20​នាក់​ស្លាប់​ភាគច្រើន​ជា​ជនបរទេស​ក្នុង​ការ​ចាប់​ចំណាប់ខ្មាំង​នៅ​បង់​ក្លា​ដែ​ស​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ពួក​ជនប្រដាប់អាវុធ​បាន​សម្លាប់​ចំណាប់ខ្មាំង​២០​នាក់​ភាគច្រើន​ជា​ជនជាតិ​អីុ​តា​លី និង​ជប៉ុន​ដែល​ពួក​គេ​ត្រូវ​សម្លាប់ ពិសេស​ដោយ​កាំបិត​ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​ក្រុង​ដាក់​កា រដ្ឋធានី​ប្រទេស​បង់​ក្លា​ដែ​ស មុន​ពេល​កងកម្លាំង​សន្តិសុខ​បញ្ចប់​សោកនាដកម្ម​នេះ​នា​ថ្ងៃ​ទី​២ កក្កដា ។

ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្តាល​ឱ្យ​ស្លាប់​ជនជាតិ​អីុតា​លី​១០​នាក់ ជនជាតិ​ជប៉ុន​៧​នាក់ និង​ជនជាតិ​អា​េ​ម​រិ​ក​ម្នាក់ ហើយ​ប៉ូលិស​បង់​ក្លា​ដែ​ស​២​នាក់​ក៏​ស្លាប់​ដែរ ។

ពួក​អ្នក​នៅ​រស់រាន​មានជីវិត​រៀបរាប់​ថា ពួក​អ្នក​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​បាន​បំបែក​ជនជាតិ​បង់​ក្លា​ដែ​ស និង​ជនជាតិ​បរទេស​ជា​ក្រុម​ដាច់​ដោយឡែក​ពី​គ្នា​មុន​ពេល​សម្លាប់​រង្គាល ដែល​ការ​ចាប់​ចំណាប់ខ្មាំង​នេះ​ត្រូវ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ជាមួយ​អន្តរាគមន៍​របស់​កងកម្លាំង​សន្តិសុខ ដែល​សម្លាប់​ពួក​អ្នក​វាយប្រហារ​៦​នាក់ ។

ថ្លែង​តាម​ទូរទស្សន៍​នា​វេលា​ល្ងាច នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី SHEIKH HASINA បាន​ស្នើ​ដល់​ពួក​ជ្រុលនិយម​ឱ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្នុង​នាម​សាសនា​ក្នុង​ប្រទេស​នេះ ដែល​មាន​អ្នក​កាត់​សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន​ក្រោយ​ការ​វាយប្រហារ​នេះ ដែល​កើត​មាន​ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ​ស្រាយ​បួស AID EL FITR ដែល​កំណត់​ពី​ការ​បញ្ចប់​បុណ្យ​រ៉ា​ម៉ា​ដាន ។ លោកស្រី​ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​២​ថ្ងៃ ។

ការ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​នេះ​ពុំ​ធ្លាប់​មាននៅ​ប្រទេស​បង់​ក្លា​ដែ​ស​កើត​មាន​បន្ទាប់​ពី​អំពើ​ហិង្សា​ជា​ច្រើន​ខែ​តាម​រយៈ​ការ​ធ្វើឃាត​បណ្តា​ប​ញ្ញ​វ័ន និង​បណ្តា​សមាជិក​ក្រុម​សាសនា​ទាំងឡាយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​រដ្ឋាភិបាល​បដិសេធ​ពី​វត្តមាន​ក្រុម​នេះ ក្នុង​ប្រទេស ។

ពេល​ធ្វើ​អន្តរាគមន៍​ក្នុង​ភោជនីយដ្ឋាន HOLEY ARTISAN BAKERY នោះ​និយម​ចូល​ដោយ​ពួក​ជនបរទេស និង​ពួក​អ្នកការទូត កងកម្លាំង​សន្តិសុខ បានឃើញ​ឆាក​នៃ​ការ​សម្លាប់​រង្គាល ។

លោក NAYEEM ASHFAQ CHOWDHURY អ្នកនាំពាក្យ​យោធា​បង់​ក្លា​ដែ​ស​និយាយ​ថា  យើង​ប្រទះ​ឃើញ​សាកសព​មនុស្ស​២០​នាក់ ។ មនុស្ស​ទាំងនេះ​ភាគច្រើន​ត្រូវ​សម្លាប់​យ៉ាង​សាហាវ​ដោយ​កាំបិត ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​នៃ​កង​យោធា​បង់​ក្លា​ដែ​ស​មួយ​រូប​នាគ្រា​ដំបូង​គូសបញ្ជាក់​ថា ជន​រង​គ្រោះ​ទាំងអស់​ជា​ជនបរទេស ក៏​ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​លើក​ឡើង​ថា ក៏​មាន​ជនជាតិ​បង់​ក្លា​ដែ​ស​ក្នុង​នោះ​ដែរ ។

