តម្លៃ​លុយ​ផោន​ធ្លាក់​ចុះ អាច​ធ្វើ​ឱ្យ​តម្រូវការ​អចលនទ្រព្យ​នៅ​អង់គ្លេស​កើនឡើង

ប្រទេស​ថៃ ៖ ក្រុម​ទីប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ​ថៃ បាន​និយាយ​ថា តម្រូវការ​បញ្ជា​ទិញ​របស់​ថៃ​ចំពោះ​អចលនទ្រព្យ​អង់គ្លេស នឹង​នៅ​តែ​បន្ត​កើនឡើង មិន​ខ្វល់​ថា​អង់គ្លេស​ចាកចេញ ឬ​មិន​ចាក​ចេញពី​សហភាព​អឺរ៉ុប​នោះ​ទេ ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ Knight Frank Chartered (​ថៃ​) លោក Phanom Kanjanathiemthao បាន​លើក​ឡើង​ថា ៖ « សេណា​រី​យ៉ូ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​អាច​ប៉ះពាល់​ទីផ្សារ​ក្នុង​រយៈពេល​ខ្លី ដោយ​គ្មាន​ជះ​ឥទ្ធិពល​អាក្រក់​អ្វី​លើ​តម្លៃ​អចលនទ្រព្យ​ឡើយ » ។

លោក Phanom បន្ថែម​ថា ការ​វិនិយោគ​បាន​កើនឡើង ព្រមទាំង​ការ​ជួល​លំនៅ​ឋាន​មានការ​កើនឡើង​ច្រើន​ស្មើនឹង​អត្រា​១០%​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​បន្ត​កើន​នៅ​ទីក្រុង​ឡុ​ង​ដ៍​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ថៃ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អចលនទ្រព្យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ។

ទោះបី​យ៉ាងណា ទីផ្សារ​អចលនទ្រព្យ​ហាក់ដូចជា​គាំង​ស្ទះ​បន្ដិចបន្ដួច​ដែរ ស្រប​ពេល​ដែល​អ្នកទិញ និង​អ្នកលក់​រង់ចាំ​មើល​ស្ថានភាព ជាក់ស្ដែង ។​   

លោក Phanom បាន​ថ្លែង​ថា ៖ « ទីផ្សារ​កំពុង​មាន​ភាព​ទន់​ទោរ​បន្តិច ប៉ុន្តែ​មិន​មាន​ន័យ​ថា ធ្លាក់​តម្លៃ​នោះ​ទេ ។ ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ចាកចេញ​របស់​អង់គ្លេស អាច​នឹង​ធ្វើ​ឱ្យ​លុយ​ផោន​ធ្លាក់​ចុះ ដែល​ជា​ឱកាសល្អ​មួយ​សម្រាប់​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស ដើម្បី​ទទួល​បាន​តម្លៃ​ទាប​ពី​ការ​ធ្លាក់​ថ្លៃ​នេះ » ។

ប្រធាន​ការ​ស្រាវជ្រាវ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​កមក​ពី​ក្រុមហ៊ុន Knight Frank លោក Nicholas Holt បាន​និយាយ​ថា ស្ថានភាព​នា​ពេល​នេះ​ប្រហាក់ប្រហែល​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ចៅហ្វាយ​ក្រុង​ឡុ​ង​ដ៍​អីចឹង​ដែរ ដែល​គ្រានោះ​សកម្មភាព​ទីផ្សារ​អចលនទ្រព្យ​បាន​គាំង​ស្ទះ​អស់​មួយ​រយៈ ។

លោក Holt បាន​លើក​ឡើង​ថា ៖ « ប្រសិនបើ​អង់គ្លេស​នៅ​តែ​ជា​ប្រទេស​សម្ព័ន្ធ​សហភាព​អឺរ៉ុប​ដដែល​នោះ​សកម្មភាព​នានា​នឹង​មាន​ឡើង​វិញ ។ តែ​ប្រសិនបើ​អង់គ្លេស​ចាកចេញ នោះ​លុយ​ផោន​នឹង​ធ្លាក់​ចុះ​ពី​១៥% ទៅ​២០%​ជា​មិន​ខាន » ។

ក្នុង​ករណី​នេះ លោក Phanom បាន​និយាយ​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​នៃ​លុយ​ផោន​អាច​បង្កើន​តម្រូវការ​អចលនទ្រព្យ​នៅ​ចក្រភព​អង់គ្លេស ក្នុង​ចំណោម​វិនិយោគិន​បរទេស និង​អ្នកបញ្ជា​ទិញ ថែម​ទាំង​អាច​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​កើនឡើង​ទៀត​ផង ។

