ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​នាំ​គ្នា​កាប់​រាន​ដី​ព្រៃ​នៅ​ខេត្ត​រតនគិរី​ដើម្បី​តាំង​ទី​លំនៅ

ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា រួម​មាន​ខេត្ត​ព្រៃវែង ស្វាយរៀង តាកែវ កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង ជាង ៦០​គ្រួសារ បាន​នាំ​គ្នា​មក​កាប់​ឆ្ការ​ព្រៃ​ត្រៀម​បម្រុង​នៅ​ខេត្ត​រតនគិរី ហើយ​វាស់វែង​ចែក​គ្នា​សង់​រោង​ស្នាក់​នៅ​ក្រោម​ហេតុផល​ថា ពួកគេ​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ។ មន្ត្រី​អាជ្ញាធរ​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​ចូល​កាន់កាប់​ដី​រដ្ឋ​បែប​អនាធិបតេយ្យ ហើយ​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​ចាក​ចេញ ដោយ​រៀបចំ​ឯកសារ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច ប្រសិន​ពួកគេ​គ្មាន​ដី​ប្រាកដ​មែន។

ដី​ព្រៃ​ត្រៀម​បម្រុង​របស់​រដ្ឋ​ចំនួន ៣០​ហិកតារ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ចូល​មក​កាប់​រាន ហើយ​​ចាប់​យក​ដី​សង់​ខ្ទម​ស្នាក់នៅ ឋិត​នៅ​អតីត​ផ្លូវជាតិ​លេខ​៧៨អា ក្នុង​ភូមិ​បី ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី។

ការ​កាប់​រាន​ព្រៃ​របស់​ពលរដ្ឋ​នេះ ធ្វើ​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក ក៏ប៉ុន្តែ​ការ​ចូល​មក​វាស់វែង​ចែក​ដី​សង់​រោង​ស្នាក់​នៅ ធ្វើ​ឡើង​ចាប់ពី​ខែ​មិថុនា រហូត​បច្ចុប្បន្ន។

មេ​ឃុំ​ត្រពាំងក្រហម លោក ឯម អឿន បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មក​តាំង​លំនៅ​នេះ​គឺ​ជា​​ក្រុម​អនាធិបតេយ្យ​ចូល​មក​កាប់​ឆ្ការព្រៃ​បម្រុង​របស់​រដ្ឋ​យក​ដី​ខុស​ច្បាប់ ហេតុ​នេះ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួកគេ​ចាកចេញ។ លោក​បន្ត​ថា អាជ្ញាធរ​ភូមិ​ឃុំ​មិន​បាន​ឯកភាព ឬ​ផ្តល់​ការ​អនុញ្ញាត​ណា​មួយ​ដល់​ពលរដ្ឋ​ចំណាកស្រុក​ទាក់ទិន​ការ​តាំង​លំនៅ​ក្នុង​ដី​ព្រៃ​បម្រុង​របស់​រដ្ឋ​នោះ​ឡើយ៖ «ដី​ហ្នឹង​ចាប់​អនាធិបតេយ្យ​ទេ អត់​មាន​អ្នក​ណា​អនុញ្ញាត​ឲ្យ​នៅ​ទេ។ បោះ​បង្គោល​ចោល​ដូច​រោង​ចាំ​ចាប​អ៊ីចឹង។ មនុស្ស​មិន​ដឹង​នៅ​ឯ​ណា​ផង ឥឡូវ​ឃើញ​មក​ហើយ មិន​ដឹង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ត្រូវ​តែ​​ចេញ»