អីុ​តា​លី​ប្រកាស​ពី​ការ​ស្លាប់​ជនជាតិ​ខ្លួន​៩​នាក់ ក្នុង​នោះ​មាន​បុរស​៤​នាក់ និង​នារី​៥​នាក់ ចំណែក​ម្នាក់​ទៀត​បាត់​ខ្លួន ។ ប្រទេស​ជប៉ុន​វិញ​រៀបរាប់​ពី​ជនជាតិ​ខ្លួន​៧​នាក់​ស្លាប់ ក្នុង​នោះ​មាន​បុរស​៥​នាក់ និង​នារី​២​នាក់ ដែល​រស់នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​មួយ ។ ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​ស្ថិត​ក្នុង​ភោជនីយដ្ឋាន​នេះ​ដែរ គេច​ផុត​ពី​ការ​ស្លាប់ ។

សហរដ្ឋ​អា​មេ​រិ​ក​រៀបរាប់​ពី​ការ​ស្លាប់​ជនជាតិ​ខ្លួន​ម្នាក់ ដោយ​ក្រសួងការបរទេស​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​នេះ ។ សាកលវិទ្យាល័យ EMORY រដ្ឋ​ច​ច​ជៀ ភាគ​អាគ្នេយ៍​សហរដ្ឋ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា និស្សិត​ខ្លួន​២​នាក់ ម្នាក់​ឈ្មោះ ABINTA KABIR និង​ម្នាក់​ទៀត​ឈ្មោះ FARAAZ HOSSAIN ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ប៉ុន្តែ​ពុំ​បញ្ជាក់​ពី​សញ្ជាតិ​ពួក​គេ​ឡើយ ។ ប្រទេស​ឥណ្ឌា​អះអាង​ពី​ការ​ស្លាប់​និស្សិត​ស្រី​ឥណ្ឌា​ម្នាក់​អាយុ​១៩​ឆ្នាំ ដែល​រៀន​នៅ​សាកលវិទ្យាល័យ BERKELEY រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។

ចំណាប់ខ្មាំង​យ៉ាងតិច​១៣​នាក់ ក្នុង​នោះ​មាន​ជនបរទេស​៣​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ដោយ​កង​កុំម៉ង់ដូ​ពេល​ធ្វើ​អន្តរាគមន៍ ។ ក្រៅពី​អ្នក​វាយប្រហារ​៦​នាក់ ដែល​ត្រូវ​សម្លាប់ ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ។

ពួក​អ្នក​វាយប្រហារ​បាន​លុក​ចូល​ក្នុង​ភោជនីយដ្ឋាន​នោះ​នា​ថ្ងៃ​ទី​១ កក្កដា វេលា​ម៉ោង​២១​យប់​ម៉ោង​ក្នុងស្រុក ដោយ​ស្រែក​ពាក្យ​ថា «​ព្រះ​អាល់​ឡា​ហ៍​ជា​ធំ​» រួច​បាញ់ប្រហារ ព្រមទាំង​ប្រើ​គ្រឿងផ្ទុះ ។

ទីភ្នាក់ងារ​ព័ត៌មាន AMAQ របស់​អង្គការ​ជី​ហា​ដ​និយាយ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​អ្នក​ប្រកាសទទួលខុសត្រូវ​ភ្លាម​ៗ​ចំពោះ​ការ​ចាប់​ចំណាប់ខ្មាំង​នេះ ។

ការ​ចាប់​ចំណាប់ខ្មាំង​នេះ​កើត​មាន​ក្រោយ​ការ​ធ្វើឃាត​មនុស្ស​ជា​បន្តបន្ទាប់ ។ នា​ថ្ងៃ​ទី​១ កក្កដា មនុស្ស​ម្នាក់​ក្នុង​ព្រះ​វិហារ​ហិណ្ឌូ​មួយ​ត្រូវ​បាន​សម្លាប់​ដោយ​ដាវ​នៅ​ភាគ​ខាងលិច​ប្រទេស ចំណែក​សង្ឃ​ហិណ្ឌូ​ម្នាក់​ត្រូវ​ចាក់​នឹង​កាំបិត​នា​ថ្ងៃ​ទី​២ កក្កដា នៅ​ភាគ​និរតី​ប្រទេស​ហើយ​រង​របួស​ធ្ងន់ធ្ងរ ។

អាជ្ញាធរ​បង់​ក្លា​ដែ​ស​កាលពី​ខែ​មុន​បាន​ធ្វើ​ប្រតិបត្តិការ​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រឆាំង​បណ្តា​ក្រុម​ជី​ហា​ដ​ក្នុងស្រុក ដោយ​ក្នុង​ប្រតិបត្តិការ​ទាំងនេះ​បាន​ចាប់ខ្លួន​មនុស្ស​ដល់​ទៅ​១១.០០០​នាក់ ៕