យោង​តាម​ក្រុមហ៊ុន Knight Frank, Savills និង Jones Lang LaSalle ban បានឱ្យ​ដឹង​ថា អចលនទ្រព្យ​អង់គ្លេស​នឹង​នៅ​តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នកមាន​ជា​ច្រើន​នាក់ ។ គេ​រំពឹង​ថា តម្លៃ​លំនៅ​ឋាន​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ អាច​នឹង​កើន​ពី​១៩% ទៅ​២១% ក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០២០ ។ រីឯ​ចំពោះ​តម្លៃ​អចលនទ្រព្យ​នៅ​ក្រៅ​ទីក្រុង​ឡុ​ង​ដ៍​វិញ អាច​នឹង​កើន​ពី​១៨% ទៅ​២២% ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប្រជាជន​ថៃ​បាន​ទិញ​អចលនទ្រព្យ​អង់គ្លេស​យ៉ាងច្រើន ជា​ពិសេស គឺ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ក្នុង​នោះ​ច្រើន​ជាង​៨០%​នៃ​អចលនទ្រព្យ​ទាំងនោះ គឺ​ទិញ​សម្រាប់​ឱ្យ​កូន​ពួក​គេ​ស្នាក់​នៅ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ ។

យោង​តាម​របាយការណ៍​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន Knight Frank ឆ្នាំ​២០១៦ បានឱ្យ​ដឹង​ថា ការ​វិនិយោគ​នៅ​ក្រៅប្រទេស​របស់​ថៃ បាន​កើនឡើង​ពី​១,០៥៤% ស្មើនឹង​៧៦​ប៊ី​លាន​ដុល្លារ ចន្លោះ​ឆ្នាំ​២០០៥ ទៅ​២០១៥ ដែល​ជាប់​លេខ​២ បន្ទាប់​ពី​កំណើន​ប្រទេស​ចិន កើន​ដល់​១,៤៧១% ស្មើនឹង​១​ទ្រី​លាន​ដុល្លារ ។

ចំនួន​ប្រជាជន​ថៃ​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​ជាមួយនឹង​ការ​កើនឡើង​ទ្រព្យសម្បត្តិ​ច្រើន​ជាង ៣០​លាន​ដុល្លារ ពោល​គឺ​កើន​១៣៥% ស្មើនឹង ៥៧២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ដែល​កើនឡើង​ពី​២៤៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០០៥ ។

កំណើន​មហាសេដ្ឋី​ថៃ​ខ្ពស់​ជាង​មធ្យមភាគ​នៅ​អាស៊ី ១៣៤% ។ អាស៊ី​ត្រូវ​បាន​ចាត់ជា​តំបន់​ធំ​ជាងគេ​ទី​២​នៃ​កំណើន បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី និង​បណ្តា​ប្រទេស​ធំ​ៗ​ដទៃ​ទៀត ។
ប្រជាជន​ថៃ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​១​ប៊ី​លាន​ដុល្លារ សរុប​ចំនួន​៩​នាក់​នៅ​ឆ្នាំ​២០១៥ កើនឡើង​ពី​៤​នាក់​កាលពី​ឆ្នាំ​២០០៥ ហើយ​តួលេខ​នេះ​គេ​រំពឹង​ថា នឹង​កើនឡើង​ទៅ​១៦​នាក់​នៅ​ឆ្នាំ​២០២៥ ខណៈ​ប្រជាជន​ដែល​មានទ្រព្យ​សម្បត្តិ​១​លាន​ដុល្លារ​ចំនួន​២០.៧០០​នាក់ បាន​កើន​ពី​៨.៨០០​នាក់​កាលពី​ឆ្នាំ​២០០៥ ។

កាលពី​ឆ្នាំ​មុន ទីក្រុង Vancouver ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ជាប់​ជាទី​ក្រុង​ដែល​មាន​កំណើន​ខ្ពស់​ជាងគេ​នៅ​ក្នុង​ស​ន្ទ​ស្សន៍​លំនៅ​ឋាន​ជាមួយនឹង​ការ​កើនឡើង​២៤,៥% បន្ទាប់​មក​ទីក្រុង Sydney (១៤,៨%) និង Istanbul (១៣,៥%) ។ រីឯ​ទីក្រុង​បាងកក និង​ភូ​កេ​ត ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៥ និង​៣៥ ជាមួយនឹង​កំណើន​ពី​៦,៣% និង​៤,១% នៃ​ទីក្រុង​ទាំង​ពីរ​។

នៅ​តំបន់​អាស៊ី ទីក្រុង​បាងកក ស្ថិត​នៅ​លេខ​២ បន្ទាប់​ពី​ទីក្រុង​សៀង​ហៃ (១៤,១%) ៕