ផ្អើលពេញFacebook ករណីកម្លាំងនគរបាលខេត្តកោះកុង ចាប់រថយន្តដឹកផ្លែចេក សង្ស័យបង្កប់ឈើ​ក្រញូងពីក្រោម តែក្រោយរើ​អត់ឃើញឈើ(មានវីដេអូ)

(កោះកុង)៖ រយៈពេលប៉ុន្មានថ្ងៃនេះតាមបណ្តាញសង្គម Facebook មានការចែករំលែកព័ត៌មានតៗគ្នា ករណីកម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកោះកុង ឃាត់រថយន្តមួយគ្រឿង ដឹកផ្លែចេកដោយសង្ស័យបង្កប់ឈើក្រញូងពីក្រោម ស្រាប់តែក្រោយការរុះរើផ្លែចេករួច មិនឃើញឈើទាល់តែសោះ បានធ្វើឲ្យម្ចាស់រថយន្តស្រែកទាមទាររកយុត្តិធម៌ពីថ្នាក់ដឹកនាំ ពីព្រោះបានធ្វើឲ្យចេកខូចខាត នាំឲ្យលក់មិនដាច់ ខណ:ដែលដើមទន់ទិញចេក ត្រូវខ្ចីពីធនាគារ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកោះកុង បានចេញមកបញ្ជាក់ដោយហេតុផលថា ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកចេកខាងលើនេះ បានធ្វើឡើង ពីគណ:កម្មការ ដឹកនាំដោះព្រះរាជអាជ្ញាទៀតផង ហើយរាល់ការលើកដាក់នោះ គឺសមត្ថកិច្ចជាអ្នកដោះស្រាយ។

ករណីចោទគ្នាទៅវិញទៅមករវាងអ្នករកសីុលក់ចេក និងសមត្ថកិច្ចខេត្តកោះកុង បានកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅស្រុកមណ្ឌលសីមា ជាប់ព្រំប្រទល់ស្រុកវាលវែង ខេត្តពោធិសាត់។

លោក សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ជាម្ចាស់រថយន្តដឹកចេក បានស្រែកទ្រហោយំប្រាប់ក្រុមអ្នកកាសែតថា លោករកសីុតែដឹកចេកទេ គ្មានទៅរកសីុដឹកឈើដូចគេថានោះឡើយ ហើយឥឡូវចេកជាង២ពាន់ស្និត ត្រូវខូចខាតដោយសារសមត្ថកិច្ចរុុះរើចេញពីរថយន្ត ដែលត្រូវប្រឈមការខាតយ៉ាងច្រើន ដោយសារតែគ្មានម៉ូយទិញបន្តទៀត ដូច្នេះសូមអំពាវដល់ថ្នាក់ដឹកនាំជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ឲ្យផង។

ស្រ្តីជាភរិយា បានថ្លែងថា មុននឹងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តដោយសង្ស័យថា មានលួចដឹកឈើពីក្រោមនោះ សូមសើុបឲ្យបានច្បាស់ កុុចាប់អ្នករកសីុត្រឹមត្រូវ ហើយឲ្យអ្នករកសីុទុច្ចរិតទៅបាត់នោះទេ។

យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់ការិយាល័យកណ្តាលប្រឆាំងបទល្មើស ខេត្តកោះកុង បានបញ្ជាក់ថា ដោយមានប្រជាពលរដ្ឋ រាយការណ៍ ផ្តល់ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោសាត់ មកខេត្តកោះកុងនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

របាយការណ៍បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់លោកស្នងការ និងលោក ព្រះរាជអាជ្ញា ទើបឲ្យកម្លាំងការពាររង់ចាំព្រឹក បង្កើតគណ:កម្មការធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ ដឹកនាំដោយ លោក អីុវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង ខេត្តកោះកុង។

ប៉ុន្តែ ជាលទ្ធផលមិនមានឈើក្រញីង ទេ ហើយក៏ធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វី្វទាំងអស់ ហើយរាល់ការចំណាយ ថ្លៃកម្មករលើកចុះ ឡើងនគរបាលជាអ្នកដោះស្រាយ។

ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជាក់ថា អ្នករកសីដឹកចេក មិនសូវមានការសហការ ជាមួយសមត្ថកិច្ចនោះទេ ហើយនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ម្ចាស់ចេក បានមកទទួលផ្លែចេកទៅវិញហើយ។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើលពេញFacebook ករណីកម្លាំងនគរបាលខេត្តកោះកុង ចាប់រថយន្តដឹកផ្លែចេក សង្ស័យបង្កប់ឈើ​ក្រញូងពីក្រោម តែក្រោយរើ​អត់ឃើញឈើ(មានវីដេអូ)