កាល​ពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប៉ូលិស​ស្រុក​កូនមុំ បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​តាំង​លំនៅ​ថ្មី​មក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស ក៏ប៉ុន្តែ​ក្រុម​អ្នក​តាំង​លំនៅ​ថ្មី​លើក​គ្នា​រាប់​សិប​នាក់​មក​អធិការដ្ឋាន​ប៉ូលិស​ហើយ​បញ្ជាក់​ថា ពួកគេ​គឺ​ជា​អ្នក​គ្មាន​ដី​ទើប​នាំ​គ្នា​មក​កាប់ឆ្ការ​យក​ដី​ដោយសារ​ដី​តំបន់​នោះ​នៅ​ទំនេរ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​កំពង់ចាម អ្នកស្រី ធន សុផល បញ្ជាក់​ថា ពួកគាត់​សុទ្ធសឹងតែ​ជា​អ្នក​ក្រីក្រ​មក​ពី​ខេត្ត​ផ្សេងៗ​គ្នា បច្ចុប្បន្ន​ខ្លះ​កំពុង​ធ្វើ​កម្មករ​នៅ​តាម​ការដ្ឋាន​ចំការ​កៅស៊ូ​ក្រុមហ៊ុន ខ្លះ​ទៀត​ស៊ី​ឈ្នួល​នៅ​តាម​ចំការ​គ្រួសារ​របស់​អ្នក​ភូមិ។ ពួកគាត់​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ខេត្ត​រតនគិរី ដោយសារ​នៅ​ស្រុក​កំណើត​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ទើប​នាំ​គ្នា​មក​ធ្វើ​កម្មករ​នៅ​ខេត្ត​រតនគិរី ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

អ្នកស្រី​សុំ​ការ​អនុគ្រោះ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​ស្នើសុំ​អាជ្ញាធរ​​ខេត្ត​ផ្ដល់​ដី​មួយ​ចំណែក​តូច​សម្រាប់​តាំង​លំនៅ​ធ្វើ​ជម្រក​ចិញ្ចឹម​កូន​នៅ​ក្នុង​បន្ទុក​ចំនួន ៩​នាក់៖ «ឲ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​រស់​នៅ​ថា កន្លែង​ណា​ដែល​រដ្ឋ​អធ្យាស្រ័យ​បាន​ឲ្យ​លោក​អនុគ្រោះ​ឲ្យ​កូន​​ចៅ​ផង ព្រោះ​កូនចៅ​សុទ្ធតែ​អ្នក​ក្រីក្រ។ប្អូន​សុំ​នៅ​ត្រង់​ហ្នឹង​ដែរ តែ​លោក​មេភូមិ​គាត់​ថា ដី​ហ្នឹង​​ដី​បម្រុង​ទេ គេ​មិន​ឲ្យ​ប្រជាជន​នៅ​ទេ»

​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​ទើប​ធ្វើ​រោង​ប្រក់​កៅស៊ូ​បាន​បី​ទៅ​បួន​រោង​តែប៉ុណ្ណោះ ក្រៅ​ពី​នោះ​អ្នក​ខ្លះ​បាន​កាប់ឆ្ការ​ព្រៃ​យក​ចំណែក​ដី​គ្រោង​សង់​រោង​ស្នាក់ និង​ខ្លះ​ទៀត​កំពុង​ភ្ជួរ​រាស់​ធ្វើ​​​ស្រែ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​បញ្ជាក់​ថា បាន​ធ្វើ​លិខិត​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ដាក់​ជូន​អាជ្ញាធរ​ស្រុក​កូន​មុំ​ជួយ​ផ្ដល់​ដី​ឲ្យ​ពួកគាត់​បាន​សង់​ខ្ទម​រស់​នៅ ក៏​ប៉ុន្តែ​លិខិត​ស្នើ​សុំ​នោះ​គ្មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​កំណើត​គាត់​នោះ​ឡើយ។

អធិការ​ប៉ូលិស​ស្រុក​កូនមុំ លោក ភោគ បូរិទ្ធ មាន​ប្រសាសន៍​ថា គោលការណ៍​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តាំង​លំនៅ​ទីនោះ​បាន​ទេ ពីព្រោះ​តំបន់​នោះ​ជា​ដី​ព្រៃ​បម្រុង​ទុក​របស់​អាជ្ញាធរ​ខេត្ត។ លោក​ថា អាជ្ញាធរ​ស្រុក​កំពុង​អញ្ជើញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ទាំង​នោះ​មក​សាក​សួរ​បន្ត ដើម្បី​រក​មូលហេតុ​នាំ​ឲ្យ​ពួកគាត់​មក​កាប់​ឆ្ការព្រៃ​រដ្ឋ​ចាប់​យក​ដី​នេះ៖ «គាត់​កាប់​ព្រៃ​តាម​បណ្ដោយ​ផ្លូវ​ចាស់​ដី​ហ្នឹង​វា​ស្មើ​ជាង ៣០​ហិកតារ គាត់​មក​ធ្វើ​ជា​រោង​យក​កូន​ឈើ ធ្វើ​រោង​ប្រក់​តង់​នៅ។ ក្រៅ​ពី​ហៅ​គាត់​មក​សួរ​នាំ និង​បង្អាក់​គាត់​ឲ្យ​ឈប់​បន្ត​សកម្មភាព​អត់​ទាន់​មាន​វិធានការ​អ្វី​ទាំង​អស់»

ចំណែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កូនមុំ បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ចំណាកស្រុក​ទាំង​នោះ​កំពុង​ភ័យខ្លាច ខណៈ​អាជ្ញាធរ​អញ្ជើញ​ពួកគាត់​មក​សាកសួរ​ពី​ករណី​តាំង​​លំនៅ​នេះ។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​សង្ស័យ​មាន​មេខ្លោង​ដឹកនាំ​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ចាប់​​ដី​នេះ៖ «ហៅ​មក​បំភ្លឺ​សួរ​រក​មេខ្លោង​អ្នក​បង្ក​បញ្ហា ប៉ុន្តែ​សួរ​រក​អត់​ទាន់​ឃើញ ជា​ចេតនា​របស់​ប្រជាពលរដ្ឋ រួម​គំនិត​គ្នា។ ពួក​កំពង់ចាម ព្រៃវែង។ យើង​ធ្វើ​លិខិត​អញ្ជើញ​មុន​ដំបូង​គាត់​ចង់​ចូល​ខ្លួន ឥឡូវ​បិត​ទូរស័ព្ទ​អស់»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ដី​រដ្ឋ​កើត​មាន​ជា​បន្តបន្ទាប់ ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​ជឿ​តាម​មេខ្លោង​ស្វែង​រក​ផលប្រយោជន៍​ពី​ការ​ចូល​កាន់កាប់​ដី​របស់​ប្រជាពលរដ្ឋ។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​គ្មាន​ដី​ពិត​ប្រាកដ​ឲ្យ​បំពេញ​បែបបទ​ស្នើសុំ​ដី​សម្បទាន​សង្គម​ដោយ​ធ្វើ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​នៅ​ភូមិ​កំណើត​របស់​ខ្លួន​អំពី​ភាព​ក្រីក្រ និង​​គ្មាន​ដី​ពិត​ប្រាកដ រួម​ទាំង​ធ្វើ​លិខិត​ផ្លាស់​ទីលំនៅ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​រតនគិរី ដើម្បី​សុំ​គោលការណ៍​​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច៖ «អាជ្ញាធរ​ខេត្ត​អាច​មាន​វិធានការ​ដោះស្រាយ​ហើយ ព្រោះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ត្រូវ​តែ​ដោះស្រាយ តែ​ដោះស្រាយ​ចំពោះ​គ្រួសារ​ណា​ដែល​អត់​ដី​ពិត​ប្រាកដ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​កូនមុំ លោក ឈឿន ចាន់ធាង បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​កំពុង​ចាត់​មន្ត្រី​ណែនាំ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​ឲ្យ​យល់​ដឹង​ពី​ភាព​ផ្ទុយ​ច្បាប់​ក្នុង​ការ​ចូល​មក​តាំង​លំនៅ​លើ​ដី​រដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត។ លោក​ថា នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រសិន​​ប្រជាពលរដ្ឋ​មិន​ព្រម​ចាកចេញ៖ «អត់​មាន​អនុញ្ញាត​ទេ យើង​មិន​ឲ្យ យើង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បើ​សិន​រឹង​ទទឹង។ តែ​ឥឡូវ​ឲ្យ​ធ្វើ​ស្រែ​សិន​ទៅ យើង​មិន​ទាន់​ធ្វើ​ក្ដៅ​ទេ យក​មេខ្លោង​ឲ្យ​អស់​សិន»

​ដី​ត្រៀម​បម្រុង​ដែល​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ចូល​ទៅ​តាំង​លំនៅ​មាន​ទំហំ​ជាង ៣០០​ហិកតារ ជា​ប្រភេទ​ដី​ព្រៃ​របោះ។ មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​កូនមុំ ឲ្យ​ដឹង​ថា ដី​នេះ​អាជ្ញាធរ​ខេត្ត​រក្សា​ទុក​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម មិន​មែន​ជា​ដី​សម្បទាន​សង្គមកិច្ច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។