​ទិញ​-​លក់​លំនៅ​ឋាន និង​ដី​នេះ នៅ​មាន​ប្រធានបទ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​យល់​ដឹង និង​ចង​ចាំ មុន​នឹង​ចាប់ផ្តើម​ប្រឡូក ។ ពេល​ខ្លះ ការ​លក់ ឬ​ជួល​លំនៅ​ឋាន គឺ​មិន​អាច​ធ្វើ​ទៅ​បាន​រហូត​ដូច​ការ​ជួញដូរ​ភាគហ៊ុន​នោះ​ទេ ។ ដូច្នេះ ប្រាក់​សម្រាប់​វិនិយោគ​ផ្នែក​លំនៅ​ឋាន គួរតែ​ជា​ប្រាក់​ដែល​មាន​ស្រាប់ មិនមែន​ជា​ប្រាក់​កម្ចី​ទេ ព្រោះ​ប្រសិនបើជា​ប្រាក់​កម្ចី គឺ​គួរតែ​ងាក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​ផ្សេង​ៗ​ជំនួស​វិញ ៕