មេ​ប៉ុស្តិ៍​កោះ​កាពិ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន

មេ​ប៉ុស្តិ៍​កោះ​កាពិ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន



កោះកុង ​៖​ មេ​ប៉ុស្តិ៍​កោះ​កាពិ នៃ​ស្រុក​កោះកុង ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា បាន​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ស្ទើរតែ​គ្រប់​ប្រភេទ ដូចជា​បៀ អាប៉ោង ដោយ​មិន​មាន​ការ​បង្ក្រាប​ឡើយ ហើយ​ថែមទាំង​ឃុបឃិត​ទៀត។

ប្រជាពលរដ្ឋ​បាន​ចោទ​ចំៗ​ថា មេ​ប៉ុស្តិ៍​កោះ​កាពិ គឺ​លោក ហេង សំអឿន ហៅ​អូន រាល់ថ្ងៃ​គឺ​តែងតែ​ទៅ​ប្រមូល​លុយ​ពី​ក្រុម​អ្នកលេង​ទាំងនោះ ដោយ​មេអាប៉ោង​ម្នាក់​១០​ម៉ឺន​រៀល និង​ជួល​ចាន​អាប៉ោង​សម្រាប់​បាញ់​៥​ម៉ឺន​រៀល​ថែមទៀត​។ មានពេលខ្លះ មេ​ប៉ុស្តិ៍​រូបនេះ ក៏​ថែមទាំង​អង្គុយ​ចាំ​ស៊ីសង​លុយ​ជាមួយ​ក្រុម​មេអាប៉ោង​ទាំងនោះ​ផងដែរ ដោយ​មិនបាន​គិត​ពី​គោលនយោបាយ​ភូមិ​មាន​សុវត្ថិភាព ដែល​ខ្លួន​ជា​អ្នក​អនុវត្ត​នោះឡើយ។

ជុំវិញ​ការចោទប្រកាន់​នេះ លោក ហេង សំអឿន មេ​ប៉ុស្តិ៍​កោះ​កាពិ​បាន​ថ្លែង​ដោយ​ទទួល​ស្គាល់ថា ការលេង​ល្បែង​អាប៉ោង​នេះ គឺមាន​មែន តែ​លេង​នៅពេលដែល​មានបុណ្យ​ទាន​ម្តងៗ​ប៉ុណ្ណោះ ហើយ​ការលេង​នោះ គឺ​គេ​លេង​តូចតាច​បួន​ប្រាំ​រយ ឬមួយ​ពាន់​រៀល​តែប៉ុណ្ណោះ ហើយ​បើ​ល្បែងស៊ីសង​បៀ​វិញ គឺ​លេង​រាល់ថ្ងៃ​មែន តែ​ជាល​ក្ខណៈ​គ្រួសារ​នោះទេ​។

លោក ស៊ុន ឃៀ​ម អធិការ​ស្រុក​កោះកុង​វិញ​បាន​មានប្រសាសន៍ថា រឿង​ល្បែងស៊ីសង​អាប៉ោង​ដែល​ប្រជាពលរដ្ឋ​លើកឡើង​នោះ លោក​ពុំ​បានដឹង​ទេ តែ​កន្លងមក​លោក​តែងតែ​ចុះទៅ​ធ្វើការ​ណែនាំ​អំពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​​​ដូច​ជា​ថ្នាក់ដឹកនាំ​តែងតែបាន​ដាស់តឿន​ជារឿយៗ ហើយ​ប្រសិនបើ​មាន​ការលែង​ល្បែងស៊ីសង​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មែន​នោះ លោក​នឹង​ចាត់​ឲ្យ​កម្លាំង​របស់​លោក​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ៕

មេ​ប៉ុស្តិ៍​កោះ​កាពិ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន

មេ​ប៉ុស្តិ៍​កោះ​កាពិ​ឃុបឃិត​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន