អ​តុល្យភាព​នៃ​ទីផ្សារ​អចលនទ្រព្យ នាំ​ឱ្យ​ការ​អភិវឌ្ឍ​ជួប​បញ្ហា​ព្រួយបារម្ភ

ប្រទេស​វៀតណាម ៖ ថ្មី​ៗ​នេះ ស្នូរ​ជួង​ត្រូវ​បាន​បន្លឺ​ឡើង ដោយសារ​អ​តុល្យភាព​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​ផ្នែក​អចលនទ្រព្យ ។
យោង​តាម​នាយកដ្ឋាន​សំណង់ និង​លំនៅ​ឋាន និង​ការ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ បានឱ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​អាច​នឹង​ជួប​បញ្ហា​ខាង​ផ្គត់ផ្គង់​លំនៅ​ឋាន និង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅ​ចុងឆ្នាំ​២០១៦ ។

បើ​ទោះបីជា​ទីផ្សារ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ស្ថិរភាព​ក្ដី តែ​នេះ​ជា​ក្តី​បារម្ភ​មួយ ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភាគច្រើន ចង់​ទិញ​តែ​ផ្ទះល្វែង​ទំហំ​តូច​ល្មម ឬ​មធ្យម ប៉ុណ្ណោះ។

ជាង​នេះ​ទៀត កំណើន​ថ្មី​ៗ​នៃ​វិនិយោគិន​បន្ទាប់បន្សំ ដែល​ទិញ​ផ្ទះ​សម្រាប់​ជួល​បន្ត ឧទាហរណ៍ សកម្មភាព​ទាំងនោះ​អាច​បង្ក​ភាព​ច្របូកច្របល់​នៃ​ការ​រំពឹង​ទុក ដែល​គំរាម​កំហែង​​ដល់​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ ។

សមាគម​អចលនទ្រព្យ​វៀតណាម​បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​មិនឃើញ​មាន​គម្រោង​លំនៅ​ឋាន​ថ្មី​ៗ​ទេ អំឡុង​ពេល​ពាក់កណ្តាល​ឆ្នាំ​នេះ ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​តម្លៃ​លំនៅ​ឋាន​មានការ​កើនឡើង ។

តម្លៃ​ផ្ទះ​ដែល​បាន​សាងសង់​រួចរាល់ ឬ​គម្រោង​ខ្លះ​នឹង​បញ្ចប់​នា​ពេល​ឆាប់​ៗ​នៅ​ទីក្រុង​ហាណូយ បាន​កើនឡើង​ពី​៣%​ទៅ​៥% ខុស​ប្លែក​ពី​ឆ្នាំ​មុន ។ ស្ថិតិ​នៃ​នាយកដ្ឋាន​សំណង់​នៅ​ទីក្រុង​នេះ បាន​បង្ហាញ​ពី​តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​នីមួយ​ៗ​បាន​កើនឡើង​ពី​១% ទៅ​២% ។

យោង​តាម​សមាគម​អចលនទ្រព្យ​ក្រុង​ហូ​ជី​មិ​ញ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​តម្លៃ​លំនៅ​ឋាន​នៅ​ជាយក្រុង​នៅ​តែ​មាន​ស្ថិរភាព​ដដែល ស្រប​ពេល​ដែល​តម្លៃ​លំនៅ​ឋាន​ក្នុង​ក្រុង​មានការ​កើនឡើង​ដល់​១៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។

យ៉ាងណាមិញ ថ្មី​ៗ​នេះ​ប្រតិបត្តិការ​ទាំងនោះ​នៅ​តែ​ថេរ​ដដែល​ចំពោះ​ទីក្រុង​ធំ​ៗ២ ដែល​បាន​ផ្គត់ផ្គង់​លំនៅ​ឋាន​ច្រើន​ជាងគេ ។

ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អចលនទ្រព្យ ក៏​បាន​ថយ​ចុះ​នា​ពាក់កណ្តាល​ឆ្នាំ​នេះ ខណៈ​ដែល​ចំនួន​ស្តុក​នានា​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន រួម​ជាមួយនឹង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ។ ស្ថិតិ​របស់​ក្រសួង​បាន​បង្ហាញ​ថា តម្លៃ​នៃ​ស្តុក​អចលនទ្រព្យ​ធ្លាក់​ចុះ​១៣,៤​ទ្រី​លាន​ដុ​ង (៥៩៩​លាន​ដុល្លារ​) អំឡុង​ពេល​៦​ខែ​មុន ដែល​នាំ​ឱ្យ​តម្លៃ​នៃ​ស្តុក​ឡើង​ដល់​៣៧,៥​ទ្រី​លាន​ដុ​ង នៅ​ចុងខែ​មិថុនា តែ​តិច​ជាង​នៃ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ចំនួន ១,៩៣​ទ្រី​លាន​ដុ​ង ។

ភាព​ខុស​គ្នា​នៃ​ការ​ធ្លាក់​ចុះ​នេះ ថ្មី​ៗ​នេះ​ក្រសួង​សំណង់​បាន​ស្នើ​ទៅ​ទីក្រុង​ទាំង​២​ខាងលើ​ឱ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​តម្រូវការ​លំនៅ​ឋាន មុន​ពេល​អនុវត្តន៍​គម្រោង​លំនៅ​ឋាន​នានា ដើម្បី​ធានា​បាន​នូវ​តុល្យភាព​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ព្រមទាំង​ដើម្បី​ស្ថិរភាព​ទីផ្សារ ។

ក្នុង​កិច្ច​ខំប្រឹង​ប្រែង​ផ្សេង​ទៀត ដើម្បី​ធានា​បាន​នូវ​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ក្រសួង​សំណង់​បាន​ស្នើ​ទៅ​តំបន់​នានា​ឱ្យ​ឆាប់​រៀបចំ​ផែន​អភិវឌ្ឍន៍​លំនៅ​ឋាន​សម​ស្រប​ទៅ​តាម​ច្បាប់​លំនៅ​ឋាន ទើប​រដ្ឋ​អាច​ផ្តល់​ជូន​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង​លំនៅ​ឋាន​នានា​បាន ។

អនុប្រធាន​នៃ​គណៈប្រតិភូ​រដ្ឋសភា​ទីក្រុង​ហូ​ជី​មិ​ញ លោក Tran Du Lich មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​តម្លៃ​ដី ។ ដី​មាន​តម្លៃ​ថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​វិនិយោគិន​មិន​ហ៊ាន​បោះទុន​លើ​គម្រោង​លំនៅ​ឋាន ។ មួយវិញទៀត ការ​អភិវឌ្ឍ​លំនៅ​ឋាន​ត្រូវ​តែ​សម​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ៕