សមុទ្រ​ចិន​ខាងត្បូង​៖ ចិន ធ្វើ​សមយុទ្ធ​យោធា មុនពេល​តុលាការ​ប្រកាស​សាលក្រម​ និពន្ធដោយ : ទេព អ៊ីវិសាល       July-03-2016, 12:48 pm         13

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមុទ្រ​ចិន​ខាងត្បូង​៖ ចិន ធ្វើ​សមយុទ្ធ​យោធា មុនពេល​តុលាការ​ប្រកាស​សាលក្រម​នៅសល់​ពេល​មិន​ច្រើន​ថ្ងៃ​ទៀត​ទេ តុលាការអន្តរជាតិ​ក្រុងឡាអេ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​ហើយ​។ ក្រុង​ប៉េកាំង​ដែល​តែងតែ​ប្រកាស​មិន​ខ្វល់ខ្វាយ​ពី​សេចក្តីសម្រេច​នោះ បានប្រកាស ថា​ខ្លួន នឹងធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​នៅក្បែរ តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​ចិន នៅ​ថ្ងៃទី​០៣ ខែកក្កដា​នេះ បានប្រកាស​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹងធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​តំបន់​ជម្លោះ​កោះ​ប៉ា​រ៉ា​សែ​ល (Paracel Islands) នៃ​សមុទ្រ​ចិន​ខាងត្បូង​។ តាម​គម្រោង​នេះ សមយុទ្ធ​យោធា នឹងធ្វើ​ឡើង​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​គេ​រំពឹងថា​នឹងមាន​និន្នាការ​ប្រឆាំង​ចិន​ច្រើន​នោះ​។

តាមរយៈ​សេចក្តីថ្លែងការណ៍​អន​ឡាញ រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​ចិន បាន​បញ្ជាក់ថា សមយុទ្ធ នឹងត្រូវ​ធ្វើឡើង​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា​ខាងមុខនេះ ហើយ​សមយុទ្ធ​នេះ ក៏​នឹង​គ្របដណ្តប់​ពី​ភាគ​ខាងកើត​នៃ​កោះ Hainan របស់​ចិន រហូតដល់​តំបន់​ក្បែរ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា នាវា​ផ្សេងៗ នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ដែនទឹក នោះទេ ក្នុងអំឡុងពេល​នៃ​ការធ្វើ​សមយុទ្ធ​នោះ​។

សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​លើ​បណ្តុំ​កោះធំ​ពីរ គឺ​បណ្តុំ​កោះ​ស្ព្រា​ត​លី (Spratly Islands) និង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល មាន​ភាគី​ទាមទារ​ដូចជា​វៀតណាម តៃវ៉ាន់ និង​ចិន​។ ភាគី​ជម្លោះ​ទាំងអស់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង​ចិន​។​

សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា ខាងមុខនេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​សាលក្រម​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ហើយ​។ បើទោះបីជា​លទ្ធផល​មិនដឹងថា​ភាគី​ណា ឈ្នះ​ក៏ដោយ មតិ​ភាគច្រើន មើលឃើញថា ហ្វីលីពីន អាចមាន​ប្រៀប​ច្រើនជាង​ក្នុង​នីតិវិធី​ច្បាប់​ជា​លក្ខណៈ​ឯកតោភាគី​មួយ​នេះ​។
 
ចិន ក្រៅពី​បាន​បដិសេធ​មិន​ចូលរួម​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​នោះ ជារឿយៗ​ក៏បាន​ប្រកាស​ដែរ​ថា មិន​ទទួលស្គាល់​លើ​សេចក្តីសម្រេច​នោះឡើយ​ដោយ​។ ក្នុងនោះ ក្រុង​ប៉េកាំង បាន​ចោទថា សាលាក្តី​នោះ មិនមាន​យុត្តាធិការ​ដោះស្រាយ​។ ហើយ​អ្វីដែល​ចិន នឹង​ស្វាគមន៍​ជម្លោះ​ការដោះស្រាយ​ជម្លោះ​អធិបតេយ្យ​ដ៏​ចម្រូងចម្រាស​មួយ​នេះ នោះ​គឺ ការចរចា និង​ពិគ្រោះ​យោបល់​ទ្វេភាគី​៕